ខ្មែរប៉ុស្ដិ៍ Close

ទស្សនៈមតិ៖ ឯករាជ្យភាពរបស់ លោក រ៉ុង ឈុន បានរលាយដូចអំបិលត្រូវទឹកជាយូរយារណាស់មកហើយ !

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសៅរ៍ ទី១០ ខែសីហា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 83
ទស្សនៈមតិ៖ ឯករាជ្យភាពរបស់ លោក រ៉ុង ឈុន បានរលាយដូចអំបិលត្រូវទឹកជាយូរយារណាស់មកហើយ ! ទស្សនៈមតិ៖ ឯករាជ្យភាពរបស់ លោក រ៉ុង ឈុន បានរលាយដូចអំបិលត្រូវទឹកជាយូរយារណាស់មកហើយ !

ស្ថិតក្រោមស្លាកសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន ដែលបច្ចុប្បន្នជាប្រធានសហភាពសហជីពកម្ពុជា ត្រូវបានគេស្គាល់យ៉ាងច្បាស់ថា ជាមនុស្សដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងជាសកម្មជនដ៏សកម្មម្នាក់របស់ក្រុមប្រឆាំងក្រៅច្បាប់តាំងពីដើមរៀងមកនោះ បានប្រកាសត្រៀមផែនការប្រមូលផ្តុំមនុស្សធ្វើបាតុកម្ម ដើម្បីទាមទារឱ្យដោះលែងអតីតមេដឹកនាំគណបក្សប្រឆាំង កឹម សុខា និងលើកលែងទោសឱ្យទណ្ឌិត សម រង្ស៊ី ព្រមទាំងទាមទារឱ្យប្រោសខ្មោចបក្សសង្គ្រោះជាតិឱ្យរស់ឡើងវិញ ។

តើផែនការប្រមូលផ្តុំមនុស្ស ធ្វើបាតុកម្មរបស់ លោក រ៉ុង ឈុន ដែលតាំងខ្លួនជាអ្នកឯករាជ្យតែសំបកក្រៅរូបនេះ បានបង្ហាញពីអ្វីខ្លះ ដល់សាធារណៈមតិ និងអ្នកតាមដាននយោបាយនៅកម្ពុជា?

ការប្រកាសរបស់លោក រ៉ុង ឈុន ខាងលើនេះ វាមិនខុសអី ពីស្រាតខោ ហើយគូទនៅកណ្តាលវាល រួចខំប្រឹងយកដៃខ្ទប់បាំងមុខនោះទេ! ព្រោះថាជំហរ និងគោលការណ៍របស់អង្គការក្រៅរដ្ឋាភិបាល (NGOs) គឺជាអង្គការចាត់តាំងដែលមិនស្វែងរកប្រាក់ចំណេញ ហើយក៏មិនធ្វើនិងបម្រើនយោបាយដែរ ពោលគឺរក្សាជំហរឯករាជ្យ ក្នុងនាមជាស្ថាប័នឯករាជ្យមួយ ។ ប៉ុន្តែសម្រាប់សកម្មភាព និងទង្វើរបស់បុគ្គល រ៉ុង ឈុន ដែលតាំងខ្លួនជាប្រធាន អង្គការ-សមាគម ក្រៅរដ្ឋាភិបាល គឺវាផ្ទុយស្រឡះ ពីគោលការណ៍នេះទៅវិញ ។ អ្វីដែលរិតតែបង្ហាញនូវភាពលម្អៀង និងមិនមានឯករាជ្យភាពក្នុងសកម្មភាព និងតួនាទីជាប្រធានអង្គការសង្គមស៊ីវិល របស់លោក រ៉ុង ឈុន គឺបានស្តែងឱ្យឃើញកាន់តែច្បាស់តាមរយៈការទាមទារ​ និងប្រកាសផែនការប្រឆាំងរដ្ឋអំណាចក្រុងភ្នំពេញ នាពេលថ្មីៗនេះតែម្តង។ លោក រ៉ុង ឈុន បានប្រកាសនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ តាមរយៈសន្និសីទជាមួយអ្នកសារព័ត៌មានថា ទោះបីជាមិនមានការអនុញ្ញាតពីអាជ្ញាធរ ក៏លោកនៅតែរៀបចំការសម្តែងមតិ និងធ្វើបាតុកម្មឱ្យបាន គ្រាន់តែលើកកាលបរិច្ឆេទពីថ្ងៃទី១៥ ខែសីហា ទៅពេលផ្សេងទៀតប៉ុណ្ណោះ ។

