ខ្មែរប៉ុស្ដិ៍ Close

ឯកឧត្តម វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត និងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧

ដោយ៖សូ សែនឬទ្ធា | 2 ម៉ោងមុន ព័ត៌មានទូទៅ 44
ឯកឧត្តម វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត និងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ឯកឧត្តម វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត និងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧
(កំពង់ធំ)៖ នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្តរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកអ្នកឧកញ៉ា លោកជំទាវ ជាអនុប្រធាន សមាជិក សមាជិកាក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ក្រុង-ស្រុក និងឃុំ-សង្កាត់ ព្រមទាំងគណៈកម្មាធិការគណបក្ស និងសាខាគណបក្សជាច្រើនរូប។
ឯកឧត្តម វង្សី វិស្សុត បានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគណបក្សចុះមូលដ្ឋាន ទាំងក្រុមការងារខ្សែបណ្តោយ និងក្រុមការងារខ្សែទទឹងតាមវិស័យទាំង៨ ក៏ដូចជាគណបក្សមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំរួមគ្នាធ្វើឱ្យខេត្តកំពង់ធំកំពុងមានចលនការវិជ្ជមានទៅមុខ ក្នុងដំណើរឆ្ពោះទៅសម្រេចបាននូវសមិទ្ធផលថ្មីបន្ថែមទៀត ជូនដល់ខេត្ត និងប្រជាជនខេត្តកំពង់ធំ ទាំងការអភិវឌ្ឍមូលដ្ឋាន ទាំងសតិអារម្មណ៍របស់ប្រជាជន ដែលជាចំណែកមួយយ៉ាងសំខាន់នៃបុព្វហេតុ ឧត្តមគតិ និងបេសកកម្មរបស់គណបក្សប្រជាជនកម្ពុជា ដោយម្ខាងបម្រើប្រជាជន និងម្ខាងទៀតខិតខំពង្រឹងនិងពង្រីកការជឿជាក់ និងការគាំទ្រ ក្នុងគោលដៅសម្រេចឱ្យបាននូវចក្ខុវិស័យរបស់ សម្ដេចតេជោ ហ៊ុន សែន និង សម្តេចធិបតី ហ៊ុន ម៉ាណែត «ប្រែក្លាយខេត្តកំពង់ធំឱ្យទៅជាបង្គោលនិងមូលដ្ឋានគាំទ្រដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា» និង «លែងឱ្យខេត្តកំពង់ធំ ជាខេត្តទៅហួស មកហួសទៀត ទាំងគម្រោងអភិវឌ្ឍន៍ វិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍»។
ឯកឧត្តម វង្សី វិស្សុត បានផ្តល់ការណែនាំដល់ក្រុមការងារគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ក្នុងការចាត់តាំងអនុវត្តឱ្យមានប្រសិទ្ធភាព ចាប់ពីពេលនេះតទៅ នូវផែនការសកម្មភាពសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ដោយមិនត្រូវមើលស្រាលសភាពការណ៍នោះទេ ព្រោះយើងកំពុងស្ថិតក្នុងបរិការណ៍ដែលខុសពីបរិការណ៍នៃការបោះឆ្នោតលើកមុនៗ។ ឯកឧត្តមបានបន្តថា ការផ្លាស់ប្តូរជារចនាសម្ព័ន្ធរបស់អ្នកបោះឆ្នោត និងបញ្ហាធំៗដែលយើងជួបប្រទះជាបន្តបន្ទាប់ និងមិនធ្លាប់មានពីមុនមក ដូចជា បញ្ហាទំនាស់ព្រំដែន ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងបញ្ហាសេដ្ឋកិច្ចនិងជីវភាពប្រជាជន នឹងអាចជះឥទ្ធិពលដល់ការបោះឆ្នោត។ ដូចនេះ ទាមទារឱ្យយើងត្រូវធ្វើសកម្មភាពជាក់ស្តែង និងត្រូវខិតខំពន្យល់ប្រជាជនយើងឱ្យបានយល់ច្បាស់លាស់ ដើម្បីម្ខាងធានារក្សានូវសាមគ្គីភាពនិងឯកភាពជាតិជាធ្លុងមួយផង និងម្ខាងទៀតពង្រឹងភាពធន់នៃសេដ្ឋកិច្ចនិងការលើកកម្ពស់ជីវភាពប្រជាជន។
