ខ្មែរប៉ុស្ដិ៍ Close

លោក ហ៊ុន សែន អបអរសារទរដល់និស្សិតជ័យលាភីទាំងអស់ និងថ្លែងអំណរគុណចំពោះអាណាព្យាបាលដែលបានជម្រុញកូនចៅទៅសិក្សារហូតទទួលបានជោគជ័យ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1064
លោក ហ៊ុន សែន អបអរសារទរដល់និស្សិតជ័យលាភីទាំងអស់ និងថ្លែងអំណរគុណចំពោះអាណាព្យាបាលដែលបានជម្រុញកូនចៅទៅសិក្សារហូតទទួលបានជោគជ័យលោក ហ៊ុន សែន អបអរសារទរដល់និស្សិតជ័យលាភីទាំងអស់ និងថ្លែងអំណរគុណចំពោះអាណាព្យាបាលដែលបានជម្រុញកូនចៅទៅសិក្សារហូតទទួលបានជោគជ័យ

នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុបចំនួន ១,៥៧៨នាក់ ក្នុងនោះនារីមានចំនួន ៦៤០នាក់ ដែលពិធីនេះធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ។ និស្សិតដែលទទួលសញ្ញាបត្រនៅថ្ងៃនេះរួមមាន និស្សិតថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ដែលបានបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា២០១៦-២០១៧ និង ២០១៧-២០១៨។ និស្សិតទទួលសញ្ញាបត្រនៅថ្ងៃនេះ មាននិស្សិតអាហារូបករណ៍របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន ៣៥នាក់ផងដែរ ក្នុងនោះមាននារី ១៤នាក់ មានជនពិការ ៤នាក់ និងមាននិស្សិតបរទេសចំនួន ៤នាក់ផងដែរ ដោយមាននិស្សិតឡាវ ២នាក់ និងកូរ៉េ ២នាក់។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្តែងនូវក្តីសប្បាយរីករាយក្រៃលែង ដែលបានអញ្ជើញមកប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុប នាពេលនេះ។ លោកនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ កោតសរសើរ និងអបអរសារទរដល់និស្សិតជ័យលាភីទាំងអស់ និងថ្លែងអំណរគុណចំពោះមាតាបិតា និងអាណាព្យាបាលដែលបានផ្តល់ឱកាសឱ្យកូនចៅបានសិក្សារៀនសូត្ររហូតទទួលបានជោគជ័យនាពេលនេះ។ លោក ក៏បានកោតសរសើរផងដែរចំពោះថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុបដែលបានរួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្សឱ្យទទួលបានជោគជ័យជាបន្តបន្ទាប់។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងដោយក្តីមោទនៈ ចំពោះភាពរីកចម្រើននៃវិស័យអប់រំរបស់ប្រទេសកម្ពុជា ដែលកម្ពុជាបានចាប់ផ្តើមឡើងពីចំនុចសូន្យ ក្រោយពីយើងបានងើបផុតពីសង្រ្គាម។ លោក បានរំលឹកថា ក្នុងរយៈពេល ៤០កន្លងមកនេះ យើងបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាក្នុងការអភិវឌ្ឍប្រទេសជាតិ ដែលពីមុនកម្ពុជាត្រូវបានគេហ៊ុព័ទ្ធសេដ្ឋកិច្ច តែយើងបានរើបម្រាស់រហូតសម្រេចបាននូវកំណើនសេដ្ឋកិច្ចជាមធ្យមក្នុងរង្វង់ ៧% ក្នុង១ឆ្នាំ ក្នុងរយៈពេលជាង២ទសវត្សចុងក្រោយនេះ។ តាមរយៈវិស័យអប់រំយើងបានចាប់ផ្តើមតាំងពីអ្នកចេះច្រើន បង្រៀនអ្នកចេះតិច និង អ្នកចេះតិចបង្រៀនអ្នកមិនចេះសោះ រហូតដល់ពេលនេះយើងមានគ្រូបង្រៀន និងអ្នកជំនាញច្បាស់លាស់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សរបស់យើង។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំណរគុណដល់បណ្តាសាកលវិទ្យាល័យ និងវិទ្យាស្ថានមួយចំនួនដែលបានផ្តល់អាហារូបករណ៍មកដល់លោក ដើម្បីផ្តល់ទៅឱ្យនិស្សិតក្រីក្របានបន្តការសិក្សារបស់ខ្លួននៅថ្នាក់មហាវិទ្យាល័យ។ ហើយកន្លងមកនេះក្រៅពីការផ្តល់ជូននូវអាហារូបករណ៍នោះ លោក ក៏បានជួយជាអង្ករ២តោន និងថវិកា ៥លានរៀនក្នុង១ខែផងដែរ ដល់សាកលវិទ្យាល័យ និងវិទ្យាស្ថានមួយចំនួនទៀតដើម្បីជួយទ្រទ្រង់ដល់ជីវភាពនិស្សិតក្រីក្រ៕

អត្ថបទទាក់ទង