អគ្គស្នងការដ្ឋាននគរបាលជាតិ ប្រកាសធានាការពារសន្ដិសុខ សណ្ដាប់ធ្នាប់ជូនធុរៈជនទាំងអស់ដែលមកវិនិយោគនៅកម្ពុជា
លោកឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា អគ្គស្នងការរងនគរបាលជាតិ បានថ្លែងទៅកាន់ធុរៈជនចិនថា អគ្គស្នងការដ្ឋាននគរបាលជាតិ សូមធានានូវកត្ដាសន្ដិភាព សន្ដិសុខ សណ្ដាប់ធ្នាប់ជូនធុរៈជនទាំងអស់ ដែលបានមកវិនិយោគទុននៅក្នុងប្រទេសកម្ពុជា ប្រកបដោយភាព អំណោយផលខ្ពស់ ដើម្បីជំរុញការវិនិយោគបន្ថែមទៀត។
ក្នុងពិធីជប់លៀងរបស់ក្រុមហ៊ុនវិនិយោគទុន ជុង គូហ្វឹង គ្រុប ជាមួយថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា បានថ្លែងយ៉ាងដូច្នេះថា «ក្នុងនាមអាជ្ញាធរមានសមត្ថកិច្ច ដែលមានភារកិច្ចការពារសុវត្ថិភាពជូន សង្គម និងប្រជាពលរដ្ឋ ខ្ញុំសូមធានាជូនដល់សុច្ចធុរជនទាំងអស់ នូវបរិស្ថានប្រកបដោយភាពអំណោយផល និងជួយជំរុញដល់ការវិនិយោគ ពិសេសសន្ដិភាព សន្ដិសុខ និងស្ថិរភាពនយោបាយ ក៏ដូចជាម៉ាក្រូសេដ្ឋកិច្ច ក្របខ័ណ្ឌច្បាប់ និងស្ថាប័នដែលប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងភាពអាចប៉ានប្រមាណបាន»។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា បានគូសបញ្ជាក់ថា ការសម្រេចចិត្តរបស់ក្រុមហ៊ុន វិនិយោគទុន ជុង គូហ្វឹង គ្រុប ក្នុងការឈានឆ្ពោះ មកបោះទុនវិនិយោគនៅកម្ពុជាស្របតាមផែនការ និងគោលនយោបាយយុទ្ធសាស្ដ្រ «ផ្លូវមួយ ក្រវ៉ាត់មួយ» ដែលផ្ដួចផ្ដើមឡើង ដោយប្រទេសចិន កាលពីឆ្នាំ២០១៣ និងដែលត្រូវបានចុះកិច្ចព្រម ព្រៀងលើគម្រោងកិច្ចសហប្រតិបត្ដិការរវាងប្រទេសកម្ពុជាចិន កន្លងមក គឺជាការសម្រេចចិត្ត ប្រកបដោយទស្សនវិស័យខ្ពស់បំផុបរបស់ថ្នាក់ ដឹកនាំក្រុមហ៊ុន។
ផ្អែកតាមបរិបទខាងលើនេះ អគ្គស្នងការរងនគរបាលជាតិរូបនេះ បាន សម្ដែងនូវការស្វាគមន៍ចំពោះរាល់ការសម្រេចចិត្តរបស់ក្រុមហ៊ុនវិនិយោគទុន ជុង គូហ្វឹង គ្រុប ព្រមទាំងអ្នកវិនិយោគទាំងអស់ ដែលបានជ្រើសរើស និងមានបំណងជ្រើសរើសកម្ពុជា ជាគោលដៅវិនិយោគដ៏មានសក្ដា នុពលខ្ពស់ ក្នុងការចាប់ផ្ដើម ឬពង្រីកអាជីវកម្មរបស់ខ្លួន៕