ខ្មែរប៉ុស្ដិ៍ Close

(វីដេអូ) សេចក្ដីថ្លែងការណ៍របស់ឯកឧត្តម ណី សំអុល ឆ្លើយតបទៅនឹងរបាយការណ៍របស់ឯកឧត្តមអគ្គរដ្ឋលេខាធិការនៃអង្គការសហប្រជាជាតិ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី២៥ ខែមីនា ឆ្នាំ២០១៨ ឯកសារ 46

បន្ទាប់ពីមានការចេញសេចក្ដីថ្លែងការរិះគន់នូវចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជាស្ដីអំពីបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនាពេលកន្លងទៅថ្មីៗនេះ ឧកឧត្តម ណី សំអុល ឯកអគ្គរាជទូតតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំមន្ទីរអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានាប្រចាំទីក្រុង ហ្សឺណែវ បានចេញនូវសេចក្ដីថ្លែងការណ៍មួយច្បាប់ដើម្បីឆ្លើយតបទៅនឹងរបាយការណ៍របស់ឯកឧត្តមអគ្គលេខាធិការ (ជំនួយបច្ចេកទេស និងការកសាងសមត្ថភាព) តួនាទី និងសមិទ្ធផលរបស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ចំពោះការជួយរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជា នៅក្នុងការលើកស្ទួយ និងការការពារសិទ្ធិមនុស្ស ក្នុងសម័យប្រជុំលើកទី ៣៧ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី ២២ ខែមិនា ឆ្នាំ ២០១៨ នេះ។

សូមអាននូវខ្លឹមសារនៃសេចក្ដីថ្លែងការណ៍របស់ឯកឧត្តម ណី សំអុល ខាងក្រោម៖

លោកប្រធានជាទីគោរព!

គណៈប្រតិភូយើងខ្ញុំ សូមថ្លែងអំណរគុណឯកឧត្តមអគ្គលេខាធិការចំពោះការធ្វើបទបង្ហាញនូវរបាយការណ៍ប្រចាំឆ្នាំនៅក្នុងកិច្ចប្រជុំនេះ និងសូមថ្លែងអំណរគុណផងដែរចំពោះការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស និងការិយាល័យប្រតិបត្តិការរបស់ខ្លួនសម្រាប់សេវាប្រឹក្សាយោបល់ និងជំនួយបច្ចេកទេសនៅក្នុងការលើកស្ទួយ និងការពារសិទ្ធិមនុស្សនៅប្រទេសកម្ពុជា។

ទោះយ៉ាងណាក៏ដោយ កម្ពុជាយល់ឃើញថា ដំណើរការនៃការលើកស្ទួយ និងការការពារសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យគួរតែត្រូវបានគេរៀបចំឡើងដោយអនុលោមទៅតាមគោលបំណង និងគោលការណ៍នៃធម្មនុញ្ញសហប្រជាជាតិ ជាពិសេសស្របទៅតាមមាត្រា ២ (៧)។ ដូចគ្នានេះដែរ បើយោងតាមសេចក្ដីសម្រេចនៃមហាសន្និបាតអង្គការសហប្រជាជាតិ A/Res/48/141 នៃថ្ងៃទី ២០ ខែធ្នូ ឆ្នាំ១៩៩៣ ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស មានកាតព្វកិច្ច គោរពអធិបតេយ្យភាព និងយុត្តាធិការក្នុងស្រុករបស់រដ្ឋមនីមួយៗនៅក្នុងការអនុវត្តនូវអាណត្តិការងាររបស់ខ្លួន។

លើសពីនេះទៀត កថាខណ្ឌ I (៥) នៃសន្និសីទពិភពលោកស្ដីពីសិទ្ធិមនុស្សដែលត្រូវបានអនុម័តនៅក្នុងទីក្រុង Vienna នៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ១៩៩៣ តម្រូវអោយសហគមន៍អន្ដរជាតិ គោរពសិទ្ធិមនុស្សដោយស្មើរភាពគ្នា និងដោយសារៈសំខាន់ស្មើៗគ្នា។  ហេតុដូច្នេះហើយ សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ មិនគួរត្រូវបានគេផ្ដល់អទិភាព ដោយមិនយកចិត្តទុកដាក់ចំពោះសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌នោះឡើយ។

