ខ្មែរប៉ុស្ដិ៍ Close

អ្នកជំនាញអាជ្ញាធរជាតិអប្សរាប ង្រៀនអំពីការអភិរក្សចម្លាក់ថ្មប្រាសាទដល់សិស្សានុសិស្ស នៃសាលាបឋមសិក្សាប្រាសាទបន្ទាយសំរ៉ែ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 61
អ្នកជំនាញអាជ្ញាធរជាតិអប្សរាប ង្រៀនអំពីការអភិរក្សចម្លាក់ថ្មប្រាសាទដល់សិស្សានុសិស្ស នៃសាលាបឋមសិក្សាប្រាសាទបន្ទាយសំរ៉ែ អ្នកជំនាញអាជ្ញាធរជាតិអប្សរាប ង្រៀនអំពីការអភិរក្សចម្លាក់ថ្មប្រាសាទដល់សិស្សានុសិស្ស នៃសាលាបឋមសិក្សាប្រាសាទបន្ទាយសំរ៉ែ

កាលពីព្រឹកថ្ងៃទី២៩ ខែវិចិ្ឆកា ឆ្នាំ២០១៨ នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរអប្សរា បានសហការជាមួយអង្គការ GIZ នៃប្រទេសអាល្លឺម៉ង់រៀបចំកម្មវិធីអប់រំបេតិកភណ្ឌមួយសម្រាប់សិស្សានុសិស្សនៃសាលាបឋមសិក្សាប្រាសាទបន្ទាយសំរ៉ែនៅក្នុងឧទ្យានអង្គរ ក្នុងឱកាសខួបទី១០ឆ្នាំនៃការបង្កើតកម្មវិធីបណ្តុះបណ្តាលអ្នកជំនាញខ្មែរខាងវិស័យអភិរក្សនិងជួសជុលចម្លាក់ថ្មរបស់អង្គការ GIZ នៅតំបន់អង្គរ។

កម្មវិធីនេះចូលរួមក្រោមវត្តមានលោកបណ្ឌិត លី វណ្ណា ប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ ក្រុមអ្នកជំនាញអភិរក្សថ្មនៃអាជ្ញាធរជាតិអប្សរា ព្រមទាំងអ្នកសម្របសម្រួលបច្ចេកទេសបរទេស២រូប គ្រូបង្វឹក៣រូប សិស្សានុសិស្សនៃសាលាបឋមសិក្សាប្រាសាទបន្ទាយសំរ៉ែចំនួន៥០នាក់ និងលោកគ្រូអ្នកគ្រូ៥រូប។

កម្មវិធីនេះរៀបចំឡើងនៅប្រាសាទបន្ទាយសំរ៉ែ ក្នុងបំណងផ្តល់សញ្ញាណខ្លះៗអំពីកិច្ចការអភិរក្សចម្លាក់ថ្មប្រាសាទ តាមរយៈការបង្ហាញផ្ទាល់នៅប្រាសាទបន្ទាយសំរ៉ែ និងណែនាំអំពីរបៀបថែទាំងចម្លាក់ដោយប្រើសម្ភារៈ និងឧបករណ៍សម្អាត ជួសជុល។ល។ ក្រៅពីនេះ អ្វីដែលសំខាន់នោះសម្រាប់កម្មវិធីនេះ គឺបណ្តុះគំនិតស្រឡាញ់និងចូលរួមថែរក្សាមរតកដូនតាខ្មែរដល់ប្អូនៗសិស្សានុសិស្សដែលរស់នៅក្បែរប្រាសាទបុរាណ។

ទាក់ទងនឹងចំណុចបណ្តុះស្មារតីស្រឡាញ់ និងចូលរួមថែរក្សាប្រាសាទក្នុងតំបន់អង្គរ លោកប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការបានពន្យល់ដល់ប្អូនៗសិស្សានុសិស្សថា ហេតុអ្វីបានជាយើងត្រូវការថែរក្សាការពារមរតកដូនតារបស់យើង ជាពិសេសប្រាសាទនិងរូបចម្លាក់នៅតាមប្រាសាទ? ព្រោះថា មនុស្សរស់ត្រូវការរបស់ពីរសំខាន់៖ ទី១ មធ្យោបាយដើម្បីរស់ ដូចជាអាហារ ថ្នាំសង្កូវ សម្លៀកបំពាក់ និងជម្រក។ល។ ទី២ គឺវប្បធម៌។ បើមនុស្សរស់គ្មានវប្បធម៌ មនុស្សនឹងមិនដឹងពូជពង្ស មិនដឹងដូនតានៅឯណាមកពីណា ដូនតាបានធ្វើអ្វីខ្លះ។ល។

លោកបណ្ឌិតបន្តទៀតថា ដូនតាខ្មែរបានសង់ប្រាសាទជាមរតកវប្បធម៌ដើម្បីសម្គាល់ថា យើងជាខ្មែរ យើងមានពូជពង្សវង្សត្រកូលជាអ្នកសង់ប្រាសាទ មានអារ្យធម៌ខ្ពង់ខ្ពស់។ ចុះបើយើងមិនស្រឡាញ់ មិនចូលរួមថែរក្សាការពារ ថ្ងៃអនាគត មរតកដូនតាយើងកាន់តែខូចខាត និងឈានទៅរកការបាត់បង់។ ពេលនោះហើយកូនចៅយើងជំនាន់ក្រោយៗមកទៀតនឹងមិនដឹងថាដូនតាយើងជាអ្នកណា បានសាងអ្វីខ្លះ មានអារ្យធម៌ដូចម្តេច?

បន្ថែមពីនោះ លោកបណ្ឌិត លី វណ្ណា ក៏បានរំឭកដែរថា នៅសម័យអង្គរ ដូនតាយើងតែងតែក្រើនរំឭកទូន្មានដល់កូនចៅឱ្យស្រឡាញ់ ថែរក្សាប្រាសាទ និងមរតកបុរាណដទៃទៀត តាមរយៈសិលាចារឹកនៅលើថ្មប្រាសាទជាមួយនឹងបំរាម ក៏ដូចជាការដាក់បណ្តាសាដល់អ្នកដែលបំផ្លាញប្រាសាទឬប្រព្រឹត្តអំពើមិនគាប្បីចំពោះប្រាសាទនឹងត្រូវចុះឋាននរករហូតដល់ព្រះច័ន្ទ ព្រះអាទិត្យលែងរះ៕

អត្ថបទទាក់ទង