ខ្មែរប៉ុស្ដិ៍ Close

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល អញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍សិក្សាផែនការមេភស្តុភារកម្មនៅកម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៣០ ខែតុលា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 45
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល អញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍សិក្សាផែនការមេភស្តុភារកម្មនៅកម្ពុជា លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល អញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍សិក្សាផែនការមេភស្តុភារកម្មនៅកម្ពុជា

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ បានអញ្ជើញជាអធិបតីក្នុងពិធី បើកសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍សិក្សាផែនការមេភស្តុភារកម្មនៅកម្ពុជា ដោយមានការចូលរួមពីតំណាងអង្គការJICA ធនាគារពិភពលោក ភាគីពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍។ សិក្ខាសាលានេះមានគោលបំណងផ្សព្វផ្សាយរបាយការណ៍សិក្សាផែនការមេភស្តុភារកម្មនៅកម្ពុជា ដែលសិក្សាដោយក្រសួងសាធាណរការ និងដឹកជញ្ជូន និងអង្គការJICA ជូនក្រសួងពាក់ព័ន្ធ និងដៃគូ អភិវឌ្ឍន៍ និងដើម្បីបញ្ចូលរបាយការណ៍សិក្សាទាំងនោះឱ្យស្ថិតនៅក្រោមឆ័ត្រតែមួយក្នុងវិស័យដឹកជញ្ជូន និងការ អភិវឌ្ឍផែនការមេថ្នាក់ជាតិ។

ថ្លែងទៅកាន់អង្គពិធី លោកទេសរដ្ឋមន្ត្រី បានបង្ហាញពីចក្ខុវិស័យវែងឆ្ងាយចំពោះអត្ថប្រយោជន៍នៃផែនការមេភស្តុភារកម្ម ពោលគឺ តាមរយៈផែនការមេភស្តុភារកម្មនេះ និងភូមិសាស្ត្រនៃ ប្រទេសកម្ពុជា ស្ថិតនៅចំណុចកណ្ដាលនៃប្រទេសក្នុងតំបន់មេគង្គ និងតំបន់អាស៊ាន កម្ពុជាអាចទាញយកអត្ថ ប្រយោជន៍បានយ៉ាងច្រើនពីវិស័យដឹកជញ្ជូន។ ឆ្លៀតក្នុងឱកាសនោះផងដែរ លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា គម្រោងសាងសង់ និងការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក និងផ្លូវដែក និងការសាងសង់កំពង់ផែកុងទីន័រនៅ ខេត្តព្រះសីហនុគឺដើម្បីឆ្លើយតបទៅនឹងការកើនឡើងវិស័យដឹកជញ្ជូនក្នុងស្រុក និងត្រៀមខ្លូនដើម្បីបម្រើ ការដឹកជញ្ជូនឆ្លងប្រទេសរបស់ប្រទេសក្នុងតំបន់ផងដែរ។

នៅចុងបញ្ចប់នៃកម្មវិធី លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ JICA និងធនាគារពិភពលោក ដែលបានប្រើគ្រប់មធ្យោបាយ និងអស់ពីសមត្ថភាពដើម្បីសិក្សាពីផែនការមេ ភស្តុភារកម្មនេះឱ្យទទួលបានជោគជ័យខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគីពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ទាំងអស់ដែលបានប្រឹងអស់ពីលទ្ធភាពជំរុញឱ្យការសិក្សានេះទទួលបានលទ្ធផលខ្ពស់៕

អត្ថបទទាក់ទង