ខ្មែរប៉ុស្ដិ៍ Close

ទស្សនៈមិត្ត​អ្នក​អាន ៖ ស្ថេរភាព​នយោបាយ និង​ស្ថេរភាព​ម៉ាក្រូសេដ្ឋកិច្ច ជាកិច្ចការ​អាទិភាព ​របស់​រាជរដ្ឋាភិបាល​ដឹកនាំដោយ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៣ ខែតុលា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 105
ទស្សនៈមិត្ត​អ្នក​អាន ៖ ស្ថេរភាព​នយោបាយ និង​ស្ថេរភាព​ម៉ាក្រូសេដ្ឋកិច្ច ជាកិច្ចការ​អាទិភាព ​របស់​រាជរដ្ឋាភិបាល​ដឹកនាំដោយ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទស្សនៈមិត្ត​អ្នក​អាន ៖ ស្ថេរភាព​នយោបាយ និង​ស្ថេរភាព​ម៉ាក្រូសេដ្ឋកិច្ច ជាកិច្ចការ​អាទិភាព ​របស់​រាជរដ្ឋាភិបាល​ដឹកនាំដោយ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន

ក្នុង​ជំនួប​សំណេះ​សំណាល​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​-អាមេរិកាំង-​កាណាថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​បាន​មាន​ប្រសាសន៍លើកឡើង​​​ថា កិច្ចការជា​អាទិភាព​របស់​រាជរដ្ឋាភិបាលកម្ពុជា​បច្ចុប្បន្ន និង​បន្ត​បន្ទាប់​ទៅ​អនាគត គឺ​ការធានា​ឲ្យ​បាន​នូវ​ស្ថេរភាព​នយោបាយ និង​ស្ថេរភាព​ម៉ាក្រូសេដ្ឋកិច្ច​។ ចំណុច​ទាំង​ពីរ​នេះ ប្រៀប​ដូច​ជា​ ចុង​ខ្សែពីរ​ជា​ចំណង​មួយ​ ដែល​មិន​អាច​កាត់ផ្តាច់​ចេញ​ពីគ្នា​បាន ពោលបើ​គ្មាន​ស្ថេរភាព​នយោបាយ គ្មាន​ទេ​ការអភិវឌ្ឍ ហើយ​បើ​គ្មាន​ស្ថេរភាព​ម៉ាក្រូសេដ្ឋកិច្ច ក៏​មិន​អាច​ធានាបាន​នូវ​ស្ថេរភាព​នយោបាយ​ផងដែរ។

ពិត​ណាស់​ថា ស្ថេរភាព​នយោបាយ និ​ងម៉ាក្រូ​សេដ្ឋកិច្ច​ ជា​កត្តា​កំណត់​ដែល​មិន​អា​ចខ្វះមួយ​ណា​​បាន។ កត្តា​​ទាំងពីរ​នេះ បាន​ជំរុញ​ឲ្យ​កម្ពុជា​ក្លាយ​ជា​គោល​ដៅ​នៃការ​​វិនិយោគបណ្តាក់ទុន​រកស៊ីពីបណ្តា​ប្រទេសនានា​លើសកលលោក។ ស្ថេរភាព​នយោបាយ ​បាន​ជំរុញ​ឲ្យ​មាន​កំណើនសេដ្ឋកិច្ច និងទាញបាន​​ចំណូល​​យ៉ាង​ច្រើន​ពី​វិស័យ​ទេស​ចរណ៍ផងដែរ ដោយ​សារ​តែ​កម្ពុជា​មាន​សន្តិសុខ សណ្តាប់​ធ្នាប់​សង្គមល្អ។

