ស្ត្រីទី១កម្ពុជា ចាត់ទុកការសង្គ្រោះជីវិតកុមារប្រៀបដូចជួយកសាងធនធានមនុស្សសម្រាប់កសាងជាតិ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងថាការជួយសង្គ្រោះអាយុជីវិតកុមារប្រៀបដូចជាការជួយកសាងធនធានមនុស្សដ៏សំខាន់ដែលជាទំពាំងស្នងឫស្សីជាអ្នកបន្តវេនការស្តារនិងអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជាឲ្យបានរីកចម្រើន ថ្កុំថ្កើងរុងរឿងនាពេលអនាគត។ លោកជំទាវបណ្ឌិត បានថ្លែងដូចនេះ នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកដំណើរការគម្រោងវះកាត់បេះដូងកុមារនៅមន្ទីរពេទ្យកុមារជាតិ នៅរាជធានីភ្នំពេញ។
នាឱកាសនោះផងដែរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងថាបន្ត បេសកកម្មរបស់មន្ទីរពេទ្យកុមារជាតិដែលសហការជាមួយសមាគមសុខាភិបាលខ្មែរអាមេរិកនាពេលនេះ បានផ្តល់នូវស្នាមញញឹមថ្មីដល់ក្រុមគ្រួសារសាច់ញាតិបងប្អូនបានឃើញកូនក្មួយរបស់គាត់អាចជាសះស្បើយពីជំងឺបេះដូងពីកំណើត ហើយអាចរស់នៅជួបជុំគ្រួសារដោយសប្បាយរីករាយបានដូចក្រុមគ្រួសារដទៃទៀតផងដែរ។
គូសបញ្ជាក់ថា គម្រោងវះកាត់បេះដូងកុមារនេះគឺជាកិច្ចសហប្រតិបត្តិការរវាងមន្ទីរពេទ្យកុមារជាតិនិងសមាគមសុខាភិបាលខ្មែរដែលអាមេរិក Cambodian Health Professionals Association of America ហៅកាត់ (CHPAA) ដែលបង្កើតឡើងក្នុងគោលបំណងជួយដល់កុមារទាំងឡាយដែលមានជំងឺបេះដូងពីកំណើតតាមរយៈការព្យាបាលវះកាត់ដោយមិនគិតថ្លៃដើម្បីផ្តល់មកវិញនូវសុខុមាលភាពនិងជីវិតដ៏ត្រចះត្រចង់៕










