ខ្មែរប៉ុស្ដិ៍ Close

អង្គការសហប្រជាជាតិ ស្ញប់ស្ញែងចំពោះការលះបង់របស់កងកម្លាំងកម្ពុជា ក្នុងបេសកកម្មរក្សាសន្តិភាពលើពិភពលោក

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០១៩ ផ្ទះហ្វេសប៊ុក 209
អង្គការសហប្រជាជាតិ ស្ញប់ស្ញែងចំពោះការលះបង់របស់កងកម្លាំងកម្ពុជា ក្នុងបេសកកម្មរក្សាសន្តិភាពលើពិភពលោក អង្គការសហប្រជាជាតិ ស្ញប់ស្ញែងចំពោះការលះបង់របស់កងកម្លាំងកម្ពុជា ក្នុងបេសកកម្មរក្សាសន្តិភាពលើពិភពលោក

អង្គការសហប្រជាជាតិតាមរយៈទំព័រ Facebook ផ្លូវការរបស់ខ្លួនដែលមានអ្នក Like ជាង ៤លាន នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩នេះ បានបង្ហោះរូបភាពកងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជាមួយសន្លឹក មានទាំងកងកម្លាំងជានារី និងបុរសឈរជុំគ្នាជាមួយស្នាមញញឹមយ៉ាងស្រស់ស្រាយ។

ជាមួយនឹងការបង្ហោះរូបភាពមួយសន្លឹកនេះ អង្គការសហប្រជាជាតិ ក៏បានសរសេរនូវអត្ថបទខ្លីមួយដោយបានអរគុណ និងស្ញប់ស្ញែងចំពោះការលះបង់របស់កងកម្លាំងមួកខៀវរបស់កម្ពុជា ដើម្បីចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពនៅជុំវិញពិភពលោក។

អង្គការសហប្រជាជាតិ បានសរសេររៀបរាប់យ៉ាងដូច្នេះ «កងកម្លាំងស្ត្រី និងបុរសដ៏អង់អាចក្លាហានមកពីប្រទេសកម្ពុជា សុខចិត្តចាកចេញពីគ្រួសាររបស់ពួកគេ ដើម្បីបំពេញបេសកកម្មរក្សាសន្តិភាពជាមួយអង្គការសហប្រជាជាតិ នៅជុំវិញពិភពលោក។ យើងពិតជាអរគុណដល់ពួកគេចំពោះការងារ និងការលះបង់របស់ពួកគេ»

រូបភាពមួយសន្លឹកនេះទទួលបានការចាប់អារម្មណ៍ខ្ពស់ផងដែរពីអ្នកលេងបណ្តាញសង្គមនៅកម្ពុជា និងតាមបណ្តាប្រទេសនានា។ អ្នកលេងបណ្តាញសង្គម Facebook បានចូលទៅចុចចូលចិត្ត (Like) ស្រឡាញ់ (Love) និងចែករំលែក (Share) រាប់ពាន់ផងដែរ។

សូមបញ្ជាក់ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចិត្តបញ្ជូនកងកម្លាំងចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពលើពិភពលោកក្រោមទង់របស់អង្គការសហប្រជាជាតិកាលពីឆ្នាំ២០០៦។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាអ្នកសម្រេចចិត្តលើការងារនេះ ធ្លាប់បានបញ្ជាក់ថា ការសម្រេចចិត្តបញ្ជូនកងកម្លាំងចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពជាមួយអង្គការសហប្រជាជាតិនេះ គឺជាសម្រេចចិត្តដ៏លំបាកបំផុត ព្រោះត្រូវប្រឈមនឹងការទទួលខុសត្រូវខ្ពស់បំផុតជាមួយជាតិ និងក្រុមគ្រួសាររបស់កងកម្លាំងប្រសិនបើកងកម្លាំងទាំងនេះត្រូវប្រឈមនឹងគ្រោះថ្នាក់ផ្សេងៗ ឬដល់អាយុជីវិតជាដើមនោះ។

របាយការណ៍បានបង្ហាញថា ចាប់តាំងពីឆ្នាំ២០០៦មកកម្ពុជា បានបញ្ជូងកងកម្លាំងមួកខៀវចេញទៅបំពេញបេសកកម្មរក្សាសន្តិភាពនៅតាមបណ្តាប្រទេសនានាចំនួន ៦,០៥៣នាក់ នារី ២៨៥នាក់។ ប្រទេសដែលកងកម្លាំងកម្ពុជាបានចូលរួមបំពេញបេសកកម្មនោះមានដូចជា៖ សាធារណរដ្ឋ ស៊ូដង់ខាងត្បូង លីបង់ សាយប្រឺស ស៊ីរី ឆាដ ម៉ាលី និង អាហ្វ្រិកកណ្តាលជាដើម។ បច្ចុប្បន្នកងកម្លាំងកម្ពុជា ៧៩៧នាក់ មាននារី ៥៤នាក់ បានដាក់ពង្រាយនៅតាមបណ្តាប្រទេសទាំងនេះ។

កម្ពុជាបានក្លាយជាប្រទេសដែលបានរួមចំណែកធំបំផុតក្នុងអាស៊ាន ដែលបានមានកម្លាំងរក្សាសន្តិភាពកំពុងបំពេញបេសកកម្មនៅតាមបណ្តាប្រទេសនានា។ កម្ពុជា ក៏ត្រូវបានអង្គការសហប្រជាជាតិ ឱ្យចំណាត់ថ្នាក់លេខ២៩ ផ្នែកបុរស និងនារីលេខ១៧ ក្នុងចំណោម ១២២ប្រទេស ដែលបានចាត់កងកម្លាំងទៅចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

កងកម្លាំងកម្ពុជា ក៏ធ្លាប់បានរងគ្រោះរហូតបាត់បង់ជីវិតដោយសារជំងឺ និងការវាយប្រហារផ្សេងៗផងដែរពេលបំពេញបេសកកម្មនេះ។ បើទោះបីជាយ៉ាងណាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងបានប្រកាសបង្ហាញពីជំហរដ៏រឹងមាំ និងមិនចុះញមរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមក្នុងបេសកកម្មជាមួយអង្គការសហប្រជាជាតិ ដើម្បីរក្សាសន្តិភាពជូនបណ្តាប្រទេសកំពុងមានវិបត្តិសង្គ្រាម។

ក្នុងនាមជាមេដឹកនាំក្នុងប្រទេសធ្លាប់ញាំញីដោយវិបត្តិភ្លើងសង្គ្រាម និងទទួលបានការជួយជ្រោមជ្រែងពីអង្គការសហប្រជាជាតិដែរនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនត្រឹមតែបង្ហាញការប្តេជ្ញាចិត្តពង្រឹងជំហរក្នុងបេសកកម្មមួយនេះ ថែមទាំងបានប្រកាសប្តេជ្ញាចូលរួមក្នុងបេសកកម្មនេះឱ្យកាន់តែសកម្ម និងក្លៀវក្លាថែមទៀតផង ៕

អត្ថបទទាក់ទង