ប្រទេស​មួយ​បើ​គ្មាន​ស្ថេរភាព​នយោបាយ និង​ម៉ាក្រូសេដ្ឋកិច្ច ប្រទេស​នោះនឹងជួប​នូវ​អស្ថេរភាព​សង្គម អ​សន្តិសុខ គ្មាន​សណ្តាប់​ធ្នាប់សាធារណៈ គ្មានការ​មក​វិនិយោគបណ្តាក់​ទុន​រកស៊ីពីបរទេស គ្មានអ្នក​មកធ្វើ​ទេស​ចរណ៍​​នោះទេ​ ដែលធ្វើ​ឲ្យ​សេដ្ឋកិច្ច​ជាតិ​ធ្លាក់​ចុះ​ ប្រជាពលរដ្ឋ​អត់​ការងារ​ធ្វើ ​គ្មាន​ប្រាក់​ចំណូលទ្រទ្រង់​ជីវភាព​រស់នៅ និង​កើន​​ឡើង​នូវ​អត្រា​ភាព​ក្រីក្រ​។ ជាក់​ស្តែង​ ប្រទេសមួយ​ចំនួន​ក្នុង​តំបន់​មជ្ឈិមបូព៌ាដូច​ជា ទុយនេស៊ី លីប៊ី អ៊ីរ៉ាក់​​​ជាដើម ដែល​ត្រូវ​បានផ្តួលរំលំដោយ​ការ​ធ្វើ​បដិវត្តន៍ពណ៌ បច្ចុប្បន្ន​ធ្លាក់​ក្នុង​សង្គ្រាម​ស៊ីវិលរ៉ាំរ៉ៃ បាន​បំផ្លាញ​ខ្ទេចខ្ទី​​រនូវ​ហេដ្ឋារចនា​សម្ព័ន្ធ​ស្ពានផ្លូវថ្នល់ ទ្រព្យ​សម្បត្តិ​រដ្ឋ និង​ឯកជន ប្រជាជន​រស់នៅក្នុង​ភាព​ភ័យ​ខ្លាច​ គ្មានផ្ទះសម្បែងស្នាក់​នៅ គ្មាន​​ភ្លើង​អគ្គិសនីប្រើ​ប្រាស់ ខ្វះ​ស្បៀងបរិភោគជា​ដើម ជា​ហេតុ​ធ្វើ​ឲ្យ​ប្រជាជនរត់​ភៀស​ខ្លួន​ទៅកាន់​ប្រទេស​ជិត​ខាង ទោះ​ប្រឈម​នឹង​គ្រោះ​ថ្នាក់ដល់​ជីវិត​យ៉ាងណាក្តី។

ករណី​មួយ​ទៀត​នៅ​ប្រទេស​វ៉េណេហ្សូអេឡាដែល​ធ្លាប់ជាប្រទេសអ្នកមាន និងអភិវឌ្ឍន៍មួយនៅក្នុងទ្វីបអាមេរិកខាងត្បូង ​​បច្ចុប្បន្នបានទទួល​រង​នូវ​អស្ថេរភាពនយោបាយ ​ដែលបានរុញច្រានស្ថានភាពសេដ្ឋកិច្ចជាតិរបស់ប្រទេស​កាន់តែដុនដាប​។ ប្រជាជននៃប្រទេសនេះជាច្រើនកំពុងរស់យ៉ាងរងទុក្ខដោយសារលទ្ធផល​អាក្រក់នៃអតិផរណាយ៉ាងគំហុក។ ក្នុងឆ្នាំ២០០១ ប្រទេសវេណេហ្សូអេឡា គឺជាប្រទេស​អ្នកមាន ប៉ុន្តែកាលពីឆ្នាំ២០១៦ កន្លងទៅ កម្រិតអតិផរណារបស់ប្រទេសវេណេហ្សូអេឡាបានកើនឡើងពី ៨០០% ​ដល់ ១,៦០០% នៅចុងឆ្នាំ២០១៧។

មុនឆ្នាំ២០១៣ តម្លៃរូបិយបណ្ណជាតិរបស់ប្រទេសវេណេហ្សូអេឡា ១០បូលីវារ (Bolivar) ស្មើនឹង ១ដុល្លារអាមេរិក ប៉ុន្តែបើតាមទិន្នន័យផ្ដល់ដោយធនាគារ IMF ត្រឹមខែកក្កដា ឆ្នាំ២០១៧នេះ ១ដុល្លារអាមេរិក គឺស្មើនឹងជាង ១០,០០០បូលីវារ ដែលមិនគួរឱ្យនឹកស្មានដល់។ ដោយសារតែបញ្ហានៃភាពដុនដាបសេដ្ឋកិច្ចជាតិប៉ុន្មានឆ្នាំនេះហើយ ទើបនាំឱ្យតម្លៃទំនិញឡើងថ្លៃយ៉ាងខ្លាំង ប្រជា​ជនកាន់តែជំពាក់បំណុលធនាគារ ភាពក្រីក្រ ភាពអត់ឃ្លាន អំពើចោរកម្មកើតឡើងគ្រប់ទីកន្លែងនៅទូទាំងផ្ទៃប្រទេស។

