ខ្មែរប៉ុស្ដិ៍ Close

ទស្សនៈមិត្ត​អ្នក​អាន៖ ផែនការ​ធ្វើរដ្ឋ​ប្រហារ​ ៩ វិច្ឆិកា របស់​ក្រុមឧទ្ទាម ប្រៀប​ដូច​ជាស្គរ ទូង…ៗ ប្រហោងក្នុង

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 67
ទស្សនៈមិត្ត​អ្នក​អាន៖ ផែនការ​ធ្វើរដ្ឋ​ប្រហារ​ ៩ វិច្ឆិកា របស់​ក្រុមឧទ្ទាម ប្រៀប​ដូច​ជាស្គរ ទូង…ៗ ប្រហោងក្នុង ទស្សនៈមិត្ត​អ្នក​អាន៖ ផែនការ​ធ្វើរដ្ឋ​ប្រហារ​ ៩ វិច្ឆិកា របស់​ក្រុមឧទ្ទាម ប្រៀប​ដូច​ជាស្គរ ទូង…ៗ ប្រហោងក្នុង

នៅពេល​ដែល​កាលបរិច្ឆេទកំណត់​វិល​ចូល​ស្រុក​របស់​ឧក្រិដ្ឋជន សម រង្ស៊ី និង​គូកន​កាន់​តែខិត​ជិត​មក​ដល់​ ក្រុម​ប្រឆាំង​ហាក់​កំពុងជ្រួលច្របល់​កាន់​តែខ្លាំង ដោយ​សារ​ថា គម្រោងនៃការ​វិល​ចូល​ស្រុក​របស់​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់​ប្រៀបបាន​ដូច​ជាស្គរ ទូង…ៗ ប្រហោង​ក្នុង ពោល​គឺ​មិន​អាច​គៀរករ​រក​មនុស្ស​ឲ្យ​មក​ចូល​រួម​ក្នុង​ផែន ការ​ក្បត់​នេះ​បាន​ឡើយ។

គិត​ត្រឹម​ថ្ងៃនេះ នៅ​សល់​មិន​ដល់​ ២០ថ្ងៃ​ទៀត​ទេ ដែល​ឧក្រិដ្ឋជន សម រង្ស៊ី និង​គូកន បាន​កំណត់​ថា​ នឹង​វិល​ចូល​ស្រុក​វិញដើម្បី​ធ្វើរដ្ឋ​ប្រហារផ្តួលរំលំរដ្ឋាភិបាល​ និង​ផ្លាស់​ប្តូរ​របប។ ក្នុង​រយៈពេល​ជាង ២សប្តាហ៍ទៀត​នេះ ក្រុម​ឧទ្ទាម​បាន​បរាជ័យ​រួច​ស្រេច​ទៅហើយ​ក្នុងផែន​ការ​ធ្វើ​រដ្ឋ​ប្រហារ​នៅ​ថ្ងៃទី​៩វិច្ឆិកា​ខាង​មុខ​នេះ។ បរាជ័យ ដោយ​សារ​ក្រុម​ឧទ្ទាម​ មិន​​អាចបំផុស​បំផុល​ញុះញង់ប្រជាពលរដ្ឋ និង​ទិញ​ទឹក​ចិត្ត​កងកម្លាំង​ប្រដាប់​អាវុធ​ឲ្យ​បះបោរ​ប្រឆាំង​នឹង​រដ្ឋាភិបាល​បាន​ឡើយ ​ពីព្រោះ​ប្រជាពលរដ្ឋ​កម្ពុជា​បច្ចុប្បន្ន​ មានការសិក្សា​​ចេះដឹង​ និង​យល់​ច្រើនពី​បរិបទ​សង្គម​ដែលពួកគេ​​កំពុង​រស់​នៅ​ក្នុង​សុខសន្តិភាព ស្ថិរភាព​នយោបាយ និង​ការអភិវឌ្ឍ។

