ADB សន្យាបន្តគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា ឱ្យកាន់តែមានភាពរីកចម្រើនប្រកបដោយសក្តានុពល
លោក Jaing Feng Zhang នាយកប្រតិបត្តិគម្រោងផ្នែកកសិកម្ម និងធនធានធម្មជាតិ នៃធនាគារអភិវឌ្ឍអាស៊ី (ADB) ប្រចាំនៅកម្ពុជា នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩នេះ បានសន្យាបន្តផ្តល់ការគាំទ្រមក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីអភិវឌ្ឍវិស័យនេះកាន់តែមាន ភាពរីកចម្រើនថែមមួយកម្រិតទៀត។ ការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ ADB រូបនេះធ្វើឡើងក្នុងឱកាសដែលលោក ដឹកនាំសហការីចូលជួបរដ្ឋមន្ត្រី ក្រសួងកសិកម្ម លោក វេង សាខុន ដើម្បីស្នើសុំការណែនាំ ចង្អុលបង្ហាញ និងការណែនាំបន្ថែមពីលោករដ្ឋមន្ត្រីទាំងចំណុចខ្លាំង ចំណុចខ្សោយ និងបញ្ហាប្រឈម ដើម្បីយកទៅកែលម្អ បំពេញបន្ថែមនូវរាល់ចំណុចខ្វះខាត របស់គម្រោងដែល ADB បានជួយកន្លងមក និងជាពិសេសសេចក្តី ត្រូវការជាអាទិភាពរបស់ក្រសួង ដើម្បីអភិវឌ្ឍលើអនុវិស័យនីមួយៗ និងផែនការយុទ្ធសាស្រ្តសម្រាប់អភិវឌ្ឍវិស័យកសិកម្ម។
លោករដ្ឋមន្ត្រី វេង សាខុន បានគូសបញ្ជាក់ជូនលោក Jaing Feng Zhang ថា គោលដៅរបស់ក្រសួងរយៈពេលកន្លងមក គឺផ្តោតជាសំខាន់ លើការ ផលិតស្រូវ និងការនាំចេញ ដោយឡែកក្នុងបរិបទថ្មី នៃកំណើនសេដ្ឋកិច្ច ការកើនឡើងនៃចំនួនប្រជាជន ទេសចរណ៍ និងតម្រូវការនៃទីផ្សារបាន តម្រូវឲ្យក្រសួងពង្រឹងពង្រីក និងធ្វើបច្ចុប្បន្នភាពនៃគោលដៅរបស់ខ្លួន មកផ្តោតលើការធ្វើកសិកម្មចម្រុះ និងផលិតផលដែលមានសក្កានុពល ខ្ពស់ដូចជា ដំឡូងមី ពោតចំណី ស្វាយ ស្វាយចន្ទី និងជាពិសេស សាកវប្បកម្ម ធ្វើយ៉ាងណាជួយប្រជាកសិករបង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅ ស្របតាមបរិបទថ្មីនេះ។
លោករដ្ឋមន្ត្រី វេង សាខុន បានបញ្ជាក់បន្ថែមថា ដើម្បីអភិវឌ្ឍវិស័យនេះ ប្រកបដោយចីរភាព និងនិរន្តរភាព លោកបានស្នើឲ្យ ADB ពិនិត្យលទ្ធភាព ក្នុងការផ្តល់ការគាំទ្រ លើការបំពេញខ្សែច្រវាក់តម្លៃ ផលិតកម្ម ដោយចាប់ ផ្តើមពី A ដល់ Z ធ្វើយ៉ាងនេះ ដើម្បីបង្កើនតម្លៃ បន្ថែមដល់កសិផលពង្រីក និងពង្រឹងការកែច្នៃ វេចខ្ចប់ ឃ្លាំងស្តុក ឡសម្ងួត ការរក្សាទុកដាក់ក្នុងបន្ទប់ ត្រជាក់ និងការដឹកជញ្ជូនប្រកបដោយជំនាញបច្ចេកទេស និងការធានាដល់ គុណភាព សុវត្ថិភាពទាំងអនាម័យ និងភូតគាមអនាម័យ និងជាពិសេស កាត់បន្ថយការនាំចេញវត្ថុធាតុដើម។
ក្រៅពីនេះ លោករដ្ឋមន្ត្រី ក៏បានស្នើឲ្យ ADB ពិនិត្យពិចារណារៀបចំគម្រោង អភិវឌ្ឍអនុវិស័យជលផល ផ្នែកវារីវប្បកម្ម និងការកែច្នៃ ដើម្បីផ្គត់ផ្គង់ តម្រូវការទីផ្សារ ឈានទៅដល់បង្កើនការនាំចេញ និងជាពិសេស កាត់បន្ថយការពឹងអាស្រ័យលើធនធានធម្មជាតិ៕