លោក រ៉ុង ឈុន បានប្រកាសខ្លួនថា នឹងរៀបចំការប្រមូលផ្តុំមនុស្សប្រមាណជាង ៧០នាក់ដើម្បីធ្វើបាតុកម្ម នៅមុខសាលាដំបូងរាជធានីភ្នំពេញ ទាមទារឱ្យដោះលែងអតីតមេបក្សនយោបាយប្រឆាំង និងលើកលែងទោសឱ្យទណ្ឌិត មេចលនាប្រឆាំងរត់ចោលស្រុក ព្រមទាំងសង្គ្រោះសាកសពខ្មោចបក្សប្រឆាំងឱ្យរស់ឡើងវិញ ទោះបីជាមិនមានការអនុញ្ញាតពីអាជ្ញាធរក្រុងភ្នំពេញក៏ដោយ ។ ការប្រកាសរបស់លោក រ៉ុង ឈុន គឺស្មើនឹងការផ្គើន ចំពោះការណែនាំរបស់រដ្ឋអំណាច ព្រមទាំងប្រឆាំងនឹងការសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញយ៉ាងច្បាស់ក្រឡែត ។

ទង្វើ និងសកម្មភាពខាងលើនេះ គឺបានបង្ហាញថា ៖

បុគ្គល រ៉ុង ឈុន មិនមែនជាបុគ្គលដែលមានជំហរឯករាជ្យ ស័ក្តិសមជាអ្នកដឹកនាំស្ថាប័នអង្គការក្រៅរដ្ឋាភិបាលនោះទេ។ ព្រោះការទាមទារប្រមូលផ្តុំមនុស្សធ្វើបាតុកម្ម ក្នុងបំណងដាក់សម្ពាធលើប្រព័ន្ធតុលាការ ឬរដ្ឋអំណាច ឱ្យដោះលែងអតីតមេដឹកនាំ នៃអតីតគណបក្សប្រឆាំង គឺវាបង្ហាញយ៉ាងច្បាស់ក្រឡែតទៅហើយថា លោក រ៉ុង ឈុន បានគាំទ្រយ៉ាងពេញទំហឹងនូវទង្វើខុសច្បាប់ របស់អតីតមេដឹកនាំគណបក្សប្រឆាំង ដែលបានប្រព្រឹត្តិឡើង ក្នុងចេតនាបំផ្លាញសុខសន្តិភាព ក្បត់ជាតិ និងក្បត់ផលប្រយោជន៍ប្រជាជនកម្ពុជា ដោយចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តាមរយៈបដិវត្តពណ៌ ។

លោក រ៉ុង ឈុន មិនអាចហៅខ្លួនថា ជាបុគ្គលឯករាជ្យ ឬស័ក្តិសមជាប្រធានស្ថាប័នឯករាក្យបាននោះទេ ព្រោះបុគ្គលឯករាជ្យ មិនអាចធ្វើសកម្មភាព ឬចូលរួមធ្វើបាតុកម្មជាមួយគណបក្សនយោបាយណាមួយឡើយ ។ ប៉ុន្តែជាក់ស្តែង គេនៅចាំបានយ៉ាងច្បាស់ថា លោក រ៉ុង ឈុន បានចូលរួមធ្វើបាតុកម្ម ក៏ដូចជាដឹកនាំបាតុកម្មយ៉ាងសកម្ម ជាមួយអតីតគណបក្សប្រឆាំង ក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៣ ។ អ្វីដែលរឹតតែធ្វើឱ្យ រ៉ុង ឈុន បាត់បង់នូវឯករាជ្យភាពរបស់ខ្លួននោះ គឺគោលដៅនៃការទាមទារក្នុងបាតុកម្មនោះនៅក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៣ គឺដើម្បីផ្លាស់ប្តូររាជរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោត និងកើតចេញពីឆន្ទៈរបស់ពលរដ្ឋកម្ពុជា ភាគច្រើនលើសលប់ ។ ការទាមទារទម្លាក់រាជរដ្ឋាភិបាលស្របច្បាប់ របស់បុរសខ្លាំង ហ៊ុន សែន ដែលឈ្នះឆ្នោត ហើយជំនួសមកវិញនូវអតីតបក្សប្រឆាំង ដែលចាញ់ការបោះឆ្នោត ដោយប្រើប្រាស់បាតុកម្ម និងកុប្បកម្ម អមដោយអំពើហិង្សាផងនោះ វាប្រាកដណាស់ថា គឺជាទង្វើដែលបុគ្គលឯករាជ្យ មិនអាចចូលរួមធ្វើទៅរួចឡើយ។ ប៉ុន្តែផ្ទុយទៅវិញ លោក រ៉ុង ឈុន បានចូលរួមយ៉ាងសកម្ម និងលេចធ្លោក្នុងព្រឹត្តិការណ៍នោះ ។

