ខ្មែរប៉ុស្ដិ៍ Close

ឯកអគ្គរដ្ឋទូតស៊ុយអែតចប់អាណត្តិកោតសសើរពីការអភិវឌ្ឍ និងសភាពការណ៍ពិតនៅកម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២២ ខែកក្កដា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 29
ឯកអគ្គរដ្ឋទូតស៊ុយអែតចប់អាណត្តិកោតសសើរពីការអភិវឌ្ឍ និងសភាពការណ៍ពិតនៅកម្ពុជា ឯកអគ្គរដ្ឋទូតស៊ុយអែតចប់អាណត្តិកោតសសើរពីការអភិវឌ្ឍ និងសភាពការណ៍ពិតនៅកម្ពុជា

នៅក្នុងឱកាស ឯកអគ្គរដ្ឋទូតចប់អាណត្តិ ប្រទេសស៊ុយអ៊ែត ប្រចំានៅកម្ពុជា លោកស្រី ម៉ារៀ សាហ្គ្រេន( Maria Sargren ) ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា លោក ហេង សំរិន ប្រធានរដ្ឋសភា បានបង្ហាញការជឿជាក់ថាប៉ុន្មានឆ្នាំ នៃបេសកកម្មការទូតនៅកម្ពុជា របស់លោកស្រីពិតជាបានឃើញជាក់ស្តែងនូវការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់របស់កម្ពុជា រួមទំាងសភាពការណ៍ពិតនៅកម្ពុជា ដែលផ្ទុយពីការបំពងសំឡេងនៅខាងក្រៅ ដើម្បីផលប្រយោជន៍នយោបាយ។

នៅក្នុងបេសកកម្មការទូត៣ឆ្នាំនៅកម្ពុជា លោកស្រី ម៉ារៀ សាហ្គ្រេន បានអបអរសាទរពីការរីកចម្រើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា លើការងារការទូត ចំណងមិត្តភាព កិច្ចសហប្រតិបត្តិប្រទេសទំាងពីរមានការរីកចម្រើន ដែលជាកក្តាសំខាន់នៅក្នុងការលើកកម្ពស់ជីវិភាពពលរដ្ឋ និងការកាត់បន្ថយភាពក្រីក្រស្របតាមគោលដៅអភិវឌ្ឍន៍សហវត្សរ៍។ ស៊ុយអ៊ែត ជាប្រទេសមួយដែលស្ថិតនៅក្នុងសហគមអឺរ៉ុបដែលបានជួយកម្ពុជាចាប់ពីរបបខ្មែរក្រហមបានដួលរលំ និងជាបន្តបន្ទាប់មក។ ជាក់ស្តែងប្រទេសស៊ុយអ៊ែត បានចូលរួមចំណែកក្នុងការអភិវឌ្ឍកម្ពុជាជាច្រើនវិស័យ មានដូចការលើកកម្ពស់សិទ្ធិមនុស្ស ប្រជាធិបតេយ្យ ការអប់រំ ការអភិវឌ្ឍសហគមន៍ ការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ និងសមភាពយេនឌ័រ ជាដើម។

លោក ហេង សំរិន បានថ្លែងអំណរគុណដែលរយៈពេល ជាង ៥ឆ្នាំមកនេះ ប្រទេសស៊ុយអ៊ែត បានផ្តល់ជំនួយអភិវឌ្ឍលើវិស័យផ្សេងៗ ក្នុងចំនួនទឹកប្រាក់ជាង ១០០លានដុល្លាអាមេរិក ជាពិសេសបានផ្តល់ជំនួយបច្ចេកទេសដល់រដ្ឋសភាកម្ពុជា លើការអភិវឌ្ឍ និងលើកកម្ពស់សមត្ថភាពមន្រ្តីជំនាញតាមរយៈការរៀបចំទស្សនកិច្ចសិក្សា ការរៀបចំសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលនានា។ លោកសង្ឃឹមថាលោកស្រី នឹងនៅតែរក្សាទំនាក់ទំនងល្អជាមួយកម្ពុជា និងបន្តជួយផ្សព្វផ្សាយ លើកទឹកចិត្តដល់វិនិយោគិន និងភ្ញៀវទេសចរ មកកំសាន្តនៅកម្ពុជាជាបន្តបន្ទាប់ និងស្នើឱ្យប្រទេសស៊ុយអ៊ែត បន្តជួយបណ្តុះបណ្តាលធនធានមនុស្ស ផ្តល់អាហារូបករណ៍ ដល់និស្សិតកម្ពុជា ដើម្បីពង្រឹងសមត្ថភាពជំនាញ និងការស្រាវជ្រាវបែបវិទ្យាសាស្រ្ត លើវិស័យអាទិភាព ដូចជាការអភិវឌ្ឍកសិកម្ម ការអភិវឌ្ឍទីក្រុងវៃឆ្លាត ទេសចរណ៍ សហគ្រិនស្រ្តី និងសេដ្ឋកិច្ចឌីជីថល ជាដើម៕