ខ្មែរប៉ុស្ដិ៍ Close

គ.ជ.ប បញ្ជាក់ថា ទឹកខ្មៅជ្រលក់ដៃសម្រាប់ថ្ងៃបោះឆ្នោត នីតិកាលទី៦​ ខាងមុខ មានគុណភាពល្អណាស់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១៧ ខែកក្កដា ឆ្នាំ២០១៨ ឯកសារ 26
គ.ជ.ប បញ្ជាក់ថា ទឹកខ្មៅជ្រលក់ដៃសម្រាប់ថ្ងៃបោះឆ្នោត នីតិកាលទី៦​ ខាងមុខ មានគុណភាពល្អណាស់ គ.ជ.ប បញ្ជាក់ថា ទឹកខ្មៅជ្រលក់ដៃសម្រាប់ថ្ងៃបោះឆ្នោត នីតិកាលទី៦​ ខាងមុខ មានគុណភាពល្អណាស់

លោក ទេព នីថា អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បានអះអាងថា ក្រោយពិនិត្យ និងពិសោធន៍ទឹកខ្មៅជ្រលក់ដៃ មកពីប្រទេសឥណ្ឌា បានបញ្ជាក់ឱ្យឃើញថា ទឹកខ្មៅជ្រលក់ដៃដែលបម្រើដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី០៦ ឆ្នាំ២០១៨នេះ មានគុណភាពល្អណាស់ គឺដូចទឹកខ្មៅដែលបានប្រើសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅអាណត្តិទី០៤ ផងដែរ។

ការអះអាងរបស់មន្ត្រីជាន់ខ្ពស់ គ.ជ.ប រូបនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨នេះ នៅក្នុងឱកាសដែល គ.ជ.ប បានរៀបចំបង្ហាញពីគុណភាពទឹកថ្នាំជ្រលក់ដៃអ្នកបោះឆ្នោត ដែលទិញពីប្រទេសឥណ្ឌា នៅទីស្នាក់ការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត​ (គ.ជ.ប)។

លោក ទេព នីថា បានថ្លែងយ៉ាងដូច្នេះថា៖ «យើងបានសាកល្បងរួចហើយ គឺការសាកល្បងដូចកាលបោះឆ្នោតឃុំ-សង្កាត់ដែរ [….] គឺបានធានាថា គុណភាព(ទឹកខ្មៅ)នេះល្អ ហើយសូមជម្រាបបន្ថែមថា បើយើងនៅខាងក្រៅកន្លែងបោះឆ្នោត គឺទឹកថ្នាំនេះរក្សាបាននូវគុណភាពដូចគ្នា ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់»

ជាមួយគ្នានេះ លោក ទេព នីថា បានបន្តថា ទឹកថ្នាំជ្រលក់ដៃ និងសម្ភារដែលបម្រើដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី០៦ ឆ្នាំ២០១៨ ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី២៩ ខែកក្កដា​ ខាងមុខនេះ គឺខាង គ.ជ.ប បានដឹកជញ្ជូនទៅតាមបណ្តាលខេត្តមួយចំនួនបណ្តើរៗផងដែរ។

សូមជម្រាបថា ការបង្ហាញគុណភាពទឹកខ្មៅជ្រលក់ដៃនេះ គ.ជ.ប ក៏បានអញ្ជើញក្រុមហ៊ុនឥណ្ឌា ដែលផលិតទឹកខ្មៅជ្រលក់ដៃនេះ មកធ្វើការបង្ហាញពីគុណភាពទឹកខ្មៅដល់អ្នកចូលរួមផងដែរ។ លោកបានបន្តថា ការបង្ហាញនេះ គឺឱ្យតំណាងគណបក្សនយោបាយ និងអង្គការជាតិ-អន្តរជាតិ សាកល្បងជ្រលក់ ដើម្បីឱ្យដឹងពី គុណភាពនៃទឹកខ្មៅជ្រលក់ដៃនេះ។

គ.ជ.ប បានបញ្ជាទិញទឹកខ្មៅជ្រលក់ដៃ មានចំនួន៥១,០០០ដប ពីប្រទេសឥណ្ឌា ដោយប្រើប្រាស់ថវិកាប្រមាណ ៨០ម៉ឺនដុល្លារ ហើយត្រូវបានបញ្ជូនមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨។ ទឹកខ្មៅទាំងនេះ គឺសម្រាប់ប្រើនៅតាមការិយាល័យបោះឆ្នោត ជាង២ម៉ឺនការិយាល័យនៅទូទាំងប្រទេស ដោយក្នុង១ការិយាល័យ តម្រូវឱ្យប្រើទឹកខ្មៅចំនួន២ដប៕

អត្ថបទទាក់ទង