ដោយរក្សាជាប់ជានិច្ចនូវស្មារតីដ៏ពិសិដ្ឋទាំងនេះនៅក្នុងចិត្ត គណៈប្រតិភូយើងខ្ញុំ សូមអនុញ្ញាតជម្រាបជូនក្រុមប្រឹក្សាអំពីដំណាក់កាល និងការវិវឌ្ឍសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាដូចខាងក្រោម៖

តាំងពីឆ្នាំ ១៩៩៣ មក ប្រទេសកម្ពុជាបានអនុញ្ញាតអោយមានទាំងអ្នករាយការណ៍ពិសេសប្រចាំប្រទេស និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។ នៅក្នុងឆ្នាំ ២០១៦ រាជរដ្ឋាភិបាលកម្ពុជាបានពន្យាអាណត្តិដល់អ្នករាយការណ៍ពិសេស និងការិយាល័យឧត្តមស្នងការ រយៈពេល ២ ឆ្នាំបន្តទៀតផងដែរ។ គ្រប់សំណើដែលសុំអោយមានដំណើរទស្សនកិច្ចត្រួតពិនិត្យស្ថានភាពការងារ និងគ្រប់ការស្នើជំនួបនានាដែលត្រូវបានស្នើឡើង បានទទួលការយល់ព្រមពីរាជរដ្ឋាភិបាលកម្ពុជា។ កាលពីសប្ដាហ៍មុននេះ លោកស្រីសាស្រ្ដាចារ្យ  Rhona Smith ក៏បានបញ្ចប់ដំណើរទស្សនកិច្ចរបស់ខ្លួន បន្ទាប់ពីលោកស្រីបានជួបឥស្សរៈជនសំខាន់ៗជាច្រើនរូប រួមជាមួយនឹងអង្គការសង្គមស៊ីវិល អង្គការក្រៅរដ្ឋាភិបាល និងទីភ្នាក់ងារអង្គការសហប្រជាជាតិផងដែរ។

ម្យ៉ាងវិញទៀត ប្រទេសកម្ពុជាជាភាគីនៃលិខិតុបករណ៍សិទ្ធិមនុស្សអន្ដរជាតិស្នូលចំនួន ៨ ក្នុងចំណោម ៩ និងបានទទួលយក ៧៩.៥ ភាគរយនៃអនុសាសន៍ដែលត្រូវបានធ្វើឡើងនៅឯជុំទី ២ នៃដំណើរការពិនិត្យរបាយការណ៍ជាសាកលតាមពេលកំណត់ (UPR) ជាដើម។

សកម្មភាពចូលរួមជាសកម្មនៅក្នុងកិច្ចពិភាក្សាជាមួយគ្រប់យន្ដការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិខាងលើបានបញ្ជាក់យ៉ាងច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជាមានការប្ដេជ្ញាចិត្តខ្ពស់នៅក្នុងការលើកស្ទួយ និងការការពារសិទ្ធិមនុស្ស ការគោរពយ៉ាងខ្ជាប់ខ្ជួននូវនិតិរដ្ឋ និងការជំរុញលទ្ធិប្រជាធិបតេយ្យអោយកាន់តែមានលក្ខណៈល្អប្រសើរ ជាពិសេស សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ដែលផ្ទុយស្រលះពីការប្រកាសផ្សាយថា «កម្ពុជាបានមកដល់ផ្លូវបំបែកហើយ» ។

ជាមួយគ្នានេះដែរ បើនិយាយពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌វិញ បច្ចុប្បន្ននេះប្រទេសកម្ពុជាទទួលបាន កំណើនឥតឈប់ឈរនៃសេដ្ឋកិច្ចជាមធ្យម ៧.៧ ភាគរយក្នុងរយៈពេល ២ ទសវត្សរ៍ ហើយនឹងបន្តកើនឡើង ៧.១% ក្នុងឆ្នាំនេះ។ កម្ពុជាបានប្រែក្លាយពីប្រទេសដែលមានចំណូលទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប។ អត្រានៃភាពក្រីក្រត្រូវបានកាត់បន្ថយពី ៥៣% ក្នុងឆ្នាំ ២០០៤ មក ១៣.៥% ក្នុងឆ្នាំ ២០១៤ ដែលធ្វើអោយប្រទេសកម្ពុជា ជាប្រទេសមួយដែលមានកំណើនសេដ្ឋកិច្ចល្អបំផុតក្នុងចំណោមប្រទេសដទៃទៀតក្នុងពិភពលោក។

