វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលេីកទី២៧ ត្រូវបានបិទបញ្ចប់ដោយជោគជ័យ ក្នុងបរិយាកាសមិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការ
ក្នុងនាមប្រធានវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី២៧ ប្រធានរដ្ឋសភា លោក ហេង សំរិន បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត APPF នៅលើទឹកដីអង្គរនេះ បានផ្តល់គោលគំនិត និងទស្សនៈវិស័យវែងឆ្ងាយ និងបានដាក់ចេញនូវយុទ្ធសាស្រ្តជាគន្លឹះដើម្បីស្ថាបនារួមគ្នានូវតំបន់មួយមានសុខសន្តិភាព ស្ថិរភាព សុខដុមរមនា និងការអភិវឌ្ឍប្រកបដោយចីរភាព ដែលជាសេចក្តីប្រាថ្នារួមរបស់ប្រជាជាតិ។ បន្ទាប់ពីដំណើរការប្រជុំរយៈពេល៣ថ្ងៃរួចមក កិច្ចប្រជុំប្រចំាឆ្នាំលើកទី២៧នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ត្រូវបានបិទបញ្ចប់ដោយជោគជ័យ។ ពិធីបិទកិច្ចប្រជុំ APPF បានប្រារព្ធធ្វើឡើងក្រោមអធិតីភាពលោក ហេង សំរិន នៅរសៀលថ្ងៃទី១៦ ខែមករាឆ្នាំ២០១៩ នៅសណ្ឋាគារសុខាសៀមរាប។
ក្នុងពិធីបិទកិច្ចប្រជុំនោះ លោក ហេង សំរិន បានមានប្រសាសន៍ថា កិច្ចប្រជុំរយៈពេល៣ថ្ងៃកន្លងមកនេះ ពិតជាបានដំណើរការទៅយ៉ាងមមាញឹកក្នុងបរិយាកាសមិត្តភាព សាមគ្គីភាព សហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រហូតសម្រេចបាននូវសេចក្តីសម្រេចសំខាន់ៗ។ សន្តិភាពនៅក្នុងតំបន់ និងសាកលលោក គឺជាកត្តាចម្បងចាំបាច់សម្រាប់អភិវឌ្ឍប្រទេសជាតិ។ កិច្ចប្រជុំលើកទី២៧ APPF បានប្រារព្ធធ្វើឡើងក្រោមមូលបទ «ពង្រឹងភាពជាដៃគូសភា ដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព» ដោយបានប្រជុំពិភាក្សាគ្នាលើវិស័យចំនួន៤ គឺកិច្ចប្រជុំសមាជិកសភាស្ត្រី វិស័យកិច្ចសហប្រតិបត្តិការក្នុងតំបន់ វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម និង វិស័យនយោបាយ និងសន្តិសុខ ដែលបានចេញសេចក្តីសម្រេចចំនួន ១៤។
ប្រធានវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី២៧ បានគូសបញ្ជាក់ថា អ្វីដែលជាលទ្ធផលនៃសេចក្ដីសម្រេចនានា ដែលបានអនុម័តនៅក្នុងកិច្ចប្រជុំរយៈពេលបីថ្ងៃមកនេះ បានសំដៅដល់ការដោះស្រាយបញ្ហារួមក្នុងតំបន់ដែលមានដូចជាការកសាងសន្តិភាព កសាងទំនុកចិត្តគ្នាទៅវិញទៅមក ការប្រយុទ្ធប្រឆំាងអំពើភេរវកម្ម និងបទល្មើសតាមប្រព័ន្ធអ៊ិនធឺណេត ការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ការពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូលើវិស័យពាណិជ្ជកម្មសេរី និងវិនិយោគទូលំទូលាយ ជាដើម។
លោក ហេង សំរិន បានសង្កត់ធ្ងន់ថា ជាការពិតណាស់ សន្តិភាព និងស្ថិរភាពជាបុរេលក្ខខ័ណ្ឌដ៏ចំាបាច់សម្រាប់ការកសាង និងអភិវឌ្ឍសង្គមជាតិ។ ប៉ុន្តែបើប្រទេសមួយមានតែសន្តិភាព គ្មានការអភិវឌ្ឍរីកចម្រើន ប្រទេសនោះក៏មិនអាចរក្សាសន្តិភាពឱ្យបានស្ថិតស្ថេរគង់វង្សយូរអង្វែងបានឡើយ។ ដូច្នេះយើង ត្រូវបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដោយផ្អែកលើគោលការណ៍ផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ដើម្បីទទួលបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន និងវិបុលភាព។ ក្នុងន័យនេះពាណិជ្ជកម្មសេរី និងការបើចំហការវិនិយោគទូលំទូលាយ គឺជាចលករដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិរបស់យើង ។
គួរបញ្ជាក់ថា ប្រទេសទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំប្រចំាឆ្នាំ APPF លើកទី២៨ បន្តពីកម្ពុជាគឺប្រទេសអូស្រ្តាលី។ នៅក្នុងពិធីបិទកិច្ចប្រជុំលើកទី២៧នេះ សភាកម្ពុជាបានប្រគល់ទង់ APPF ជូនប្រទេសអូស្រ្តាលីផងដែរ។ APPF ជាបណ្តុំសភាធំមួយដែលមានសមាជិក២៧ប្រទេស តែងតែរៀបចំកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួន ដោយសភាប្រទេសជាសមាជិកប្តូរវេនគ្នាជាទៀតទាត់ក្នុងការប្រមូលផ្តុំសំឡេងតំណាងពលរដ្ឋដោះស្រាយបញ្ហារួម ពង្រឹងកិច្ចសហប្រតិបត្តិការ និងសាមគ្គីភាពក្នុងគ្រួសារ APPF ក្នុងគោលបំណងកសាងសុខសន្តិភាពនៅក្នុងតំបន់និងពិភពលោកប្រកបដោយចីរភាព៕