ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរា និងមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ នឹងបន្តកិច្ចសហការលើការអភិរក្សជួសជុលក្រុមប្រាសាទព្រះពិធូរ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 24
អាជ្ញាធរជាតិអប្សរា និងមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ នឹងបន្តកិច្ចសហការលើការអភិរក្សជួសជុលក្រុមប្រាសាទព្រះពិធូរ អាជ្ញាធរជាតិអប្សរា និងមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ នឹងបន្តកិច្ចសហការលើការអភិរក្សជួសជុលក្រុមប្រាសាទព្រះពិធូរ

នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨នេះ គណៈប្រតិភូកូរ៉េ ដឹកនាំដោយលោក Kwon Sagju នាយកផ្នែកផែនការនៃមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ (KOCHEF) ចូលជួបសម្តែងការគួរសមជាមួយលោក ហង់ ពៅ អគ្គនាយករងអាជ្ញាធរជាតិអប្សរា ដើម្បីពិភាក្សាការងារបន្តលើគម្រោងអភិរក្សជួសជុលក្រុមប្រាសាទពិធូរ ដែលនឹងត្រូវបញ្ចប់ជំហានទី១ នៅចុងឆ្នាំ២០១៨ និងពិភាក្សាអំពីការអនុវត្តបន្តសម្រាប់ជំហានទី២ នៅឆ្នាំ២០១៩។

នៅក្នុងជំនួបពិភាក្សានេះ ភាគីទាំងពីរសន្យាពង្រឹងទំនាក់ទំនងល្អរវាងស្ថាប័នKOCHEF និងអាជ្ញាធរជាតិអប្សរា ឱ្យកាន់តែរឹងមាំ ជាពិសេសភាគីកូរ៉េ បានថ្លែងអំណរគុណដល់អាជ្ញាធរជាតិអប្សរា ដែលអនុញ្ញាតឱ្យអ្នកជំនាញកូរ៉េ បានចូលរួមក្នុងកិច្ចការអភិរក្ស និងជួសជុលប្រាសាទបុរាណខ្មែរក្នុងតំបន់អង្គរ និងបានរៀនសូត្របន្ថែមពីអាជ្ញាធរជាតិអប្សរា។

ក្នុងឱកាសនោះដែរ អាជ្ញាធរជាតិអប្សរា ក៏បានថ្លែងអំណរគុណដល់មូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ ដែលបានផ្តល់កិច្ចសហប្រតិបត្តិការល្អ និងបានបណ្តុះបណ្តាលជំនាញផ្សេងៗដល់អ្នកជំនាញខ្មែរទាំងក្នុង និងក្រៅប្រទេសនាពេលកន្លងមក។ ដោយឡែក ដើម្បីចែករំលែកនូវបទពិសោធន៍ល្អៗទាំងលើកិច្ចការអភិរក្ស និងការគ្រប់គ្រងរមណីយដ្ឋានបេតិកភណ្ឌពិភពលោក ភាគីទាំងពីរបានឯកភាពទៅលើកម្មវិធីបណ្តុះបណ្តាលនាពេលអនាគតដោយផ្តោតលើប្រធានបទសំខាន់ៗដូចជា ជំនាញវិទ្យាសាស្ត្រអំពីការអភិរក្ស និងជួសជុលបេតិកភណ្ឌ និងការគ្រប់គ្រងទូទៅក្នុងតំបន់បេតិកភណ្ឌពិភពលោក។

គួររំឭកដែរថា គម្រោងជួសជុលអភិរក្សក្រុមប្រាសាទព្រះពិធូរ បានចាប់ផ្តើមឡើងតាំងពីឆ្នាំ២០១៥ ហើយនឹងបញ្ចប់ជំហានដំបូងនៅចុងឆ្នាំ២០១៨៕

អត្ថបទទាក់ទង