ខ្មែរប៉ុស្ដិ៍ Close

    សិលាចារឹកខ្មែរ!!

    ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃចន្ទ ទី២ ខែមេសា ឆ្នាំ២០១៨ ឯកសារ 6578

    សិលាចារឹក
    ——*****——
    ជាទូទៅសិលាចារឹកសរសេរឡើងជាកំណាព្យ(កាវ្យ) ហើយតែង​ចារឹក​ជា​ភាសាសំស្ក្រឹត ត្រូវបានចងក្រងឡើងតាមរចនាបទខ្ពង់ខ្ពស់ គគ្រឹក​គគ្រេង ពោរពេញដោយពាក្យប្រៀបធៀបសំនួនវោហារ បុគ្គលាធិដ្ឋាន ប្រកប រូបារម្មណ៍ដ៏រស់រវើក តាមរបៀបរៀបចំសង្វាក់ចាប់ចុងចួន តាម​លក្ខណៈរណ្តំព្យាងដ៏ពិរោះ និងចាប់ផ្តើមប្រារព្ធដោយ​ការ​បួងសួង​ដល់​ទេវៈមួយអង្គ ឬច្រើនអង្គនៃព្រហ្មញ្ញសាសនា តាមកំណាព្យ​កាព្យ​ឃ្លោង​ពោរពេញដោយទស្សនៈទេវនិយម និងទស្សនវិជ្ជា​ស្រង់ចេញ​មកពី​គម្ពីរ​វេទ តាមកំណាព្យស្លុតិសរសើរដល់ព្រះមហាក្សត្រសោយរាជ្យ ដោយ​រៀបរាប់អំពីប្រវត្តិនៃរាជវង្សានុវង្ស អំពីបុព្វកិច្ចនៅក្នុង​សមរភូមិ​ប្រឆាំង​ពួកខ្មាំងសត្រូវពីប្រទេសជិតខាង អំពីការកោតសរសើរ​ដល់ព្រះកិត្តិនាម និងប្រាជ្ញាល្បីខ្ទ័រខ្ទារដល់សម័យកាលនៃរាជសម្បត្តិ ដែលបានផ្តល់ភាព​ចម្រើនរុងរឿង និងមហិទ្ធិរិទ្ធិដល់ព្រះនគរកម្ពុជទេស។ មាន​កំណាព្យ​ខ្លះ​ពណ៌នាសរសើរដល់ឥស្សរជនជាន់ខ្ពស់ជាបព្វជិត ឬជា​គ្រហស្ថ​ដែល​មាន​សន្តានចិត្តជ្រះថ្លាចំពោះសាសនា ដោយការកសាងប្រាសាទ វត្ត​អារាម ស្រុកភូមិ សួនឧទ្យាន បារាយណ៍ និងទំនប់ទឹក។ ភាគច្រើននៃ​សិលាចារឹកពណ៌នាបញ្ជាក់អំពីនាមស្ថាបករប្រាសាទ ព្រះវិហារ រូប​បដិ​មា ព្រមទាំងកាលបរិច្ឆេទនៃស្ថាបនកម្ម។ កំណាព្យខ្លះទៀត រៀបរាប់ ព្រឹត្តិការណ៍​តាមបែបប្រវត្តិសាស្រ្ត ស្តីអំពីការ​ប្រយុទ្ធ​ស្លាប់រស់​រវាង​មេទ័ព​ប្រឆាំង និងមេទ័ពមានភក្តីភាពចំពោះ រាជានិយម។ មានកំណាព្យ​ប្រកប​ដោយសោកនាដ្យកម្មដែលសរសេរអំពីពិធីបួងសួង ធ្វើភាវនាធម៌​ជា​រៀងរាល់ ថ្ងៃរបស់ព្រះនាងឥន្រ្ទទេវី ដើម្បីជ័យជំនះរបស់ព្រះស្វាមី គឺ​ព្រះបាទជ័យវរ្ម័នទី៧ ដែលបានធ្វើចម្បាំងប្រឆាំងប្រទេសចម៉្បា។ មាន​អត្ថបទកំណាព្យពីរដ៏វែងមួយ និងនិទានអំពី​ព្រំប្រទល់​កម្ពុជទេស​សម័យ​អង្គរ (ខាងឧត្តរទល់ ប្រទេសចិនខាងបស្ចិមទល់សមុទ្រ) និង​សន្តតិវង្សព្រះបាទរាជេន្រ្ទវរ្ម័ន មួយទៀតធ្វើ​អត្ថាធិប្បាយ​អំពី​ទ្រឹស្តី​ពុទ្ធ​និយម និងពិធីសក្ការបូជាក្នុងជំនឿពុទ្ធសាសនា។

