ខ្មែរប៉ុស្ដិ៍ Close

លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ថ្លែងថា ចិនបាននិងកំពុងជួយជាក់ស្ដែងសម្រាប់ការអភិវឌ្ឍនៅកម្ពុជាទាំងផ្នែកហេដ្ឋានរចនាសម្ព័ន្ធក៏ដូចជាវិស័យផ្សេងៗទៀត

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៣០ ខែមករា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 30
លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ថ្លែងថា ចិនបាននិងកំពុងជួយជាក់ស្ដែងសម្រាប់ការអភិវឌ្ឍនៅកម្ពុជាទាំងផ្នែកហេដ្ឋានរចនាសម្ព័ន្ធក៏ដូចជាវិស័យផ្សេងៗទៀត លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ថ្លែងថា ចិនបាននិងកំពុងជួយជាក់ស្ដែងសម្រាប់ការអភិវឌ្ឍនៅកម្ពុជាទាំងផ្នែកហេដ្ឋានរចនាសម្ព័ន្ធក៏ដូចជាវិស័យផ្សេងៗទៀត

នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានអនុញ្ញាតឱ្យលោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា ចូលសម្តែងការគួរសមនិងពិភាក្សាការងារ។ លោក ប៊ិន ឈិន ក៏បានជម្រាបជូនឯកអគ្គរដ្ឋទូតចិនថា សាធារណរដ្ឋប្រជាមានិតចិន បាននិងកំពុងជួយជាក់ស្ដែងសម្រាប់ការអភិវឌ្ឍនៅកម្ពុជា ផ្នែកហេដ្ឋានរចនាសម្ព័ន្ធរឹង ក៏ដូចជាវិស័យផ្សេងៗទៀតដោយសារតែមានកិច្ចសហប្រតិបត្តិការល្អ របស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនេះ។ នេះបើយោងតាមលោក ឯក ថា អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បានមានប្រសាសន៍ប្រាប់អ្នកយកព័ត៌មានក្រោយពីជំនួបនោះ។

លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន បានមានប្រសាសន៍ថា ប្រទេសទាំងពីរមានប្រពៃណីទំនាក់ទំនងជាមួយគ្នាយូរលង់ណាស់មកហើយតាំងពីសម័យអង្គរ ក្រោយមកទៀតព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” បានកសាងទំនាក់ទំនងការទូតដ៏រឹងមាំជាមួយនឹងថ្នាក់ដឹកនាំចិន ហើយរហូតមកដល់ពេលបច្ចុប្បន្ននេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្តទំនាក់ទំនងការទូតដ៏ល្អប្រពៃនេះ ដែលប្រទេសទាំងពីរទើបតែបានប្រារព្ធខួបទំនាក់ទំនងការទូតលើកទី៦០របស់ខ្លួន។

ជាការឆ្លើយតបឯកអគ្គរដ្ឋទូតចិន បានវាយតម្លៃខ្ពស់ទៅលើទំនាក់ទំនងជាប្រពៃណី និងការទូតដ៏ល្អ របស់ប្រទេសទាំងពីរ បន្សល់ទុកដោយព្រះបរមរតនកោដ្ឋ និងថ្នាក់ដឹកនាំចិនមុនៗ ដែលជានិម្មិតរូបដ៏រឹងមាំនៃប្រទេសទាំងពីរហើយសម្តេចតេជោនាយករដ្ឋមន្រ្តី ជាមិត្តដែកថែបរបស់ចិន បានបន្តទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ ដ៏ល្អនេះដើម្បីការអភិវឌ្ឍ និងផលប្រយោជន៍របស់ប្រជាជន និងប្រទេសទាំងពីរ៕

អត្ថបទទាក់ទង