ដើម្បីការពារកេរដំណែលដូនតាកុំឱ្យប្រទេសជិតខាងលួចបន្លំ ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងថានឹងជំរុញការផ្សព្វផ្សាយវប្បធម៌របស់ជាតិទៅកាន់ពិភពលោក
ដើម្បីការពារកេរដំណែលដូនតាកុំឱ្យប្រទេសជិតខាងលួចបន្លំ ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងថានឹងជំរុញការផ្សព្វផ្សាយវប្បធម៌របស់ជាតិទៅកាន់ពិភពលោក
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានថ្លែងជំរុញឱ្យយុវជនឱ្យក្លាយជាអ្នកផលិតមាតិកាវប្បធម៌ ជាសិល្បករឌីជីថល និងជាអ្នកផ្សព្វផ្សាយអំពីតម្លៃនៃវប្បធម៌ខ្មែរនៅលើឆាកជាតិ និងអន្តរជាតិ ពីព្រោះ “ពលរដ្ឋម្នាក់ ជាមគ្គុទ្ទេសក៍វប្បធម៌ជាតិម្នាក់!”។
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី បានថ្លែងដូចនេះ នៅរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ឆ្នាំ២០២៦ និងពិធីសំណេះសំណាលជាមួយសិល្បករ សិល្បការិនី ទូទាំងប្រទេស នៅសាលសន្និសីទចតុម្មុខ។
នាឱកាសនោះផងដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងបន្តថា ការជំរុញឱ្យប្រើប្រាស់ឌីជីថលក្នុងវិស័យសិល្បៈ ព្រោះថាឌីជីថលូបនីយកម្មក្នុងវិស័យសិល្បៈវប្បធម៌ មិនត្រឹមតែជួយដល់ពិពិធកម្មផលិតផល និងសេវាកម្មទេសចរណ៍ បង្កើនភាពទាក់ទាញដល់ការទស្សនា សិក្សាស្វែងយល់របស់ភ្ញៀវប៉ុណ្ណោះទេ តែថែមទាំងអាចផ្សព្វផ្សាយពីវប្បធម៌ខ្មែរយើងទៅកាន់ពិភពលោកបានយ៉ាងទូលំទូលាយនិងឆាប់រហ័ស និងជួយដល់ការអភិរក្ស ថែរក្សាកេរដំណែលដ៏មានតម្លៃរបស់យើង ឱ្យបានគង់វង្ស យូរអង្វែង សម្រាប់ជំនាន់បច្ចុប្បន្ន និងកូនចៅជំនាន់ក្រោយថែមទៀតផង។
ទន្ទឹមនោះផងដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា នៅក្នុងរយៈពេលចុងក្រោយនេះ យើងសង្កេតឃើញនូវការប៉ុនប៉ងយកមរតកវប្បធម៌របស់ជាតិយើងទៅបកស្រាយខុសពីប្រភពដើម ហើយវប្បធម៌ សិល្បៈ ទំនៀមទម្លាប់ ប្រពៃណី គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដែលជួយបញ្ជាក់ពីអត្តសញ្ញាណម្ចាស់ទឹកដីយ៉ាងពិតប្រាកដ ជាពិសេសក្នុងកាលៈទេសៈបច្ចុប្បន្ន ដែលមានការរំលោភបំពានលើបូរណភាពទឹកដី និងការប៉ុនប៉ងឆ្លៀតឱកាសលួចបន្លំអត្តសញ្ញាណជាតិខ្មែរពីសំណាក់ប្រទេសជិតខាង៕




