លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ ភ្នំពេញមានការរីកចម្រើនដោយបានប្រែក្លាយពីទីក្រុងដែលគ្មានមនុស្សរស់នៅ ទៅជាទីក្រុងដែលមានមនុស្សច្រើនកុះករស្ទះចរាចរណ៍
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែង ក្រោយរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ ប៉ុល ពត កម្ពុជាបានចាប់ផ្តើមកសាងជាបណ្តើរៗ ពីដំណាក់កាលដែលទីក្រុងភ្នំពេញគ្មានមនុស្សរស់នៅ ក្លាយទៅជាទីក្រុងភ្នំពេញមួយដែលមានមនុស្សច្រើនកុះករ រហូតដល់ការបង្កើតឱ្យមានការស្ទះចរាចរណ៍ផងដែរដែលនេះក៏បង្ហាញឱ្យឃើញពីវឌ្ឍនភាពដ៏ធំសម្បើមនៅក្នុងរយៈពេល៤០ឆ្នាំកន្លងផុតទៅនេះ ។
លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោក និងលោក HORINOUCHI Hidehisa ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់សំណង់ផ្សេងៗ ក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូក្នុងរាជធានីភ្នំពេញ ជំហានទី៤ ដែលពិធីនេះប្រារព្ធធ្វើនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មុខវត្តបទុមវតី។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា សួនច្បាររបស់យើងនេះ បន្ទាប់ពីយើងកាប់ដើមដូងចេញហើយ យើងបានកសាងសួនច្បារឡើងវិញ ប៉ុន្តែសួនច្បាររបស់យើងកាលពីពេលមុន គ្រាន់តែជាដីក្រហមទេ ដែលប្រជាពលរដ្ឋរបស់យើងដើរលេងកម្សាន្តតែងមានការប្រឡាក់ជើង ប្រសិនបើមានភ្លៀងធ្លាក់។ លោកបានបន្តថា ប៉ុន្តែនៅពេលនេះ សួនច្បារទាំងអស់របស់យើងនៅទីក្រុងភ្នំពេញពេលនេះ បានក្លាយទៅជាសួនច្បារដែលមានការរៀបចំ បានល្អ ហើយបានផ្តល់ជាទីកន្លែងសមរម្យសម្រាប់ការកម្សាន្តសប្បាយរបស់ប្រជាពលរដ្ឋ ក៏ដូចជាទីធ្លារហាត់ប្រាណរបស់ប្រជាពលរដ្ឋនៅតាមសួនច្បារទាំងនោះផងដែរ៕