សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតឆ្លើយតបទៅនាយកប្រតិបត្តិសម្ព័ន្ធគ្រួសាររបស់ឈ្លើយសឹក និងទាហានអាមេរិក បាត់ខ្លួននៅអាស៊ីអាគ្នេយ៍
នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧នេះ ខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន បង្ហាញលិខិតឆ្លងឆ្លើយរវាង នាយករដ្ឋមន្រ្តីកម្ពុជា និងនាយកប្រតិបត្តិសម្ព័ន្ធគ្រួសាររបស់ឈ្លើយសឹក និងទាហានអាមេរិក បាត់ខ្លួននៅអាស៊ីអាគ្នេយ៍ ដោយបានឱ្យដឹងថា កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ លោកស្រី អាន មៀល-ហ្រ្គីហ្វីត (Ann Mills-Griffiths) ប្រធានក្រុមប្រឹក្សាភិបាល និងប្រធានក្រុមប្រតិបត្តិនៃសម្ព័ន្ធគ្រួសាររបស់ឈ្លើយសឹក និងទាហានអាមេរិកបាត់ខ្លួននៅអាស៊ីអាគ្នេយ៍ បានសរសេរលិខិតគោរពជូនមកសម្តេចតេជោនាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយរៀបរាប់អំពីការផ្អាកជាបណ្តោះអាសន្ននូវ កិច្ចសហប្រតិបត្តិការមនុស្សធម៌ ស្តីពីការស្វែងរកអដិ្ឋធាតុទាហានអាមេរិក នៅកម្ពុជាក្នុងសម័យសង្គ្រាម។ នៅក្នុងលិខិតរបស់លោកស្រី អាន មៀល-ហ្រ្គីហ្វីត បានស្នើសុំឲ្យមានការលុបចោលនូវការផ្អាក ជាបណ្តោះអាសន្នអំពីការស្វែងរកអដ្ឋិធាតុទាហានអាមេរិកលើទឹកដីកម្ពុជា។
ជាការឆ្លើយតប សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ បានផ្ញើជូនលោកស្រី អាន មៀល-ហ្រ្គីហ្វីត (Ann Mills-Griffiths) វិញ នូវលិខិតមួយច្បាប់ដែលមានអត្ថន័យថា៖ «យើងក៏មានគោលការណ៍ដូចគ្នាដែរ ចំពោះកិច្ចសហប្រតិបត្តិការក្នុងកម្មវិធីមាតុភូមិនិវត្តន៍ ប៉ុន្តែកម្ពុជាបែរជាត្រូវទទួលរងការ ដាក់ទណ្ឌកម្មដោយអយុត្តិធម៌ នៅពេលដែលកម្ពុជាគ្រាន់តែទាមទារឲ្យអាមេរិក ពិចារណាបន្ថែមលើទិដ្ឋភាពមនុស្សធម៌ និងមេត្តាធម៌។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបន្តក្នុងលិខិតថា លោកសូមធានាចំពោះលោកស្រីថា ការផ្អាកកិច្ចសហប្រតិបត្តិការ ក្នុងការរុកអដិ្ឋធាតុទាហានអាមេរិកបាត់ខ្លួនក្នុង សម័យសង្រ្គាមគឺមានលក្ខណៈជាបណ្តោះអាសន្នប៉ុណ្ណោះ ហើយរាជរដ្ឋាភិបាលកម្ពុជា នឹងចាប់ផ្តើមឡើងវិញនូវកិច្ចសហប្រតិបត្តិការនេះ នៅពេលដែលយើងទទួលបានការធានាទៅវិញទៅមក និងអាចទុកចិត្តបានស្តីពីការលើកលែងការផ្អាកនេះ ដើម្បីអនុញ្ញាតឲ្យប្រទេសទាំងពីរ ចាប់ផ្តើមកិច្ចសហប្រតិបត្តិការឡើងវិញ ដើម្បីជាគុណប្រយោជន៍ដល់ប្រជាជនយើងទាំងពីរ។
ខាងក្រោមជាខ្លឹមសារទាំងស្រុងនៃលិខិតឆ្លងឆ្លើយរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី អាន មៀល-ហ្រ្គីហ្វីត (Ann Mills-Griffiths) ៖