ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងវិនិយោគរោងចក្រចំនួន ៣ បន្ថែមទៀត ដែលមានទុនវិនិយោគជាង ១៥ លានដុល្លារ
គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន លើគម្រោងបង្កើតរោងចក្រចំនួន ៣ ដែលមានទំហំទឹកប្រាក់ជាង ១៥លានដុល្លារសហរដ្ឋអាមេរិក។ នេះបើយោងតាមការបង្ហោះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើទំព័រហ្វេសប៊ុក នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩។
គម្រោងបង្កើតរោងចក្រទាំង ៣ នោះមានដូចខាងក្រោម៖
១- “GOODMATE (CAMBODIA) HEADWEARS CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ មួក កន្សែង និងស្រោមដៃ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបឹងធំទី២ សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤១០កន្លែង។
២- “GOLDEN BILLION (CAMBODIA) HANDBAGS CO.,LTD.” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៤៩១កន្លែង។
៣- “DI SETA (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ (កន្សែងបង់ក មួក ស្រោមដៃ ស្រោមជើង ភួយ បូគ្រប់ប្រភេទ និងវាយនភណ្ឌបម្រើក្នុងផ្ទះ ដែលមានទីតាំងវិនិយោគស្ថិតនៅអគារលេខ៧ សួនឧស្សាហកម្មវឌ្ឍនៈ II ផ្លូវជាតិលេខ៣ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៨,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២.១៤៣ កន្លែង៕