លោក ថោង ខុន ស្នើភាគីជប៉ុនបង្កើនការវិនិយោគលើការបង្កើតផលិតផលទេសចរណ៍ថ្មីៗនៅកម្ពុជា
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើដល់ភាគីជប៉ុនជួយអភិវឌ្ឍន៍វិស័យទេសចរណ៍នៅកម្ពុជាបន្ថែម ពិសេសគឺតាមរយៈការវិនិយោគលើការបង្កើតផលិតផលទេសចរណ៍ថ្មីៗលើការបង្កើតតំបន់ទេសចរណ៍សម្រាប់ទេសចរចូលនិវត្តក៏ដូចជាការជួយកសាងផ្លូវចំនួនចូលទៅកាន់សហគមន៍ទេសចរណ៍សំខាន់ៗផងដែរ។ ការស្នើនេះធ្វើឡើងតាមរយៈលោក Hidehisa HORINOUCHI ឯកអគ្គរាជទូតជប៉ុននៅកម្ពុជាចប់អាណត្តិ នាឱកាសដែលលោកអគ្គរាជទូតជួបជាមួយលោករដ្ឋមន្ត្រី ថោង ខុន នៅទីស្ដីការក្រសួងទេសចរណ៍ នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ ដើម្បីជម្រាបជាចុងក្រោយ ក្រោយពេលបំពេញបេសកកម្មនៅកម្ពុជាប្រមាណ៣ឆ្នាំមកនេះ។
នាឱកាសនោះ លោករដ្ឋមន្ត្រី ថោង ខុន បានលើកឡើងពីការរីកចម្រើនមួយចំនួនលើវិស័យទេសចរណ៍ ក្រោមកិច្ចសហប្រតិបត្តិការល្អជាមួយស្ថានទូតជប៉ុនប្រចាំកម្ពុជា ក៏ដូចជាជាមួយរដ្ឋាភិបាល និងប្រជាជនជប៉ុនផងដែរ ក្នុងនោះភ្ញៀវទេសចរជប៉ុនដែលមកទស្សនានៅកម្ពុជា ក៏នៅតែមានការកើនឡើងពីមួយទៅមួយឆ្នាំ។
លោករដ្ឋមន្ត្រីបានរំលឹកពីការជួយជ្រោមជ្រែងពីសំណាក់មិត្តជប៉ុន ក្នុងកិច្ចការអភិរក្សតំបន់បេតិកភណ្ឌអង្គរ ក្នុង នាមជាសហប្រធានគណៈកម្មាធិការអន្តរជាតិ ICC-Angkor ជាមួយបារាំង និងបច្ចប្បន្ននៅតំបន់ប្រាសាទ សំបូរព្រៃគុក ខេត្តកំពង់ធំផងដែរ។ លោក ថោង ខុន ក៏បានស្នើដល់ស្ថានទូតជប៉ុន សូមបន្តជួយកសាងផ្លូវ ចូលទៅកាន់សហគមន៍ទេសចរណ៍សំខាន់ៗមួយចំនួនបន្តទៀត ដែលស្ថិតក្នុងកម្រិតនៃសិទ្ធិសម្រេចរបស់ស្ថានទូតផ្ទាល់ផងដែរ។
ចំពោះសំណើទាំងនេះ ត្រូវបានលោក ORINOUCHI ឯកអគ្គរាជទូតដ៏មានសណ្ដានចិត្តប្រពៃទទួលយកទៅជម្រាបប្រាប់រដ្ឋាភិបាលរបស់លោកបន្ត។ លោកឯកអគ្គរាជទូត បានបន្ថែមថា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងកម្ពុជា និងជប៉ុនឱ្យកាន់តែល្អ ប្រសើរឡើងថែមទៀត លោកឯកអគ្គរាជទូតជប៉ុនបានបញ្ជាក់ថា រដ្ឋាភិបាល និងប្រជាជនជប៉ុន នៅតែបន្តកិច្ចសហប្រតិបត្តិការលើវិស័យនេះជាមួយកម្ពុជាបន្តទៅ ទៀត ទោះបីថាលោកបានត្រូវចប់អាណត្តិបេសកកម្មទៅហើយក្ដី៕