យ៉ាងណាមិញ​​សម្រាប់​កម្ពុជា​ គឺបន្ទាប់ពីការទទួលបានសន្តិភាព ឯកភាពទឹកដី ឯកភាពជាតិ និងស្ថេរភាពនយោបាយ តាមរយៈគោលនយោបាយឈ្នះ-ឈ្នះ កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងអត្រាមធ្យមប្រមាណជាង ៧% ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ ដែលបានធ្វើឱ្យកម្ពុជាត្រូវបានស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ផ្តល់ចំណាត់ថ្នាក់ជាជើងឯកក្នុងការសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់។ ចំណូលមនុស្សម្នាក់ធៀប​នឹងផលិត​ផល​ក្នុងស្រុកសរុប បានកើនឡើងដល់ ១១៣៨ដុល្លារអាមេរិក នៅក្នុងឆ្នាំ២០១៤ ដែលប្រការ​​នេះបានធ្វើឲ្យកម្ពុជា ត្រូវទទួលស្គាល់ជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាបក្នុងឆ្នាំ២០១៥។ ទន្ទឹមនឹងនេះ ភាពក្រីក្រត្រូវបានកាត់បន្ថយយ៉ាងឆាប់រហ័ស។

ជាក់ស្តែងភាពក្រីក្រនៅកម្ពុជា ដែលមានរហូតដល់ប្រមាណ ៥៣% នៅក្នុងឆ្នាំ២០០៤ (ចំណាត់ថ្នាក់លេខ១០ ក្នុងអាស៊ាន) ត្រូវបានធ្លាក់ចុះមកត្រឹម ១៦% (ចំណាត់ថ្នាក់លេខ៦ ក្នុងអាស៊ាន) នៅក្នុងឆ្នាំ២០១៣។ អត្រាប្តូរប្រាក់មានស្ថិរភាព ខណៈដែលអតិផរណាស្ថិតក្នុងកម្រិតទាប ដែលឆ្លុះបញ្ចាំងថា សេដ្ឋកិច្ចកម្ពុជាមានស្ថេរភាពរយៈពេលវែង។ ដោយឡែកការនាំចេញរបស់កម្ពុជាក៏មានការកើនឡើង ខណៈប្រាក់បញ្ញើនៅគ្រឹះស្ថានធនាគារ មានការកើនឡើងយ៉ាងឆាប់រហ័ស ដែលឆ្លុះបញ្ចាំងពីជំនឿទុកចិត្ត ហើយអត្រាការប្រាក់ធនាគារក៏មាននិន្នាការធ្លាក់ចុះដែលផ្តល់ប្រយោជន៍ដល់អ្នកខ្ចី ពិសេសប្រជាកសិករ ​ខណៈ​រាជរដ្ឋាភិបាលបានដាក់​ចេញនូវវិធានការសមស្រប ដើម្បីធ្វើឲ្យអត្រាការប្រាក់ឥណទានដែលផ្តល់ដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​កាន់តែមានកម្រិតទាប។ សមិទ្ធផលនៃការអភិវឌ្ឍខាងលើនេះ មិនមែនកើតឡើងដោយចៃដន្យទេ ប៉ុន្តែកើតចេញពីការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

​ទោះយ៉ាងណា ដើម្បីធានាបាន និងដោះស្រាយបញ្ហាប្រឈមនានា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ​ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្រ្តសំខាន់ៗមួយចំនួនដូចជា ១-យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព នៅកម្ពុជា។ ២-គោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្ម ដើម្បីប្រែក្លាយពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មអតិជំនាញត្រឹមឆ្នាំ២០២៥ និង ៣-គោលនយោបាយសំខាន់ៗតាមវិស័យមួយចំនួនទៀត។

ជារួមនៅក្នុងរយៈពេល ២០ឆ្នាំមកនេះ ប្រទេសកម្ពុជាបាននិងកំពុង​ដើរនៅលើផ្លូវត្រូវ។ កម្ពុជា ចាំបាច់​​ត្រូវបន្តរក្សាសន្តិភាព និងស្ថេរភានយោបាយ បន្តកសាងរដ្ឋ និងស្ថាប័ន បន្តរក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច និងកំណើនក្នុងរង្វង់ ៧% ក្នុងមួយឆ្នាំ បន្តការធ្វើពិពិធកម្មសេដ្ឋកិច្ច ពង្រឹងវិស័យសេដ្ឋកិច្ចដែលមានតម្លៃបន្ថែមខ្ពស់ និងពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងតំបន់ និងពិភពលោក។ ចូលរួមក្នុងខ្សែសង្វាក់ផលិតកម្មក្នុងតំបន់ និងពិភពលោកតាមរយៈសមាហរណកម្ម និងពាណិជ្ជកម្មសេរី និងបន្តលើកតម្កើងជីវភាពប្រជាជន និងកាត់បន្ថយភាពក្រីក្រ ព្រមទាំងបន្តកំណែទម្រង់វិស័យសាធារណៈ និងបង្កើនប្រសិទ្ធភាពសេវាសាធារណៈ៕

ដោយ៖ សុខ សុវណ្ណ

អត្ថបទទាក់ទង