ទោះ​យ៉ាង​នេះក្តី ដើម្បី​បំភាន់​សាធារណៈមតិ​បម្រើ​ឲ្យ​ផែនការ​ក្បត់​​ ​ឧទ្ទាម​ មូរ សុខហួរ និង អេង ឆៃអ៊ាង តាមរយៈរូប​ថត​មួយ​សន្លឹកបាន​អះអាង​ថា ខ្លួន​បាន​មក​ដល់​ប្រទេស​ថៃ​ហើយដើម្បី​រៀប​ចំ​ផែនការ​ធ្វើ​រដ្ឋ​ប្រហារ​ផ្តួល​រំ​លំ​រាជរដ្ឋាភិបាល និង​ផ្លាស់​ប្តូរ​របប ​ក្រោម​លេសដំណើរ​មាតុភូមិនិវត្តន៍​របស់​ឧក្រិដ្ឋជន សម រង្ស៊ី។ ​តាម​​ពិត​រូប​ ឧទ្ទាម មូរ សុខហួរ និង​ អេង ឆៃអ៊ាង រួម​នឹង​គូកន​ថត​ជាមួយ​​គ្នានោះ​ បើ​តាម​ការ​បង្ហើប​ប្រាប់​ពី​អតីតមន្ត្រីអតីតបក្ស​ប្រឆាំង​កូតា​គណបក្ស​សិទ្ធិ​មនុស្ស គឺរូប​នោះ​​ស្ថិត​នៅក្នុងតំបន់​មួយនៃ​​ប្រទេស​​ម៉ាឡេស៊ី​។
ការ​ផូស​រូប​ខ្លួន និង​សកម្មជន​ប៉ុន្មាន​នាក់​នៅក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុកថា​ ខ្លួន​កំពុង​ស្ថិត​នៅក្នុង​ប្រទេស​ថៃដើម្បី​រៀប​ចំ​ផែនការ​ថ្ងៃ៩វិច្ឆិការបស់​ឧទ្ទាម​ មូរ សុខហួរ គឺគ្រាន់​តែ​ជាសង្គ្រាម​ចិត្ត​សាស្ត្រ​ដើម្បីផ្តល់​​ក្តី​សង្ឃឹម​​ក្នុង​ភាព​អស់​សង្ឃឹមដល់​កម្មជន​​ដែល​នៅ​សេសសល់​តិច​តួច​បំផុតទាំងនៅ​ក្នុង និងក្រៅ​ស្រុក។

ក្រុមឧទ្ទាម​ក្រៅ​ច្បាប់​ដឹកនាំ​ដោយឧក្រិដ្ឋ​ជន​ សម រង្ស៊ី តែង​បាន​អួត​អាងថា នឹង​ដឹកនាំ​ពលករខ្មែរ​​​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ ២លាន​នាក់ ​អម​ដំណើរ​ខ្លួនចូល​​មកប្រទេស​​កម្ពុជា​វិញ។ ​តើ​ពលករខ្មែរ​ប្រមាណ​​​ ២លាន​នាក់ ដែល​កំពុង​ធ្វើការ​នៅ​ប្រទេស​ថៃ គឺ​សុទ្ធ​តែ​ជាអ្នក​គាំទ្រ​អតីត​បក្ស​ប្រឆាំង​ទាំង​អស់​ឬ?

ជាការពិត​ ពលករ​ដែល​កំពុង​ធ្វើការ​នៅ​ក្នុង​ប្រទេស​ថៃ មានអ្នកគាំទ្រ​បក្ស​ប្រឆាំង​ខ្លះ​ដែរ មិនមែន​​ទាំង​ស្រុងទេ ក៏ប៉ុន្តែ​ភាគច្រើន​លើស​លប់​​​​​ជាអ្នក​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា​ ពោល​គឺ​​​ពួក​គេ​ខិត​ខំ​ធ្វើការ​ដើម្បី​រក​ប្រាក់​ផ្គត់​ផ្គង់ជីវភាព​​គ្រួ​សារ​​នៅ​ឯស្រុក​កំណើត​ឯណោះទៅវិញ​ទេ​ ហើយ​ក៏គ្មាន​ពេល​​គិត​ពី​រឿង​ឥតប្រយោជន៍ ហើយលង់ខ្លួន​​ជឿ​លើពួក​ឧទ្ទាម​ក្រៅ​ច្បាប់​ដែល​ប៉ុនប៉ង​​ធ្វើ​រដ្ឋ​ប្រហារ​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​នោះ​ដែរ។ បច្ចុប្បន្ន គឺ​ជា​យុគសម័យ​ឌីជីថល ពួ​កគេ​ថ្វីត្បិត​ថាមិនបាន​​នៅស្រុក​កំណើត​ ក៏ប៉ុន្តែ​ពួក​គេ​បាន​ដឹង​ពី​ស្ថាន​ភាព​ស្រុក​ទេស​​​ច្បាស់​ជាង​ក្រុម​ប្រឆាំង ​ដែល​ចេះ​ត្រឹម​តែញុះ​ញង់​ ដុត​កំហឹង ​ឲ្យ​ស្អប់​​រាជរដ្ឋាភិបាល​តាម​រយៈការ​បំពុលផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​​ជា​ច្រើន ពោល​គឺ​ព័ត៌មានដ៏​សម្បូរ​បែប​ស្ថិត​នៅក្នុង​ដៃ​ពួកគេ​គ្រប់ៗគ្នា។
អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​ គឺការផ្សាយ​របស់​វិទ្យុ​បរទេសផ្សាយ​ជា​ខេមរភាសា​ថា ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ ប្តេជ្ញា​វិល​​ចូល​ស្រុក​​អម​ដំណើរ​​ឧក្រិដ្ឋជន​ សម រង្ស៊ី នៅ​ថ្ងៃទី​៩វិច្ឆិកានោះ​ តាម​ពិត គឺ​​មាន​តែ​មនុស្ស​ប៉ុន្មាន​នាក់​ដែល​ជា​សកម្ម​​ជ​​ន​អតីត​បក្ស​ប្រ​ឆាំង​រត់ភៀស​ខ្លួនពីកម្ពុជា​​​ទៅ​ប្រទេស​ថៃស្រែក​កោកកាក​តែ​ប៉ុណ្ណោះ ចំណែកពលករ​ខ្មែរ​ធ្វើ​ការ​​នៅ​ប្រទេស​ថៃពិត​ប្រាកដ​ ​​​ពួកគេ​ខិត​ខំ​បំពេញ​ការងារ​ប្រចាំ​ថ្ងៃ​ដើម្បី​ទទួល​បាន​ប្រាក់កំរៃផ្គត់ផ្គង់ជីវភាព​រស់​នៅឲ្យ​កាន់​តែ​ប្រសើរ គ្មាន​ពេល​ទំនេរ​គិត​ពី​រឿងផ្សេងនោះ​​ឡើយ កុំ​ថា​ឡើយពួកគេ​ត្រូវ​ចូល​រួម​ក្នុង​ផែនការ​ក្បត់​ជាតិ​ធ្វើ​រដ្ឋ​ប្រហារ​ផ្តួល​រំ​លំ​រដ្ឋាភិបាល​ ដែល​នាំ​ទុក្ខ​ទោស​ដល់​ខ្លួន ក្រុម​គ្រួសារ និង​សង្គម​ជាតិ​។​