តើឱ្យលោក រ៉ុង ឈុន នៅសល់ឈ្មោះ ជាបុគ្គលដែលមានឯករាជ្យយ៉ាងដូចម្តេច បើគាត់តែងតែចូលរួមយ៉ាងសស្រាក់សស្រាំ រាល់សកម្មភាពប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ និងមិនដែលបង្ហាញនូវការយល់ឃើញដែលស្តែងពីការពិត អំពីស្ថានភាពនៅកម្ពុជាឡើយ។ គ្រប់ប្រធានបទដែល លោក រ៉ុង ឈុន បានលើកឡើង និងចូលរួមធ្វើសកម្មភាពដ៏សកម្មក្រោមស្បែកមុខ អង្គការ-សមាគមឯករាជ្យដើម្បីបុព្វហេតុនយោបាយហើយវ៉ៃប្រហារ ចោទប្រកាន់ និងលាបពណ៌មកលើរដ្ឋអំណាច។ ទង្វើទាំងអស់របស់លោក រ៉ុង ឈុន គឺបម្រើយ៉ាងច្បាស់ និងឥតលាក់លៀម ដល់ ក្រុម​ប្រឆាំងក្រៅច្បាប់។

ជាទូទៅ លោក រ៉ុង ឈុន កម្រនឹងខកខានណាស់ ក្នុងការចូលរួមសកម្មភាពប្រឆាំងរដ្ឋាភិបាល ជាពិសេសគឺការចូលរួមវេទិកា និងបាតុកម្មនានា ដែលដឹកនាំនិងរៀបចំដោយក្រុមចលនាប្រឆាំងនៅក្រៅប្រទេស ។ ថ្មីៗនេះ ​បន្ទាប់ពីអស់ផ្លូវដើរ នៅក្នុងស្រុក ក្រុមចលនាប្រឆាំងក្រៅច្បាប់ បាននាំគ្នាទៅពួនផ្តុំ និងកាច់សម្បុក ធ្វើជាមូលដ្ឋានវ៉ៃប្រហារពីក្រៅប្រទេសវិញម្តង។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ ទោះបីក្រុមប្រឆាំងរត់ចោលស្រុក ធ្វើវេទិកានៅប្រទេសណាក៏ដោយ ក៏លោក រ៉ុង ឈុន កម្រនឹងខកខានការចូលរួមណាស់។ ដោយបង្ហាញទាំងរូបភាព និងវីដេអូយ៉ាងស្និទ្ធស្នាលជាមួយទណ្ឌិត សម រង្ស៊ី និងបក្ខពួកថែមទៀតផង ។ ​ជាក់ស្តែងលោក រ៉ុង ឈុន បានចូលរួមសកម្មភាពបាតុកម្ម និងវេទិកា រួមទាំងសន្និសីទនៅក្រៅប្រទេស ជាមួយក្រុមចលនាប្រឆាំងក្រៅច្បាប់ នៅសហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះជាច្រើនលើកផងដែរ។

