ខ្មែរប៉ុស្ដិ៍ Close

    លោក សុខ ឥសាន បញ្ជាក់ថាលទ្ធិប្រជាធិបតេយ្យកម្ពុជានៅតែរឹងមាំ

    ដោយ៖ ទេព សុបញ្ញា ​​ | ថ្ងៃចន្ទ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ទស្សនៈ - នយោបាយ 1164
    លោក សុខ ឥសាន បញ្ជាក់ថាលទ្ធិប្រជាធិបតេយ្យកម្ពុជានៅតែរឹងមាំលោក សុខ ឥសាន បញ្ជាក់ថាលទ្ធិប្រជាធិបតេយ្យកម្ពុជានៅតែរឹងមាំ

    នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានមានប្រសាសន៍ថា ស្មារតីកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីបញ្ហាកម្ពុជា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ បានតម្រង់ទិសឲ្យកម្ពុជាដើរតាមគន្លងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងនីតិរដ្ឋ។ លោកបន្តថា ខ្លឹមសារនេះត្រូវបានបញ្ចូលទៅក្នុងខ្លឹមសាររដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានអនុវត្តប្រកបដោយផ្លែផ្កាក្នុងរយៈពេលជាងម្ភៃឆ្នាំមកហើយ ។

    លោក សុខ ឥសាន បានមានប្រសាសន៍បន្តថា ក្នុងរយៈពេលជាងម្ភៃឆ្នាំមកនេះ ទោះបីមានឧបសគ្គខ្លះៗក៏លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា បានដំណើរការទៅមុខយ៉ាងខ្ជាប់ខ្ជួន ប្រកាន់ខ្ជាប់នូវគោលការណ៍ជាសារវន្តនៃលទ្ធិប្រជាធិបតេយ្យ អាស្រ័យដោយបានផ្សារភ្ជាប់ជាមួយនឹងនីតិរដ្ឋ តាមរយៈការគោរព និងអនុវត្តច្បាប់បានយ៉ាងត្រឹមត្រូវតាមបណ្តាមាត្រាច្បាប់ដែលបានកំណត់ ។ ដោយសារការគោរព និងអនុវត្តន៍ច្បាប់នេះហើយបានជាលទ្ធិប្រជាធិបតេយ្យ ត្រូវបានពង្រឹង និងមាននិរន្តរភាពគង់វង្សរហូតមកដល់សព្វថ្ងៃនេះ ។

    លោក សុខ ឥសាន បានមានប្រសាសន៍បន្តទៀតថា ការពង្រឹងនិងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនិងអនុវត្តច្បាប់នេះ ធ្វើឲ្យកម្ពុជាធានា បាននូវស្ថេរភាពនៃការដឹកនាំនិងគ្រប់គ្រងប្រទេសមានការអភិវឌ្ឈន៍រីកចម្រើនជាលំដាប់ស្របតាមបរិបទនៃលក្ខណៈពិសេសរបស់កម្ពុជា។ បណ្តាជននិង បណ្តាអង្គការដែលមានទំនាស់នឹងការអនុវត្តច្បាប់ និងពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាគឺជាជន និងអង្គការមានជាប់និន្នាកានយោបាយ និងប្រព្រឹត្តល្មើសច្បា់ប ដែលត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ តែបែរជាមិនហ៊ានទទួល ហើយនិយាយថាស្ថិតនៅក្រោមគំនាបរបស់រាជរដ្ឋាភិបាលទៅវិញ ។ ប៉ុន្តែទោះជាមានការបញ្ចេញមតិ ការវិភាគលំអៀងយ៉ាងណា ក៏រាជរដ្ឋាភិបាលកម្ពុជា នៅតែបោះជំហានទៅមុខជាធម្មតា តាមទិសដៅដែលបានកំណត់ គ្មានការារថយឡើយ ។

    លោក សុខ ឥសាន បាន​បន្ត​ថា ការវាយតម្លៃ និងនិយាយថាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា រួមតូចចង្អៀត ឬបានស្លាប់ទៅហើយនោះ វាគ្រាន់តែជាការមួលបង្កាច់ការពិត និងជាការប្រឆាំងលទ្ធិប្រជាធិបតេយ្យ ប្រឆាំងនឹងច្បាប់ ហើយថែមទាំងជាការឃុបឃិតរវាងខាងក្នុង និងខាងក្រៅ ដើម្បីបម្រើឧបាយកលនិងមហិច្ឆតាណាមួយតែប៉ុណ្ណោះ ។

    លោក សុខ ឥសាន បញ្ជាក់ទៀតថា ជារួមគេមិនអាច និងមិនត្រូវយកលទ្ធិប្រជាធិបតេយ្យ មកធ្វើជាឡប់ឡែ ឬជារបាំងដើម្បីប្រព្រឹត្តឧបាយកលនយោបាយណាមួយបានឡើយ ។ ក្នុងករណីនេះ ទោះបីចេញតាមរូបភាពណាក៏ដោយ ដែលជាការរំលោភលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ឧបាយកលទាំងនោះនឹងត្រូវទទួលបរាជ័យក្រោមឥទ្ធិពលនៃការប្រកាន់យកនីតិរដ្ឋជាមិនខាន៕

    អត្ថបទទាក់ទង