មេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងហ្វីលីពីន ជួបពិភាក្សាការងារដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកងទ័ពនៃប្រទេសទាំងពីរ
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកឧត្តមសេនីយ៍ទោ ឡេណាត អាហ្គុសស្ទីន (Lenard Agustin) មេបញ្ជាការកងពលធំថ្មើរជើងលេខ៧ នៃកងទ័ព ជើងគោកហ្វីលីពីន បានជួបពិភាក្សាគ្នា ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកងទ័ពប្រទេសទាំងពីរ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ នៅទីបញ្ជាការកងទ័ពជើងគោក រាជធានីភ្នំពេញ។
នៅក្នុងជំនួបនោះដែរ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណ ចំពោះគណៈប្រតិភូកងទ័ពហ្វីលីពីន ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ជាពិសេសបានមកចូលរួមអបអរសាទរ ពិធីខួបអនុស្សាវរីយ៍លើកទី២៥ នៃថ្ងៃបង្កើតកងពលតូចលេខ៧០ នៃកងទ័ពជើងគោកកម្ពុជា និងបានអញ្ជើញមកកាន់ទីបញ្ជាការកងទ័ពជើងគោក ផងដែរ។
ក្នុងនាមកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ កម្ពុជា-ហ្វីលីពីន ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរផងដែរ ក្រោយពីក្រសួងការពារជាតិនៃប្រទេសទាំងពីរ បានចុះអនុស្សរណៈរួមគ្នាកាលពីឆ្នាំ២០១៧ ដែលបានបើកឱកាសឱ្យកងទ័ពទាំងពីរអាចធ្វើការជាមួយគ្នា និងជួយគ្នាទៅវិញទៅមក។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានជម្រាបជូនគណៈប្រតិភូអំពីប្រវត្តិនៃការបង្កើតកងទ័ពជើងគោកកម្ពុជា ជាពិសេសនៅក្នុងដំណាក់កាល នៃការកសាងសន្តិភាព រហូតមកដល់បច្ចុប្បន្ននេះ ដោយចំពោះមុខកងទ័ពជើងគោកកម្ពុជា ក៏កំពុងអនុវត្តផែនការកំណែទម្រង់របស់ខ្លួនផងដែរ ដែលក្នុងនោះកិច្ចការជាអាទិភាព គឺការកសាងធនធានមនុស្សក្នុងកងទ័ព។
នៅក្នុងជំនួបសម្តែងការគួរសម លោកឧត្តមសេនីយ៍ទោ ឡេណាត អាហ្គុសស្ទីន (Lenard Agustin) ក៏បានថ្លែងអំណរគុណ ចំពោះលោកមេបញ្ជាការកងទ័ពជើងគោកកម្ពុជា ដែលបានអនុញ្ញាតទទួលជួបស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគណៈប្រតិភូកងទ័ពហ្វីលីពីន។ ប្រធានគណៈប្រតិភូក៏បានវាយតម្លៃខ្ពស់ និងកោតសរសើរអំពីវឌ្ឍនភាពរីកចម្រើនរបស់កម្ពុជា ក្នុងនោះវិស័យការពារជាតិក៏មានភាពរីកលូតលាស់។ ជាក់ស្តែងទិដ្ឋភាពក្នុងឱកាសដែលគណៈប្រតិភូបានចូលរួមពិធីខួបលើកទី២៥ នៃថ្ងៃបង្កើតកងពលតូចលេខ៧០។
នៅក្នុងការពិភាក្សា ភាគីទាំងពីរក៏បានឯកភាពគ្នាបន្តកិច្ចសហប្រតិបត្តិការរួមគ្នា ជាពិសេសការភ្ជាប់ទំនាក់ទំនងរវាងអង្គភាព និងអង្គភាព ការបន្តជួយគ្នាទៅវិញទៅមក ការបណ្តុះបណ្តាល ការផ្លាស់ប្តូរទស្សនកិច្ច និងការចែករំលែកព័ត៌មាន។ នៅចុងបញ្ចប់នៃការពិភាក្សា ភាគីទាំងពីរបានផ្លាស់ប្តូរវត្ថុអនុស្សាវរីយ៍ជូនគ្នាទៅវិញទៅមកដោយភាពស្និទ្ធស្នាល និងក្នុងស្មារតីកិច្ចសហប្រតិបត្តិការខ្ពស់៕