ខ្មែរប៉ុស្ដិ៍ Close

កម្ពុជាតវ៉ាជំទាស់នឹងសកម្មភាពខុសច្បាប់របស់កងកម្លាំងប្រដាប់អាវុធថៃនៅចន្លោះបង្គោលព្រំដែនលេខ ៣៣-៣៦ និង ៤៦-៤៧

ដោយ៖Sreyleak | 21 ម៉ោងមុន ព័ត៌មានទូទៅ 74
កម្ពុជាតវ៉ាជំទាស់នឹងសកម្មភាពខុសច្បាប់របស់កងកម្លាំងប្រដាប់អាវុធថៃនៅចន្លោះបង្គោលព្រំដែនលេខ ៣៣-៣៦ និង ៤៦-៤៧ កម្ពុជាតវ៉ាជំទាស់នឹងសកម្មភាពខុសច្បាប់របស់កងកម្លាំងប្រដាប់អាវុធថៃនៅចន្លោះបង្គោលព្រំដែនលេខ ៣៣-៣៦ និង ៤៦-៤៧

ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២៦ បានធ្វើការតវ៉ាយ៉ាងខ្លាំងប្រឆាំងនឹងសកម្មភាពខុសច្បាប់ជាបន្តបន្ទាប់របស់កងកម្លាំងប្រដាប់អាវុធថៃនៅតំបន់មួយចំនួនក្នុងខេត្តបន្ទាយមានជ័យនៃប្រទេសកម្ពុជាដែលថៃបានកាន់កាប់។ ការតវ៉ានេះធ្វើឡើងបន្ទាប់ពីមានរបាយការណ៍ពីអាជ្ញាធរមូលដ្ឋានថាហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនិងអគាររដ្ឋបាលបន្ថែមទៀតត្រូវបានយោធាថៃវាយកម្ទេចបំផ្លិចបំផ្លាញនៅតំបន់បឹងត្រកួនស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ ៣៣និង៣៦ ក្នុងស្រុកថ្មពួក។ នៅតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅដែលស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ៤៦និង៤៧ មានការជីកប្រឡាយនិងសាងសង់ផ្លូវមួយខ្សែព្រមទាំងការចាក់ដីលុបស្រះទឹក។

ក្រសួងការបរទេស ក៏បានបញ្ជាក់បន្ថែមថាសកម្មភាពទាំងនេះដែលបានកែប្រែភូមិសាស្ត្រនៃតំបន់នោះគឺជាការប៉ុនប៉ងយ៉ាងជាក់ច្បាស់ក្នុងការបង្កើតភាពស្របច្បាប់ចំពោះការកាន់កាប់ដោយខុសច្បាប់នៃទឹកដីកម្ពុជា។ ទង្វើទាំងនេះបំពានលើធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងចំណុចទី១នៃសេចក្តីប្រកាសរួមនៃ កិច្ចប្រជុំពិសេសលើកទី៣របស់គណៈកម្មាធិការព្រំដែនទូទៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ស្តីពីវិធានការបន្ធូរបន្ថយភាពតានតឹងក៏ដូចជាកំណត់ហេតុនៃកិច្ចប្រជុំពិសេសរបស់គណៈកម្មការព្រំដែនចម្រុះកម្ពុជា-ថៃ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥។

រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួននិងឥតងាករេចំពោះការដោះស្រាយជម្លោះព្រំដែនទាំងអស់ដោយសន្តិវិធីនិងមិត្តភាពជាមួយប្រទេសថៃក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់របស់ខ្លួនស្របតាមច្បាប់អន្តរជាតិ ទន្ទឹមនេះប្រកាន់ភ្ជាប់នូវគោលជំហរជាគោលការណ៍ថាព្រំដែនមិនត្រូវបានផ្លាស់ប្តូរដោយកម្លាំងឡើយ៕

 

អត្ថបទទាក់ទង