ខ្មែរប៉ុស្ដិ៍ Close

ហ្វីលីពីនត្រៀមខ្លួនរួចរាល់ក្នុងការបន្តដឹកនាំក្រុម AOT ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ

ដោយ៖Sreyleak | 17 ម៉ោងមុន ព័ត៌មានទូទៅ 74
ហ្វីលីពីនត្រៀមខ្លួនរួចរាល់ក្នុងការបន្តដឹកនាំក្រុម AOT ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ហ្វីលីពីនត្រៀមខ្លួនរួចរាល់ក្នុងការបន្តដឹកនាំក្រុម AOT ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ

នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦, សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម នាយឧត្តមសេនីយ៍ Romeo S. Brawner Jr. អគ្គមេបញ្ជាការកងទ័ពហ្វីលីពីន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។

ពាក់ព័ន្ធនឹងសភាពការណ៍តាមបណ្ដោយព្រំដែនកម្ពុជា-ថៃ, សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ជូនឯកឧត្តមអគ្គមេបញ្ជាការ និងគណៈប្រតិភូនូវការវិវត្តថ្មីៗ នៃសភាពការណ៍ព្រំដែនកម្ពុជា-ថៃនិងបញ្ជាក់ពីជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនដោយ សន្តិវិធីផ្អែកលើកិច្ចព្រមព្រៀងទ្វេភាគី អនុសញ្ញានិងសន្ធិសញ្ញាដែលមានស្រាប់ព្រមទាំងច្បាប់អន្តរជាតិ។ កម្ពុជាប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគោរពនូវកិច្ចព្រមព្រៀងដែលប្រទេសទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។

បន្ថែមលើនេះ, សម្ដេចធិបតី ហ៊ុន ម៉ាណែត បានវាយ តម្លៃខ្ពស់ចំពោះតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងជឿជាក់ថា ក្រោមការដឹកនាំរបស់ហ្វីលីពីនក្នុងនាមជាប្រធានអាស៊ានប្ដូរវេន ក្រុម AOT នឹងបន្តចូលរួមចំណែកយ៉ាងសកម្មថែមទៀតក្នុងការសម្របសម្រួលដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី។

ជាការឆ្លើយតប ឯកឧត្តមអគ្គមេបញ្ជាការ បានលើកឡើងថា ហ្វីលីពីនបានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះបញ្ហានេះ និងបានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តដឹកនាំក្រុម AOT ក្នុងគោលបំណងសម្របសម្រួលដោះស្រាយបញ្ហាព្រំដែនដោយអព្យាក្រឹត្យសំដៅនាំមកនូវសន្តិភាពនិងស្ថិរភាពយូរអង្វែងសម្រាប់ប្រទេសទាំងពីរក៏ដូចជាតំបន់ទាំងមូលផងដែរ។

ក្នុងឱកាសនៃជំនួបនោះដែរ ឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការកងទ័ពហ្វីលីពីន បានរំលឹកឡើងវិញនូវទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការដ៏ល្អនិងយូរអង្វែង រវាងប្រទេសទាំងពីរជាពិសេសរវាងកងទ័ពនិងកងទ័ពហើយឯកឧត្តមបានគូសបញ្ជាក់អំពីការប្ដេជ្ញាចិត្តក្នុងការបន្តជំរុញទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការកងទ័ព រវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ជាការឆ្លើយតប, សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្ដែងនូវការពេញចិត្តនិងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិនៃប្រទេសទាំងពីរជាពិសេសកិច្ចសហប្រតិបត្តិការ ក្នុងការចែករំលែកបទពិសោធន៍និងការកសាងសមត្ថភាពរវាងកងទ័ពនៃប្រទេសទាំងពីរ។ សម្ដេចធិបតី បានបង្ហាញនូវក្ដីសង្ឃឹមយ៉ាងមុតមាំថាកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរនឹងត្រូវបានពង្រឹងនិងពង្រីកបន្ថែមទៀត ទាំងផ្នែកកងទ័ពជើងគោក ជើងទឹកនិងជើងអាកាស៕

 

អត្ថបទទាក់ទង