ខ្មែរប៉ុស្ដិ៍ Close

កម្ពុជា-នេប៉ាល់ ចុះកិច្ចព្រមព្រៀងលើឯកសារសំខាន់ៗចំនួន៤ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 324
កម្ពុជា-នេប៉ាល់ ចុះកិច្ចព្រមព្រៀងលើឯកសារសំខាន់ៗចំនួន៤ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរកម្ពុជា-នេប៉ាល់ ចុះកិច្ចព្រមព្រៀងលើឯកសារសំខាន់ៗចំនួន៤ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរ

ឯកសារសំខាន់ៗចំនួន៤ ត្រូវបានចុះហត្ថលេខារវាងកម្ពុជា និងនេប៉ាល់ ក្រោមអធិបតីភាពនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅប្រទេសនេប៉ាល់ ទីដែលលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៃកម្ពុជាកំពុងបំពេញទស្សនកិច្ច។
ឯកសារទាំង៤ដែលបានចុះហេត្ថលេខានោះរួមមាន៖ ការលើកលែងទិដ្ឋាការ (Visa) សម្រាប់លិខិតឆ្លងដែនការទូត និងផ្លូវការ, កិច្ចព្រមព្រៀងពាក់ព័ន្ធវិស័យដឹកជញ្ជូនតាមផ្លូវអាកាស, អនុស្សារណៈយោគយល់គ្នារវាងក្រសួងការបរទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច និងវប្បធម៌។ សូមបញ្ជាក់ថា នៅមុនពេលឈានដល់ការចុះហត្ថលេខាលើឯកសារសំខាន់ៗទាំង៤ខាងលើនេះ នៅរសៀលថ្ងៃម្សិលមិញ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក៏បានជួបពិភាក្សាការងារជាមួយលោកនាយករដ្ឋមន្រ្តីនៃប្រទេសនេប៉ាល់ លោក ខាត់ ហ្គា ប្រាសាទ ស្សាម៉ា អូលី (Khadga Prasad Shama Oli) ផងដែរ។

បើតាមលោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្នុងជំនួបនោះ លោកនាយករដ្ឋមន្ត្រីនៃប្រទេសនេប៉ាល់បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្រ្ដី ជាដំណើរទស្សនកិច្ចជាលើកដំបូង មកកាន់នៅប្រទេសនេប៉ាល់។ លោកនាយករដ្ឋមន្ត្រី ក៏បានអរគុណលោកនាយករដ្ឋមន្រ្ដី ដែលបានអញ្ជើញមកធ្វើទស្សនកិច្ច ក៏ដូចជាចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកឆ្នាំ២០១៨ ដែលរៀបចំឡើងដោយប្រទេសនេប៉ាល់នាពេលនេះ។ លោកនាយករដ្ឋមន្ត្រីនេប៉ាល់បានចាត់ទុកថា ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្រ្ដី ពិតជាមានសារៈសំខាន់នៅក្នុងប្រវត្តិសាស្ត្រ ហើយលោកបានចាត់ទុកថាទំនាក់ទំនងទ្វេភាគី រវាងប្រទេសនេប៉ាល់ និងប្រទេសកម្ពុជា គឺមានលក្ខណៈស្និទ្ធស្នាល និងជាលក្ខណៈមិត្តភាព។

មិនតែប៉ុណ្ណោះលោកនាយករដ្ឋមន្ត្រីនេប៉ាល់ ក៏បានមានប្រសាសន៍ថា កម្ពុជា និងនេប៉ាល់ អាចផ្លាស់ប្ដូរបទពិសោធន៍គ្នាពាក់ព័ន្ធទៅនឹងការអភិវឌ្ឍទាំងសងខាង ហើយលោកក៏បានជំរាបជូនលោកនាយករដ្ឋមន្រ្ដី អំពីការវិវឌ្ឍរបស់ប្រទេសនេប៉ាល់កន្លងមកនេះ។ ជាពិសេសការបោះឆ្នោតដោយលទ្ធិប្រជាធិបតេយ្យ ក្នុងការបង្កើតប្រព័ន្ធសហព័ន្ធសាធារណៈនៅឆ្នាំ២០១៧កន្លងមកនេះ ដែលធ្វើឲ្យប្រទេសនេប៉ាល់មានស្ថិរភាព និងបានប្រែក្លាយប្រទេសគាត់ឲ្យមានការរីកចម្រើនជាលំដាប់ដោយឈរលើគោលការណ៍មួយចំនួន ដូចជាអភិបាលកិច្ចល្អ ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋនេប៉ាល់រស់នៅមានភាពល្អប្រសើរ។

