ប្រព័ន្ធគាំពារសង្គមគ្របដណ្តប់ពលរដ្ឋ ៨,៥ លាននាក់ ជាជោគជ័យមួយឆ្ពោះទៅរកការសម្រេចចក្ខុវិស័យចំណូលខ្ពស់នៅឆ្នាំ២០៥០
ប្រព័ន្ធគាំពារសង្គមគ្របដណ្តប់ពលរដ្ឋ ៨,៥ លាននាក់ ជាជោគជ័យមួយឆ្ពោះទៅរកការសម្រេចចក្ខុវិស័យចំណូលខ្ពស់នៅឆ្នាំ២០៥០
សមិទ្ធផលក្នុងរយៈពេល ៣ឆ្នាំដំបូងនេះ បានឆ្លុះបញ្ចាំងពីការអនុវត្តប្រកបដោយជោគជ័យនូវគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានតម្រង់ទិសលើការលើកស្ទួយសុខុមាលភាព ជីវភាព ការអភិវឌ្ឍមូលធនមនុស្ស និងការកាត់បន្ថយភាពក្រីក្រ ដើម្បីឈានទៅសម្រេចចក្ខុវិស័យកម្ពុជាជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ នេះតាមការឱ្យដឹងរបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គមស្តីពីវឌ្ឍនភាពនៃការគ្របដណ្ដប់ពលរដ្ឋដោយប្រព័ន្ធគាំពារសុខភាពសង្គម ក្នុងរយៈពេល ៣ឆ្នាំដំបូង (២០២៣-២០២៦) នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភានាថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦។
ក្រោមការដឹកនាំតម្រង់ទិសរបស់ក្រុមប្រឹក្សាជាតិគាំពារសង្គម ប្រព័ន្ធគាំពារសង្គមកម្ពុជាទទួលបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់។ គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៦ នេះ ការគ្របដណ្តប់សុខភាព និងប្រព័ន្ធគាំពារសង្គម បានផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋសរុបប្រមាណ ៨,៥ លាននាក់ (ជិត ៥០% នៃពលរដ្ឋសរុប) ដែលកើនឡើងយ៉ាងខ្លាំងពី ៦,៥ លាននាក់ កាលពីដើមនីតិកាលទី៧។
នៅក្នុងកម្មវិធីជាតិជំនួយសង្គមបានគ្របដណ្តប់ពលរដ្ឋគោលដៅប្រមាណ ៥ លាននាក់ ដោយរដ្ឋបានវិភាជថវិការប្រមាណ ២៨២ លានដុល្លារអាម៉េរិក (១ ១៣០,១ ប៊ីលានរៀល) ក្នុងឆ្នាំ២០២៦ រួមទាំងមូលនិធិសមធម៌សុខាភិបាល ហើយចំណែករបបសន្តិសុខសង្គម (ប.ស.ស.) បានគ្របដណ្តប់ពលរដ្ឋជាង ៣,៥ លាននាក់ លើផ្នែកថែទាំសុខភាព ហានិភ័យការងារ និងប្រាក់សោធន ដោយរដ្ឋបានផ្តល់ថវិកាបន្ថែមប្រមាណ ៤៨៧ លានដុល្លារអាម៉េរិក (១ ៩០០ ប៊ីលានរៀល) លើសពីភាគទានរបស់សមាជិក។
ទន្ទឹមនេះផងដែរ រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីអន្តរាគមន៍ពិសេស ដើម្បីជួយរក្សាលំនឹងជីវភាពពលរដ្ឋពីផលប៉ះពាល់នៃវិបត្តិនានាដូចជា កូវីដ-១៩ អតិផរណា ទឹកជំនន់ និងសង្គ្រាមព្រំដែន ព្រមទាំងត្រៀមខ្លួនជាស្រេចក្នុងការឆ្លើយតបចំពោះវិបត្តិដែលអាចកើតមានជាយថាហេតុនៅពេលខាងមុខ៕




