លទ្ធផលបាក់ឌុបនឹងប្រកាសនៅថ្ងៃស្អែក សម្រាប់មណ្ឌលភ្នំពេញ និងកណ្តាល ហើយនៅតាមបណ្តាខេត្តប្រកាសនៅថ្ងៃ១០ ខែកញ្ញា
ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសឱ្យដឹងថា លទ្ធផលប្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នឹងប្រកាសនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ស្អែកនេះ សម្រាប់មណ្ឌលរាជធានីភ្នំពេញ និងខេត្តកណ្តាល។ ដោយឡែកតាមបណ្តាខេត្តដទៃទៀត នឹងប្រកាសនៅថ្ងៃទី១០ ខែកញ្ញា។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ដំណើរការស្រង់បូកពិន្ទុនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡងថ្ងៃទី១៩ សីហា ២០១៩ បានប្រព្រឹត្តិទៅដោយរលូន និងប្រសិទ្ធភាពខ្ពស់ ហើយមិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងឡើយ។ សេចក្តីប្រកាសព័ត៌មានបន្តថា គណៈកម្មការស្រង់បូកពិន្ទុទាំងអស់ គោរពតាមបទបញ្ញត្តិបានល្អ និងអនុវត្តតាមកម្រងភារកិច្ច ប្រកបដោយភាពហ្មត់ចត់ ស្មោះត្រង់ និងស្មារតីទទួលខុសត្រូវខ្ពស់។ ដំណើរការស្រង់បូកពិន្ទុបានប្រព្រឹត្តិទៅ ដោយមានកិច្ចសហការយ៉ាងល្អពីគ្រប់ភាគីពាក់ព័ន្ធ ដែលរួមមានអង្គភាពប្រឆាំងអំពើពុករលួយ អាជ្ញាធរដែនដី និងកងកម្លាំងមានសមត្ថកិច្ច។
សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម្រាប់ឆ្នាំសិក្សា២០១៨-២០១៩ បានធ្វើឡើងកាលពីថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ២០១៩កន្លងទៅនេះ។ ការប្រឡងនេះបានដំណើរការដោយភាពល្អប្រសើរមិនមានបាតុភាពមិនប្រក្រតីធំដុំណាមួយបានកើតឡើងនោះឡើយ។ ការប្រឡងនេះមានបេក្ខជនបានចុះឈ្មោះប្រឡងសរុបចំនួន ១១៧,០៤៣ នាក់ ស្រី ៦០,៤២៧ នាក់ និងមានមណ្ឌលប្រឡងចំនួន ២០២ មណ្ឌល។ ក្នុងដំណើរការប្រឡងរយៈពេលពីរថ្ងៃនេះ បេក្ខជនអវត្តមានសរុបចំនួន ១,៨៣៨នាក់ ស្រី ៦៩៦នាក់ ត្រូវជា១.៥៧ ភាគរយ នៃចំនួនបេក្ខជនចុះឈ្មោះប្រឡងសរុប៕