ខ្មែរប៉ុស្ដិ៍ Close

លោកឧបនាយករដ្ឋមន្រ្តី ស ខេង បញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យផ្ដាច់ឬសគល់អ្នកផលិត និងចែកចាយទំនិញក្លែងក្លាយខូចគុណភាព

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 26
លោកឧបនាយករដ្ឋមន្រ្តី ស ខេង បញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យផ្ដាច់ឬសគល់អ្នកផលិត និងចែកចាយទំនិញក្លែងក្លាយខូចគុណភាព លោកឧបនាយករដ្ឋមន្រ្តី ស ខេង បញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យផ្ដាច់ឬសគល់អ្នកផលិត និងចែកចាយទំនិញក្លែងក្លាយខូចគុណភាព

លោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជា យ៉ាងម៉ឺងម៉ាត់ ទៅកាន់គណៈកម្មាធិការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យ ខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក) និងស្ថាប័នពាក់ព័ន្ធ ត្រូវតែផ្ដាច់ឬសគល់អ្នកផលិត និងអ្នកចែកចាយទំនិញក្លែងក្លាយ ខូចគុណភាពឱ្យខាងតែបាន។

ក្រៅពីការដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ហើយនោះ ក្នុងពិធីបំផ្លាញទំនិញ ក្លែងក្លាយ និងខូចគុណភាពសរុបជាង៧០តោន នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩នេះ លោក ស ខេង ក៏បានលើកឡើងថា ប្រសិនបើប្រតិបត្តិការ បង្ក្រាបលើកក្រោយសមត្ថកិច្ចដកហូតបានតែទំនិញ ហើយចាប់មិនបាន អ្នកផលិត ឬអ្នកពាក់ព័ន្ធទេនោះ លោកនឹងមិនចូលរួមជាអធិបតី ដុតបំផ្លាញនោះឡើយ។

ព្រមពេលជាមួយគ្នានេះ លោក ស ខេង ក៏បានសម្ដែងនូវការព្រួយបារម្ភ យ៉ាងខ្លាំងផងដែរ ព្រោះថាទំនិញក្លែងក្លាយ និងខូចគុណភាព ដែលបង្ក្រាប បាននេះ ជាទំនិញដែលគេស្ដុកទុកក្នុងឃ្លាំងតែប៉ុណ្ណោះ ខណៈមួយចំនួន ទៀតដែលបង្ក្រាបមិនបាន កំពុងតែចរាចរយ៉ាងសកម្ម ដែលជាហេតុនាំឱ្យ មានការបង្កគ្រោះថ្នាក់ដល់សុខភាពរបស់ប្រជាពលរដ្ឋ។

ឆ្លើយតបទៅនឹងបញ្ហានេះ លោក ស ខេង ក៏បានដាក់បទបញ្ជា យ៉ាងម៉ឺង ម៉ាត់ដល់សមត្ថកិច្ចដែលជាប់ពាក់ព័ន្ធទាំងអស់ត្រូវតែរួមគ្នា បង្ក្រាប បទល្មើសមួយនេះបន្ថែមទៀត ដោយមិនត្រូវបញ្ឈប់នោះឡើយ ហើយនៅពេលបង្ក្រាបលើក ប្រសិនបើដកហូតបានតែវត្ថុតាង តែចាប់មិន បានអ្នកប្រព្រឹត្តដើម្បីយកមកផ្ដន្ទាទោសនោះទេ លោកនឹងមិនចូលរួម ជាអធិបតីដើម្បីដុតបំផ្លាញនោះឡើយ។

លោកឧបនាយករដ្ឋមន្រ្តី ស ខេង ក៏បានឱ្យដឹងថា រាល់ទំនិញក្លែងក្លាយ និងខូចគុណភាពទាំងអស់នោះ មិនធ្វើឱ្យប៉ះពាល់នៅថ្ងៃដែល ទទួលទាន ភ្លាមៗនោះទេ ពោលវាបង្កផលប៉ះពាល់យ៉ាងខ្លាំងនាពេលអនាគត ហើយឥទ្ធិពលរបស់ផលិតទាំងអស់នោះ នឹងធ្វើឱ្យខូចសុខភាព និងឈាន ដល់អាយុជីវិតរបស់មនុស្សដែលជាអ្នកប្រើប្រាស់ផងដែរ៕

អត្ថបទទាក់ទង