ហេតុដូច្នេះហើយ សមិទ្ធផលសម្រេចបានដ៏ធំធេងទាំងនេះ បានបង្ហាញអោយឃើញច្បាស់ដោយមិនអាចប្រកែកបានឡើយថា សិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌នៃប្រជាពលរដ្ឋកម្ពុជាត្រូវបានរក្សាការពារយ៉ាងខ្ជាប់ខ្ជួនដូចដែលបានយល់ស្របដោយឧត្តមស្នងការរង លោកស្រី Kate Gilmore ។

បើដូច្នេះ តើអ្វីដែលកម្ពុជាអាចធ្វើបន្តទៀតបាន? តើបទដ្ឋានសិទ្ធិមនុស្សបែបណាទៅដែលកំពុងដាក់កម្រិតដល់រដ្ឋាភិបាលកម្ពុជា? តើជាបទដ្ឋាន ”សិទ្ធិមនុស្សរបស់អ្នកដែលកម្ពុជាត្រូវតែតម្រូវអោយអនុវត្តន៍តាម ឬមួយយ៉ាងណា?”

លោកប្រធានជាទីគោរព!

លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋ គឺពឹងផ្អែក និងពង្រឹងគ្នាទៅវិញទៅមក។ ការកាត់ទោស និងផ្ដន្ទាទោសជនណាដែលប្រព្រឹត្តបទល្មើស របស់អាជ្ញាធរមានសមត្ថកិច្ច និងអនុលោមទៅតាមច្បាប់ និងបទបញ្ញត្តិដែលមានជាធរមាន ដើម្បីសារៈប្រយោជន៍នៃយុត្តិធម៌ មិនគួរត្រូវបានគេមើលឃើញថាជាការគម្រាមកំហែងដល់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនោះទេ ហើយក៏មិនគួរត្រូវបានចោទប្រកាន់ដោយគ្មានមូលដ្ឋានថាជា ”ការប្រើប្រាស់ច្បាប់ដើម្បីគ្រប់គ្រង” (Rule by Law ) នោះដែរ ព្រោះការពិត វាគ្រាន់តែជាការពង្រឹងនូវនីតិរដ្ឋប៉ុណ្ណោះ (Rule of Law ) ។

ទោះយ៉ាងណាក៏ដោយ អាចនិយាយដោយសង្ខេបខ្លីបានថា ការកេងចំណេញផ្នែកនយោបាយ តែងតែត្រូវបានគេព្យាយាមរៀបចំឡើងឥតឈប់ឈរប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា គឺក្នុងបំណងបង្ខូចកេរ្តិ៍ឈ្មោះ ដោយមិនខ្វល់ពីការអនុវត្តល្អៗនានា និងសមិទ្ធផលសម្រេចបានជាច្រើនដូចដែលបានរៀបរាប់ខាងលើ។

លើសពីនេះទៀត គេសង្កេតឃើញថា អង្គភាពបរទេសនានា រួមទាំងរដ្ឋាភិបាលមួយចំនួនបានបំប្លែងយន្ដការសិទ្ធិមនុស្សអង្គការសហប្រជាជាតិអោយក្លាយជារូបភាពនយោបាយក្នុងគោលបំណងសាបព្រោះការស្អប់ខ្ពើម និងបណ្ដុះនយោបាយប្រទូសរ៉ាយ ប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងផ្លាស់ប្ដូររបបបច្ចុប្បន្នតាមអ្វីដែលហៅថា «បដិវត្តន៍ពណ៌»

ជាទីបញ្ចប់ គណៈប្រតិភូយើងខ្ញុំសូមបញ្ជាក់អះអាងសារជាថ្មីថា កម្ពុជាមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការធ្វើកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូជាមួយគ្រប់យន្ដការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និងភាគីពាក់ព័ន្ធទាំងអស់ដើម្បីបន្ដលើកស្ទួយ និងការពារសិទ្ធិមនុស្សដោយផ្អែកទៅលើការ គោរពគ្នាទៅវិញទៅមក និងការគោរពគោលការណ៍នៃការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋអធិបតេយ្យនីមួយៗ ដូចដែលមានចែងនៅក្នុងធម្មនុញ្ញសហប្រជាជាតិ និងលិខិតុបករណ៍សិទ្ធិមនុស្សអន្តរជាតិនានា។

ខ្ញុំសូមអរគុណ!