ខ្មែរប៉ុស្ដិ៍ Close

លោកស្រី មូរ សុខហួរ រត់ទៅដល់សហរដ្ឋអាមេរិកវិញហើយ ក្រោយផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារបរាជ័យ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1680
លោកស្រី មូរ សុខហួរ រត់ទៅដល់សហរដ្ឋអាមេរិកវិញហើយ ក្រោយផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារបរាជ័យលោកស្រី មូរ សុខហួរ រត់ទៅដល់សហរដ្ឋអាមេរិកវិញហើយ ក្រោយផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារបរាជ័យ

នៅទីបំផុតលោកស្រី មូរ ​សុខហួរ មនុស្សជំនិតរបស់ឧក្រិដ្ឋជន សម រង្ស៉ី និងជាអតីតអនុប្រធានគណបក្សសង្រ្គោះជាតិ បានរត់ទៅដល់សហរដ្ឋអាមេរិកវិញហើយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ក្រោយផែនការប៉ុនប៉ងធ្វើរដ្ឋប្រហាររាជរដ្ឋាភិបាលកម្ពុជា បានបរាជ័យនៅលើទឹកដីប្រទេសថៃ តាមរយៈអាជ្ញាធរថៃបិទមិនឲ្យចូលទឹកដីរបស់ខ្លួន។

លោកស្រី មូរ សុខហួរ ដែលពេលនេះបានធ្វើដំណើរទៅដល់សហរដ្ឋអាមេរិកវិញហើយ, នេះបើតាមការអះអាងរបស់លោកស្រីប្រាប់វិទ្យុបារាំងអន្តរជាតិ RFI យ៉ាងដូច្នេះ។

កាលពីយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ លោកស្រី មូរ សុខហួរ បានសារភាពថា លោកស្រីពិតជាត្រូវនគរបាលអន្តោរប្រវេសថៃ មិនអនុញ្ញាតឱ្យចូលទៅកាន់ ប្រទេសថៃពិតប្រាកដមែន។ លោកស្រី មូរ សុខហួរ បានអះអាងឲ្យដឹងយ៉ាងដូច្នេះថា «ពួកគេបានឱ្យខ្ញុំស្ថិតនៅក្នុង បន្ទប់ពិសេសមួយ, ពួកគេ (អាជ្ញាធរថៃ) នៅតាមឃ្លាំមើលខ្ញុំ ហើយបន្ទាប់មកទៀតបុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ Malaysian Airlines បានប្រឹងប្រែងស្វែងរកជើងហោះហើរថ្មី ឱ្យខ្ញុំត្រឡប់ទៅកាន់ទីក្រុងគូឡាឡាំពួរវិញ»។

នគរបាលអន្តោប្រវេសន៍ថៃ កាលពីរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ បានបិទមិនឱ្យលោកស្រី មូរ សុខហួរ ហោះចូលទៅកាន់ប្រទេសរបស់ខ្លួននោះទេ ដោយសារតែលោកស្រីមានឈ្មោះនៅក្នុងបញ្ជីខ្មៅជាមួយឧក្រិដ្ឋជន សម រង្ស៉ី មេរដ្ឋប្រហារខុសច្បាប់ប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា។

លោកស្រី មូរ សុខហួរ ជាអតីតអនុប្រធានគណបក្សសង្រ្គោះជាតិ គឺជាបុគ្គលសំខាន់មួយរូប ក្នុងការចូលរួមរៀបចំផែនការធ្វើរដ្ឋប្រហារខុសច្បាប់របស់ លោក សម រង្ស៉ី ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា។

កាលពីពេលថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជូនសាលដីកាអំពីការចាប់ខ្លួនលោក សម រង្ស៉ី និងបក្ខពួកទៅកាន់ ប្រទេសជាសមាជិកអាស៊ានទាំងអស់រួចហើយ។

ផ្អែកតាម មាត្រា២ នៃធម្មនុញអាស៊ាន បានចែងថា រដ្ឋជាសមាជិកអាស៊ាន មិនត្រូវចូលរួមក្នុងគោលនយោបាយ ឬសកម្មភាពណាមួយ ដែលរួមមានការដាក់ឱ្យប្រើប្រាស់នូវទឹកដីរបស់ខ្លួនឱ្យរដ្ឋសមាជិកអាស៊ាន ឬរដ្ឋមិនមែនជាសមាជិកអាស៊ាន ឬឱ្យតួអង្គដទៃទៀតដែលពុំមែនជារដ្ឋ គំរាមគំហែងដល់អធិបតេយ្យភាព បូរណភាពទឹកដី ឬស្ថិរភាពសេដ្ឋកិច្ច និងនយោបាយរបស់រដ្ឋសមាជិកអាស៊ានណាមួយឡើយ។

កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនឧក្រិដ្ឋជន សម រង្ស៉ី និងភរិយា រួមនិងមនុស្សជំនិត៧រូបផ្សេងទៀត ពាក់ព័ន្ធនឹងការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។ ជនដែលត្រូវបានតុលាការបង្គាប់ឱ្យសមត្ថកិច្ចចាប់ខ្លួននេះរួមមាន៖ ឧក្រិដ្ឋជន សម រង្ស៉ី និងភរិយា លោកស្រី ជូឡុង សូមួរ៉ា, លោក អេង ឆៃអ៊ាង, លោកស្រី មូរ សុខហួរ, លោក អ៊ូ ច័ន្ទឫទ្ធិ, លោក ហូរ វ៉ាន់, លោក ឡុង រី, លោក ម៉ែន សុថាវរិន្ទ្រ និងលោក នុត រំដួល។

ជនត្រូវចោទទាំង៩រូប ត្រូវបានចោទប្រកាន់នៅក្នុងសំណុំរឿងព្រហ្មទណ្ឌពីបទ «ឧបឃាត» ដោយយោងតាមមាត្រា២៧ និង ៤៥១នៃក្រមព្រហ្មទណ្ឌ៕

អត្ថបទទាក់ទង