តើឱ្យគេជឿង លោក រ៉ុង ឈុន ជាមនុស្សឯករាជ្យយ៉ាងម៉េចទៅ បើគាត់គឺជាអតីតមន្ត្រីរបស់អតីតគណបក្សប្រឆាំងកូតា សម រង្ស៊ី ហើយធ្លាប់បានបោះបង់ចោលតំណែងជាប្រធានសមាគមរបស់ខ្លួន ដើម្បីឈរឈ្មោះតំណាងឱ្យអតីតបក្សប្រឆាំងក្នុង គ.ជ.ប កាលពីដើមឆ្នាំ២០១៣ នោះ?។ បុគ្គល រ៉ុង ឈុន នេះ ក៏ធ្លាប់ត្រូវបានគេផ្គូផ្គងឱ្យធ្វើជាតំណាងរាស្ត្រគណបក្សប្រឆាំងផងដែរ។ ដូច្នេះវាពិបាកនឹងជឿណាស់ថា លោក រ៉ុង ឈុន ជាបុគ្គលដែលមានឯករាជ្យភាពនោះ។ ប៉ុន្តែអ្វីដែលគួរឱ្យសោកស្តាយ គឺការបន្តពាក់ស្បែកមុខ អង្គការ-សមាគមក្រៅរដ្ឋាភិបាល របស់លោក រ៉ុង ឈុន បានធ្វើឱ្យខូចដល់កេរ្តិ៍ឈ្មោះ អង្គការ-សមាគមក្រៅរដ្ឋាភិបាល ដែលធ្វើសកម្មភាពដោយឯករាជ្យ និងមិនពាក់ព័ន្ធនឹងបក្សនយោបាយពិតប្រាកដ ស្របតាមច្បាប់នោះ។

ក្នុងនាមជាអ្នកតាមដានស្ថានការណ៍នយោបាយ និងសង្គមនៅកម្ពុជា ខ្ញុំយល់ឃើញថា បើលោក រ៉ុង ឈុន ជ្រុលតែដើរផ្លូវជាមួយអតីតគណបក្សប្រឆាំង ដើម្បីគោលដៅអំណាចក្នុងក្តីស្រមៃរបស់ខ្លួនទៅហើយនោះ លោកមិនគួរណា ធ្វើឱ្យប្រឡាក់ដល់ឈ្មោះអ្នកឯករាជ្យ ឬអង្គការ-សមាគមឯករាជ្យនោះទេ។ លោកគួរតែមានភាពក្លាហាន បកស្បែកមុខរបស់ខ្លួន បង្ហាញសាធារណៈជន ដោយចូលរួមធ្វើនយោបាយ ពេញមុខពេញមាត់ ជាមួយគណបក្ស ដែលលោកពេញចិត្តតែម្តងទៅ ជៀសវាងតាំងខ្លួនជាមេដឹកនាំ សមាគម ឬអង្គការសង្គមស៊ីវិល តែធ្វើសកម្មភាព បម្រើឱ្យបក្សនយោបាយទៅវិញ។ ការធ្វើសកម្មភាពប្រឡូកប្រឡាក់ នឹងរឿងនយោបាយរបស់លោក គឺបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ អង្គការ-សមាគមក្រៅរដ្ឋាភិបាលដែលត្រឹមត្រូវ នឹងមានគោលជំហរឯករាជ្យពិតប្រាកដ។ ហើយ សមាគម ឬអង្គការស៊ីវិល ដែលប្រកាន់ជំហរដ៏ត្រឹមត្រូវ ក្នុងឯករាជ្យភាពរបស់ខ្លួន ក៏មិនគួរណាបណ្តែតបណ្តោយឱ្យ លោក រ៉ុង ឈុន ក្រឡុកក្រឆាតាមចិត្ត ដោយសកម្មភាពនយោបាយ ប្រើប្រាស់ស្បែកអង្គការ-សមាគមតទៅទៀតដែរ។ អង្គការ-សមាគម នានា អាចនឹងត្រូវសាធារណៈជន វាយតម្លៃថា សុទ្ធតែជាពួកពាក់ស្បែកមុខឥសី តែធាតុពិតជាព្រាយបិសាច! ដូចពាក្យចាស់បុរាណបានពោលថា «ត្រីមួយកន្ត្រក ស្អុយមួយ គឺស្អុយទាំងអស់»។ ដូច្នេះគួរមានវិធានការ ឬហ៊ានរិះគន់ចំៗចំពោះទង្វើទាំងឡាយណា ដែលប្រាសចាក ពីគោលការណ៍ដើមនៃអង្គការ-សមាគមក្រៅរដ្ឋាភិបាល ឯករាជ្យ ដែលត្រូវបានប្រើប្រាស់ដោយក្រុមអ្នកនយោបាយបន្លំភ្នែកមហាជន៕

ដោយ៖ ស ជាតិ

អត្ថបទទាក់ទង