ខ្មែរប៉ុស្ដិ៍ Close

    អតីតប្រធានាធិបតីទីម័រខាងកើត កោតសរសើរថា សន្តិភាពនៅកម្ពុជាគឺជាសន្តិភាពពិតដែលជាគំរូដ៏ល្អសម្រាប់ប្រទេសដទៃទៀតនៅទូទាំងពិភពលោក

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 563
    អតីតប្រធានាធិបតីទីម័រខាងកើត កោតសរសើរថា សន្តិភាពនៅកម្ពុជាគឺជាសន្តិភាពពិតដែលជាគំរូដ៏ល្អសម្រាប់ប្រទេសដទៃទៀតនៅទូទាំងពិភពលោកអតីតប្រធានាធិបតីទីម័រខាងកើត កោតសរសើរថា សន្តិភាពនៅកម្ពុជាគឺជាសន្តិភាពពិតដែលជាគំរូដ៏ល្អសម្រាប់ប្រទេសដទៃទៀតនៅទូទាំងពិភពលោក

    នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញទទួលជួបពិភាក្សាការងារបន្តជាមួយលោក ខេរ៉ាឡា ហ្សាណាណា ហ្គូសម៉ៅ (Kay Rala Xanana Gusmao) អតីតប្រធានាធិបតីទីម័រខាងកើត។ ក្នុងជំនួបនេះ លោក Gusmao បានកោតសរសើរពីការរីកចម្រើនរបស់កម្ពុជាសឹងមិនគួរអោយជឿ ព្រោះលោកធ្លាប់បានមកកាន់កម្ពុជាជាច្រើនលើកហើយ ហើយពេលនេះបានសង្កេតឃើញថា កម្ពុជាមានការរីកចម្រើនដ៏អស្ចារ្យ។ លោក បានបន្ថែមថា សន្តិភាពនៅកម្ពុជាគឺជាសន្តិភាពពិតដែលជាគំរូដ៏ល្អ សម្រាប់ប្រទេសដទៃទៀត នៅទូទាំងពិភពលោក។

    លោក Kay Rala Xanana Gusmao បានបញ្ជាក់ថា លោកជាបេសកជនពិសេសមួយរូប នៃក្រុម G7+ ហើយនៅដើមឆ្នាំ២០២០ខាងមុខនេះ នឹងមានកិច្ចប្រជុំជាន់ខ្ពស់ នៅប្រទេសរូវ៉ាន់ដា ទ្វីបអាហ្វ្រិក។ លោកបានបន្តថា ទិដ្ឋភាពនៅអាហ្វ្រិក និងនៅអាស៊ីប៉ាស៊ីហ្វិក មានការខុសគ្នាច្រើន។ ប្រទេសតំបន់អាហ្វ្រិក ពិតជាត្រូវការជំនួយក្នុងការបង្រួបបង្រួមប្រទេសក្នុងតំបន់ ពីប្រទេសនានាជាច្រើនជាពិសេសពីប្រទេសកម្ពុជាតែម្តងដែលបានឆ្លងកាត់របបគ្រប់គ្រងប្រទេសជាច្រើនជំនាន់រហូតមានសន្តិភាពនិងការរីកចម្រើនមកដល់សព្វថ្ងៃនេះ។

    ជាការឆ្លើយតប លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា កន្លងមកកម្ពុជាបានខិតខំប្រឹងប្រែងជួយដល់ប្រទេសទីម័រខាងកើតដើម្បីក្លាយជាសមាជិកសមាគមអាស៊ាន ហើយលោកសង្ឃឹមថា នៅឆ្នាំ២០២០ខាងមុខនេះ ក្នុងឱកាសប្រទេសវៀតណាម ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន ប្រទេសទីម័រខាងកើត អាចនឹងក្លាយជាសមាជិកថ្មីមួយទៀតរបស់អាស៊ាន។ ទន្ទឹមនឹងនេះដែរ លោក ហ៊ុន សែន បានបន្តថា កម្ពុជាអាចជួយទីម័រខាងកើតក្នុងការកសាងសមត្ថភាព ដើម្បីឲ្យទីម័រខាងកើត ក្លាយជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោកនាថ្ងៃអនាគតខាងមុខនេះ។

    ពាក់ព័ន្ធនឹងកិច្ចប្រជុំ ឆ្នាំ២០២០ នៅរូវ៉ាន់ដា នោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា នៅពេលមានការអញ្ជើញជាផ្លូវការ លោកនឹងពិចារណាចូលរួមចែករំលែកពីបទពិសោធន៍របស់កម្ពុជា ហើយកម្ពុជាក៏អាចរៀនសូត្រ ពីបណ្តាប្រទេសផ្សេងៗទៀតផងដែរ។ លោកនាយករដ្ឋមន្រ្តី អាចនឹងភ្ជាប់ទស្សនកិច្ចផ្លូវការនៅប្រទេសរ៉ូវ៉ាន់ដាក្នុងពេលអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលខាងលើផងដែរ៕

    អត្ថបទទាក់ទង