ខ្មែរប៉ុស្ដិ៍ Close

    សូមអបអរសាទរ! ទូក«ង»វែងជាងគេបំផុតរបស់កម្ពុជា បានជាប់ឯតទគ្គកម្មពិភពលោក

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 2150
    សូមអបអរសាទរ! ទូក«ង»វែងជាងគេបំផុតរបស់កម្ពុជា បានជាប់ឯតទគ្គកម្មពិភពលោកសូមអបអរសាទរ! ទូក«ង»វែងជាងគេបំផុតរបស់កម្ពុជា បានជាប់ឯតទគ្គកម្មពិភពលោក

    ជាមោទនភាពថ្មីមួយទៀតហើយ សម្រាប់ជាតិ និងប្រជាជនរបស់កម្ពុជា ដោយទូក «ង» វែងជាងគេដែលផលិតដោយកូនខ្មែរ ដែលមានប្រវែងជិត១០០ម៉ែត្រ និងមានចំណុះទូកជិត២០០នាក់នោះ ត្រូវបានជាប់ឯតទគ្គកម្មពិភពលោក World Guinness Record ជាផ្លូវការហើយ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។

    ពិធីបំបែកកំណត់ត្រាពិភពលោកនេះ ធ្វើឡើងក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ដ្រី ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោកស្រី និងមានការចូលរួមពី លោក Pravin Patel អ្នកវិច្ឆ័យ World Guinness Record ដែលប្រារព្ធធ្វើនៅតំបន់អ្នកលឿងត្រើយខាងកើត។

    សម្រាប់ពិធីដែលជាមោទនភាពថ្មីរបស់ជាតិ និងប្រជាពលរដ្ឋខ្មែរនេះ ក៏មានការចូលរួមពី លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា, លោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការផលិតទូក «ង» វែងជាងគេនៅលើពិភពលោក ព្រមទាំងលោក លោកស្រី ជាថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

    លោក Pravin Patel បានបញ្ជាក់យ៉ាងដូច្នេះថា «ទូក ង នៃព្រះរាជាណាចក្រកម្ពុជា ដែលមានប្រវែង៨៧.៣ម៉ែត្រ ត្រូវបានបំបែកឯតទគ្គកម្មពិភពលោក World Guinness Record ជាផ្លូវការហើយ»។

    ទូក «ង» របស់កម្ពុជាដែលបំបែកឯតទគ្គកម្មនេះ ត្រូវបានប្រសិទ្ធនាមថា «កម្ពោជិកបុត្តាខេមរាតរី» ដែលមានអត្ថន័យថា «ទូកងរបស់កូនខ្មែររស់នៅក្នុងដែនដីកម្ពុជា»។

    ទូកនេះ មានប្រវែងរហូតដល់៨៧.៣ម៉ែត្រ, ទទឹង១.៩៤ម៉ែត្រ និងជម្រៅ០.៨ម៉ែត្រ ត្រូវរចនាឡើងដោយផ្នែកខាងក្បាលទូក ធ្វើជាក្បាលនាគ និងកន្ទុយហង្ស ប្រកបដោយក្បូរក្បាច់រចនាល្អប្រណិត ដែលផ្ទុកបានចំណុះ រហូតដល់១៧៩នាក់ឯណោះ ដោយ១០០នាក់មកពីទាហានជើងទឹក និង៧៩នាក់ មកពីនគរបាលជើងទឹក៕

     

    អត្ថបទទាក់ទង