ជាការឆ្លើយតបលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានមានប្រសាសន៍ថា លោកពិតជាអរគុណចំពោះលោកនាយកមន្ត្រីនេប៉ាល់ ដែលបានផ្តល់កិត្តិយសអញ្ជើញសម្តេចបំពេញទស្សនកិច្ច ក៏ដូចជាចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកនេះ។ ជាពិសេសអរគុណក្នុងជំនួបជាមួយលោកនាយករដ្ឋមន្ត្រីនេប៉ាល់កាលពីខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុងញូវយ៉ក ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ។ លោកនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ផងដែរថា ក្នុងជំនួបទ្វេភាគីនេះចាត់ទុកថាឆ្នាំ២០១៩ខាងមុខនេះ គឺជាខួបលើកទី៥៥ផងដែរ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្រ្ដី ក៏បានអរគុណដល់លោកនាយកមន្ត្រីនេប៉ាល់ ដែលបានផ្ញើសារអបអរសាទរខួប៦៥ឆ្នាំនៃបុណ្យឯករាជ្យជាតិរបស់ព្រះរាជាណាចក្រកម្ពុជាកន្លងទៅថ្មីៗនេះ និងអរគុណចំពោះលោកនាយករដ្ឋមន្ត្រីនេប៉ាល់ផងដែរដែលបានផ្ញើសារចំពោះភាពជោគជ័យរបស់គណបក្សប្រជាជនដែលជាប់ឆ្នោតកន្លងមកនេះ។ លោកនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្តថា លោកចង់មកទស្សនកិច្ចនៅប្រទេសនេប៉ាល់យូរមកហើយ ប៉ុន្តែមិនអាចឆ្លៀតពេលបាន។ លោកនាយករដ្ឋមន្ត្រី ក៏បានអរគុណប្រទេសនេប៉ាល់ផងដែរ ដែលបានបានផ្ដល់ដីសម្រាប់សង់ប្រាសាទ និងវត្តនៅប្រទេសនេប៉ាល់នេះ។

លោកនាយករដ្ឋមន្រ្ដី បានមានប្រសាសន៍ថា ប្រទេសកម្ពុជា បានឆ្លងកាត់នូវការលំបាកជាច្រើនជាពិសេសឆ្លងកាន់សម័យសង្រ្គាមរហូតដល់សម័យប្រល័យពូជសាសន៍ ប៉ុន្តែអ្វីដែលសំខាន់កម្ពុជាបានសង្គ្រោះជាតិឡើងវិញ។ លោកបានជំរាបលោកនាយករដ្ឋមន្ត្រីនេប៉ាល់ថា ឆ្នាំនេះកម្ពុជានឹងប្រារព្ធខួប២០ឆ្នាំ នៃការអនុវត្តន៍នយោបាយឈ្នះឈ្នះ ក្នុងការបង្រួបបង្រួមជាតិ ការបញ្ចប់សង្គ្រាម ពីប្រទេសដែលមានតំបន់ត្រួតត្រាច្រើនមកជាប្រទេសដែលមានតំបន់ត្រួតត្រា១ រដ្ឋាភិបាលតែមួយ រដ្ឋធម្មនុញ្ញតែមួយ និងទទួលបាននូវសុខសន្តិភាព។ លោកក៏បានគូសបញ្ជាក់ផងដែរថា អ្វីដែលត្រូវជំរុញនាពេលបច្ចុប្បន្ននេះ គឺត្រូវធ្វើយ៉ាងណាជំរុញកសាងកិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យមានការរីកចម្រើនឈានឡើង៕

អត្ថបទទាក់ទង