ខ្មែរប៉ុស្ដិ៍ Close

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អ្នកបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតអ្នកដទៃត្រូវទទួលខុសត្រូវតាមច្បាប់យ៉ាងតឹងរឹងបំផុតដោយគ្មានការលេីកលែងឡើយ

ដោយ៖សូ សែនឬទ្ធា | 2 ម៉ោងមុន ព័ត៌មានទូទៅ 35
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អ្នកបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតអ្នកដទៃត្រូវទទួលខុសត្រូវតាមច្បាប់យ៉ាងតឹងរឹងបំផុតដោយគ្មានការលេីកលែងឡើយ សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អ្នកបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតអ្នកដទៃត្រូវទទួលខុសត្រូវតាមច្បាប់យ៉ាងតឹងរឹងបំផុតដោយគ្មានការលេីកលែងឡើយ
តាមរយៈបណ្ដាញសង្គមនៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបង្ហោះខ្លឹមសារដូចតទៅ៖
ខ្ញុំបានឃេីញមានការបញ្ចេញមតិជាច្រេីនពាក់ព័ន្ធជាមួយនឹងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយដែលកេីតឡេីងនៅយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង ដែលមនុស្សចំនួន៦នាក់ត្រូវបានស្លាប់រួមទាំងទារកនៅក្នុងផ្ទៃមាតាផងដែរដែលបង្កឡេីងដោយរថយន្តមួយគ្រឿងបុកពួកគាត់ហើយរត់គេចខ្លួនបាត់។ ជាមួយនឹងការសម្តែងការសោកស្តាយដល់ជនរងគ្រោះ មានបងប្អូនមួយចំនួនក៏បានសម្តែងការព្រួយបារម្ភអំពីការដែលអ្នកប្រព្រឹត្តអាចមិនត្រូវបានទទួលទោសដោយសារមានគ្រួសារជាមន្ត្រី។
 
ជាដំបូង ខ្ញុំសូមចូលរួមមរណ:ទុក្ខជាមួយនឹងក្រុមគ្រួសារសពនៃជនរងគ្រោះទាំង៦នាក់និងសូមវិញាណក្ខន្ធអ្នកទាំងអស់គ្នាបានទៅកាន់សុខគតិភពកុំបីឃ្លាតឡេីយ។ ចំពោះការទទួលខុសត្រូវតាមផ្លូវច្បាប់ក្នុងករណីនេះ ខ្ញុំបានចេញបទបញ្ជាឱ្យឯកឧត្តម កេីត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិត្រូវធ្វេីការស្រាវជ្រាវឱ្យបានហ្មត់ចត់បំផុតនិងរកឱ្យឃេីញអ្នកដែលបេីកបររថយន្តពិតប្រាកដដែលបុកមនុស្សស្លាប់ទាំង៦នាក់នេះហើយអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ដើម្បីផ្ដល់ភាពយុត្តិធម៌ដល់ជនរងគ្រោះ។
 
ក្នុងពេលជាមួយគ្នានេះដែរ ខ្ញុំក៏សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋយេីងធ្វេីការបេីកបរដោយប្រុងប្រយ័ត្នខ្ពស់ និងគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានម៉ឺងម៉ាត់ ជាពិសេសក្នុងអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនៅពេលខាងមុខ។
 
ខ្ញុំសូមរំលឹកឡេីងវិញផងដែរ ចំពោះការបេីកបរដោយមិនគោរពច្បាប់ជាពិសេសការបេីកបរដោយស្ថិតក្រោមស្ថានភាពស្រវឹងដែលបានបង្កឱ្យមានគ្រោះថ្នាក់ដល់ អាយុជីវិតអ្នកដទៃនឹងត្រូវទទួលខុសត្រូវតាមច្បាប់យ៉ាងតឹងរឹងបំផុតដោយគ្មានការលេីកលែងដូចបានអនុវត្តនៅពេលកន្លងមក។
 
គណ:បញ្ជាការឯកភាពរាជធានី-ខេត្ត ជាពិសេសសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់អនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលឱ្យបានម៉ឺងម៉ាត់ក្នុងការពង្រឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោកក្នុងឱកាសដែលបងប្អូនប្រជាជនខ្មែរនឹងត្រូវធ្វេីដំណេីរទៅស្រុកកំណេីតឬដំណើរកម្សាន្តពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ៕


អត្ថបទទាក់ទង