    ខុសពីសិលាចារឹកភាសាសំស្ក្រឹត សិលាចារឹក​ជាភាសា​ខ្មែរ​ទាំងអស់​ត្រូវ​បាន​រៀបរៀងឡើងជាពាក្យសម្រាយប្រកបដោយរចនាបទធម្មតា ច្បាស់​លាស់ គ្មានលក្ខណៈអច្ឆរិយភាព។ គឺជាអត្ថបទប្រកបដោយតថភាព ដែលគេបានចារឡើងសម្រាប់សម្រួលដល់ការយល់ដឹងនៃបណ្តាជនភាគ​ច្រើន ដែលគ្មានចំណេះដឹងខាងភាសាសំស្រ្កឹត។ ក្រៅពី​អត្ថបទ​មួយ​ចំនួន​ដែលទាក់ទងទៅនឹងព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត អត្ថបទ​សិលា​ចារឹក​ខ្មែរភាគច្រើន អាចចាត់ទុកបានថាជាឯកសាររដ្ឋការ តុលាការ និង​ព័ត៌មាន​។ ការអានអត្ថបទសិលាចារឹកជាភាសាខ្មែរ អាចឲ្យយើង​ទទួល​ចំណេះដឹង និងព័ត៌មានអំពីទម្រង់ និងរបបគ្រប់គ្រងនៃសង្គមខ្មែរ តាមបញ្ហានានា ដូចតទៅ៖
    គឺស្ថាបនកម្មប្រាសាទ និងព្រះវិហារ ស្រុកភូមិស្ថាននៅលើដែនដី​ថ្មីៗ សកម្មភាពខាងសាសនា និងខាងសង្គមកិច្ច ពីសំណាក់អភិជន និង​ព្រាហ្មណាចារ្យព្រះសង្ឃគ្រប់ជាន់ថ្នាក់ក្នុងកិច្ចការអភិវឌ្ឍស្រុកទេស និង​ក្នុងកិច្ចការ រដ្ឋបាល អំណោយទានដ៏ធំធេង មានតាំងពីដីធ្លី ច្បារ​ដំណាំ ស្រេចំការ ទាសាទាសី សត្វពាហនៈ គ្រឿងបូជាធ្វើពី មាសប្រាក់ ដល់វត្តអារាម និងអាទិទេពនៃពិធីសក្ការបូជាទេវរាជ ព្រះរាជអាជ្ញា និង​ព្រះសាសនៈ ជាលាយលក្សណ៍ អក្សរផ្ញើរតាមរយៈព្រះគ្រូ ឬ​ព្រាហ្មណា​ចារ្យ ដល់ប្រធានតុលាការ ដល់ខ្លោញពលខេត្ត ឬដល់បុរសប្រធាន និង ប្រធានស្រុកនានា ដើម្បីការអនុវត្តកិច្ចការរាជការគ្រប់បែបយ៉ាង មាន​ជាពិសេស ការកាប់គាស់ដីថ្មី ដើម្បីចាត់ ស្រុក សាងវត្ត ជីកស្រះ ជីក​ត្រពាំង សង់ទំនប់ទឹកសំរាប់ជាទីតាំងលំនៅនៃបណ្តាជនគ្រប់ជាន់ថ្នាក់ ចាប់តាំងពី អភិជន ដល់សាមញ្ញជន និងពលក្ញុំ ដែល​បំពេញ​ងារ​តាម​ចំណាប់ពេលវេលាខាងរនោច ឬខាងខ្នើត។ ការប្រព្រឹត្តិទៅនៃ​ទំនាក់​ទំនង​ខាងពាណិជ្ជកម្ម មិនមែនដោយសារតែការប្រើមាសប្រាក់​ប៉ុណ្ណោះ​ទេ តែដោយសារការប្រើ គ្រឿងវត្ថុ ផលដំណាំគ្រប់ជំពូក (មានកប្បាស ស្រូវ) ព្រមទាំងសត្វពាហនៈ ដីធ្លី និងទាសាទាសីទៀតផង។


    —————
    Architecture & Art, Cambodia
    ប្រភព៖ SPKT LIV

    អត្ថបទទាក់ទង