ឯកឧត្តម វង្សី វិស្សុត បានបន្តលើកឡើងថា ការបោះឆ្នោតឆ្នាំ២០២៧ខាងមុខនេះ គឺជាវិញ្ញាសាសំខាន់ជាយុទ្ធសាស្ត្រសម្រាប់ការបោះឆ្នោតសកលឆ្នាំ២០២៨ ហើយក៏នឹងកំណត់ការឈរជើងរបស់គណបក្សយើងរយៈពេលយូរអង្វែងផងដែរ។ ដូច្នេះ យើងគឺត្រូវបន្តគ្រប់គ្រងឱ្យបានទាំងបរិការណ៍រួម និងបរិការណ៍ក្នុងខេត្តកំពង់ធំយើង។ ការណ៍នេះទាមទារឱ្យយើងត្រូវចេះធ្វើការវាយតម្លៃសភាពការណ៍ តាមឃុំ-សង្កាត់នីមួយៗ ដោយពិនិត្យមើលទៅលើទិដ្ឋភាពរួម ចំណុចខ្លាំង ចំណុចខ្សោយ និងហានិភ័យធំៗ ដើម្បីកំណត់ឫសគល់នៃបញ្ហាជាក់ស្ដែង ហើយដាក់ចេញនូវវិធានការចាំបាច់និងមុតស្រួច ដើម្បីដោះស្រាយឱ្យចំបេះដូង និងអារម្មណ៍របស់ប្រជាជន ព្រមទាំងជះឥទ្ធិពលដល់ការបោះឆ្នោត។
ឯកឧត្តម វង្សី វិស្សុត ក៏បានណែនាំដល់ក្រុមការងារចុះមូលដ្ឋាន និងគណបក្សមូលដ្ឋានគ្រប់ថ្នាក់ ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ច ត្រូវបន្តអនុវត្តការដ្ឋានទាំង៣ របស់ក្រុមការងារខេត្តកំពង់ធំ ដោយបន្តផ្ដោតលើការដោះស្រាយបញ្ហាសេដ្ឋកិច្ចនិងជីវភាពប្រជាជន ការគាំទ្រដល់ការពង្រឹងមូលដ្ឋានសេដ្ឋកិច្ច ការលើកកម្ពស់សមត្ថភាពផលិតកម្ម ការទាក់ទាញវិនិយោគ និងរៀបចំប្រព័ន្ធ Ecosystem ឱ្យបានល្អ តាមរយៈការបន្តការប្រឹងប្រែងកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តឱ្យបានកាន់តែច្រើននិងមានប្រសិទ្ធភាព និងការកសាងមូលធនមនុស្ស ក៏ដូចជាការលើកកម្ពស់សមត្ថភាពជំនាញ បច្ចេកទេស សមត្ថភាពផលិត ការកសាងបណ្ដាញទីផ្សារ និងការបណ្ដុះសមត្ថភាព។ ទន្ទឹមនេះ ត្រូវយកចិត្តទុកដាក់លើការផ្តល់សេវាគ្រប់ប្រភេទ ប្រកបដោយគុណភាពនិងប្រសិទ្ធភាព ដូចជា សេវាសន្តិសុខនិងសណ្តាប់ធ្នាប់, សេវាប្រជាពលរដ្ឋ, សេវាសង្គម អប់រំ និងសុខាភិបាល, សេវាយុត្តិធម៌, ការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ, សេវាសុរិយោដី, សេវាធុរកិច្ច ដោយត្រូវជួយសម្របសម្រួល និងគាំទ្រដល់អ្នកធ្វើអាជីវកម្ម និងសហគ្រិន។ ជាមួយគ្នានេះ ត្រូវបន្តយកចិត្តទុកដាក់ដល់គ្រួសារក្រីក្រ គ្រួសារជួបទុក្ខលំបាក គ្រួសារយុទ្ធជនពលី និងយុទ្ធជនដែលកំពុងឈរជើងនៅជួរមុខ ដើម្បីធានាថាមិនឱ្យមានអ្នកណាម្នាក់ដាច់បាយហូប ឬអត់អង្ករច្រកឆ្នាំងនោះឡើយ។ នៅក្នុងការដ្ឋានទី២ នៃការកសាងនិងការពង្រឹងគណបក្ស ត្រូវបន្តការងារដែលបានធ្វើមកជាប្រចាំ ក្នុងការបង្កើនគុណភាពនិងសតិអារម្មណ៍របស់សមាជិកគណបក្ស ពង្រឹងរចនាសម្ព័ន្ធចាត់តាំង
ហេដ្ឋារចនាសម្ព័ន្ធការងារ ជាពិសេសសម្រួចការងារពីការរៀបចំផែនការ និងផែនការសកម្មភាពនៃរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧។ លើសពីនេះ ត្រូវត្រៀមឆ្លើយតបលើរាល់
ឧបាយកលគ្រប់បែបយ៉ាងពីគ្រប់មជ្ឈដ្ឋានអគតិទាំងអស់ ដោយមិនត្រូវភ្លេចខ្លួន ឬធ្វេសប្រហែសឡើយ។
មុននឹងបញ្ចប់ ឯកឧត្តម វង្សី វិស្សុត បានស្នើដល់ក្រុមការងារ គណៈកម្មាធិការគណបក្សគ្រប់លំដាប់ថ្នាក់ និងមន្រ្តីគណបក្សគ្រប់រូប ត្រូវផ្តុំកម្លាំងគ្នាជាធ្លុងមួយ ក្នុងគោលដៅតែមួយនិងលើមាគ៌ាតែមួយ ហើយធ្វើឱ្យស្រុះដៃគ្នា និងប្តេជ្ញាចិត្តរួមគ្នា ដើម្បីនាំមកនូវជោគជ័យយ៉ាងត្រចះត្រចង់ជូនគណបក្ស ជាពិសេសដណ្តើមយកភាពខ្លាំងជូនគណបក្សឱ្យបានជាងពេលណាៗទាំងអស់ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ក៏ដូចជាការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៨ ខាងមុខ។

អត្ថបទទាក់ទង