ខ្មែរប៉ុស្ដិ៍ Close

    ខេត្តស្វាយរៀង ប្រកាសដាច់អហង្កាថោ្កលទោសចំពោះលោក សម រង្ស៊ី

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០១៩ ឯកសារ 1049

    ខាងក្រោមនេះជាខ្លឹមសារនៃលិខិតថ្កោលទោសទាំងស្រុង៖

    យើងខ្ញុំទាំងអស់គ្នាជាអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង ប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀងទាំងមូល សូមប្រកាសជាឱឡារិកប្រឆាំងដាច់ខាត និងថ្កោលទោសយ៉ាង ដាច់អហង្ការចំពោះជនក្បត់ជាតិ សម រង្ស៊ី ដែលបានប្រមាថយ៉ាងគឃ្លើនចំពោះអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តាមរយៈការផ្តល់បទសម្ភាសន៍ជាមួយវិទ្យុ អាស៊ីសេរី កាលពីយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ដែលមានខ្លឹមសារថា «ព្រះមហាក្សត្រ របស់យើង គឺជាចំណាប់ខ្មាំង របស់ ហ៊ុន សែន ដូច្នេះលោកអត់ហ៊ានធ្វើអីទេ លោកខ្លាច ហ៊ុន សែន លោកចង់រក្សា រាជបល្ល័ង្គលោក ដូច្នេះយើងទុកព្រះអង្គមួយអន្លើទៅ យើងមិនអាចរំពឹងព្រះមហាក្សត្រ ដែលជាអាយ៉ងរបស់លោក ហ៊ុន សែន ដូចសព្វថ្ងៃទេបាទ»

    យើងខ្ញុំទាំងអស់គ្នាពិតជាមិនអាចទទួលយកបានឡើយ នូវពាក្យប្រមាថធ្ងន់ៗទាំងអស់នេះរបស់ ជនក្បត់ជាតិ សម រង្ស៊ី ដែលបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ ព្រះកិត្តិនាមដ៏ល្អផូរផង់ របស់ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរភាពជាតិ ហើយការលើកឡើងនេះ ជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរបំផុតទៅនឹងខ្លឹមសារដែលមានចែងនៅក្នុងមាត្រា៧ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលអង្គព្រះមហាក្សត្រ មិនអាចមាននរណារំលោភបំពាន បានឡើយ។

    ក្នុងនាមអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុង ខេត្តស្វាយរៀងទាំងមូល សូមអំពាវនាវ និងសំណូមពរយ៉ាងទទូចដល់ស្ថាប័នមានសមត្ថកិច្ច ជាពិសេស ស្ថាប័នតុលាការ សូមមេត្តាចាត់វិធានការតាមនីតិវិធីច្បាប់ និងផ្តន្ទាទោសឲ្យបានធ្ងន់ធ្ងរបំផុតចំពោះជនក្បត់ជាតិ សម រង្ស៊ី៕

    អត្ថបទទាក់ទង