សរុប​ម​ក​វិញ ផែន​ការ​ធ្វើ​រដ្ឋ​ប្រហារ​របស់ក្រុម​ឧទ្ទាម​ដឹកនាំ​ដោយ​ឧក្រិដ្ឋ​ជន​ សម រង្ស៊ី មិន​អាច​សម្រេច​បាន​ឡើយ​ ដោយ​​សារ​ថា ទោះ​ក្នុង​តម្លៃ​ណា​ក៏ដោយរាជរដ្ឋាភិបាល​​នឹង​ចាត់​វិធានការ​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​បំផុត​ចំពោះ​​ក្រុម​ឧទ្ទាម​​ក្រៅ​ច្បាប់​ និង​អ្នក​ចូល​រួម​ក្នុង​ផែន​ការក្បត់​ ដោយ​មិន​អនុញ្ញាត​ឲ្យ​ពួកគេ​បង្ករភាព​វឹកវរ ចលាចលសង្គម នាំ​ប្រទេស​​ជាតិធ្លាក់​ចូល​ក្នុង​សង្គ្រាម​ស៊ីវិល​​រ៉ាំរៃ ដូចកាល​ពី​អតីតកាល​បាន​ជា​ដាច់​ខាត។ ជាក់​ស្តែង​ អ្នក​ចូល​រួមផ្សំ​គំនិត​ជា​មួយ​ឧក្រិដ្ឋ​ជន​ សម រង្ស៊ី ត្រូវ​បាន​តុលាការ​កោះ​ហៅ និង​ឃាត់​ខ្លួន​ជា​បន្តបន្ទាប់។ ទន្ទឹម​គ្នា​នេះ ក៏​មានអតីត​សកម្ម​ជន​បក្ស​ប្រឆាំង​ដែល​ទទួល​អនុវត្ត​ផែន​ការ​ធ្វើ​រដ្ឋ​ប្រហារ​របស់​ឧក្រិដ្ឋ​ជន​ សម រង្ស៊ី បាន​ចេញ​មក​សារភាព​ចំពោះ​មុខអាជ្ញាធរ​មាន​សមត្ថកិច្ច​ជា​បន្ត​បន្ទាប់ ក្រោយ​ដឹង​ខ្លួន​ថា បាន​ធ្លាក់​ចូល​ក្នុង​អន្ទាក់​របស់​ជន​ក្បត់​ជាតិ​រូប​នេះ។ ទោះ​យ៉ាង​ណា​ រាជរដ្ឋាភិបាល​សូម​លើក​ទឹក​ចិត្ត​ដល់​​អ្នកពាក់​ព័ន្ធ​ក្នុងផែន​ការ​ក្បត់​​ជាមួយ​ឧក្រិដ្ឋជន សម រងស៊ី ​​ចូល​មក​សារ​ភាព​​ឲ្យ​ទាន់​ពេល​វេលា ដើម្បី​ទទួល​បាន​ការលើក​លែង​ទោស​តាម​បញ្ញត្តិពិសេស​នៃមាត្រា ៥៤៥ នៃក្រមព្រហ្មទណ្ឌ៕

ដោយ៖ សុខ សុវណ្ណ

អត្ថបទទាក់ទង