កម្ពុជា-ប៉ាគីស្ថានប្តេជ្ញាពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតទាំងទ្វេភាគី និងពហុភាគី
កម្ពុជា-ប៉ាគីស្ថានប្តេជ្ញាពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតទាំងទ្វេភាគី និងពហុភាគី
ថ្នាក់ដឹកនាំកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី និងសម្ដេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី បានប្រកាសប្ដេជ្ញា ធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីរវាងប្រទេសទាំងពីរ។
តាមរយៈសេចក្ដីប្រកាសព័ត៌មាន ចុះថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ព្រឹទ្ធសភាកម្ពុជាបានឱ្យដឹងថា នៅក្នុងឱកាសនៃការអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃនៅកម្ពុជា ឯកឧត្ដមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន បានចូលក្រាបបង្គំគាល់ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅព្រះបរមរាជវាំង។ ក្រៅពីនោះ ក៏មានជំនួបទ្វេភាគីជាមួយសម្ដេចតេជោ ហ៊ុន សែន សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ផងដែរ។
ក្នុងជំនួបទ្វេភាគីជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាថ្នាក់ដឹកនាំទាំងពីរ បានសម្តែងនូវការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទាំងក្នុងក្របខ័ណ្ឌនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិនាពេលកន្លងមក និងបានប្ដេជ្ញាជំរុញ កិច្ចសហប្រតិបត្តិការទាំងនេះឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត រួមមាន ការផ្លាស់ប្តូរទស្សនកិច្ច ការគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌពហុភាគី និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសំខាន់ៗ ដូចជា នយោបាយ ការពារជាតិ វិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ អប់រំ សុខាភិបាល និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ដែលទាំងនេះនឹងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនទាំងពីរ។ បន្ថែមពីនោះ ថ្នាក់ដឹកនាំទាំងពីរក៏បានធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងអគ្គលេខាធិការដ្ឋាននៃព្រឹទ្ធសភាទាំងពីរសំដៅបន្តពង្រឹងកិច្ចសហប្រតិបត្តិការសភារវាងស្ថាប័នទាំងពីរឱ្យកាន់តែល្អប្រសើរឡើង។
ក្នុងជំនួបពិភាក្សាជាមួយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ភាគីទាំងពីរ បានឯកភាពរួមគ្នាជំរុញកិច្ចសហប្រតិបត្តិការទាំងក្របខ័ណ្ឌសភា និងរដ្ឋាភិបាល រួមមាន ការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិត ការគាំទ្រគ្នាក្នុងកិច្ចការអន្តរសភា និងការរួមគ្នាលើកកម្ពស់ការគោរព ច្បាប់អន្តរជាតិ ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀតលើវិស័យសំខាន់ៗ ដែលជាប្រយោជន៍រួម ជាពិសេសការធ្វើឱ្យទំនាក់ទំនងរវាងប្រជាជននិងប្រជាជនកាន់តែជិតស្និទ្ធ។ ជាមួយគ្នានេះ ឯកឧត្តម ស៊ីយ៉េង យូសាហ្វ រ៉ាសាហ្គីឡានី បានប្រកាសថាប៉ាគីស្ថាន គាំទ្រកម្ពុជាដើម្បីក្លាយជា សមាជិកអង្គការអីស្លាម (OIC) និងសង្ឃឹមថា កម្ពុជានឹងបើកស្ថានទូតជាផ្លូវការនៅប៉ាគីស្ថានក្នុងពេល ឆាប់ៗនេះ។ សម្តេចប្រធានរដ្ឋសភា ក៏បានស្នើភាគីប៉ាគីស្ថានពិចារណា ផ្សារភ្ជាប់ជើងហោះហើរត្រង់ រវាងប្រទេសទាំងពីរ។
ក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន បានធ្វើការកត់សម្គាល់អំពីចំណុចខ្លាំង និងសក្តានុពលរបស់ប្រទេសទាំងពីរ ក្នុងវិស័យកសិកម្ម និងកម្លាំងពលកម្មវ័យក្មេងដ៏សកម្ម។ ភាគីទាំងពីរបានឯកភាពជំរុញ កិច្ចសហការឱ្យជិតស្និទ្ធទាំងក្នុងវិស័យរដ្ឋ និងឯកជននៃប្រទេសទាំងពីរ ពង្រឹងនិងពង្រីកកិច្ច សហប្រតិបត្តិការទ្វេភាគីដែលពោរពេញដោយសក្តានុពលរួមមាន នយោបាយ និងការទូត សន្តិសុខ និងការពារជាតិ ពាណិជ្ជកម្ម និងការវិនិយោគ កសិកម្ម បច្ចេកវិទ្យា ធនធានរ៉ែ កម្មន្តសាល អប់រំ និង បណ្តុះបណ្តាលវិជ្ជាជីវៈ វប្បធម៌ ទេសចរណ៍ សុខាភិបាល និងការតភា្ជប់ជាដើម។
សូមជម្រាបជូនថា ដំណើរទស្សនកិច្ចរបស់ ឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន នៅកម្ពុជា ជាជំហានថ្មីមួយ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការសភារវាងប្រទេសទាំងពីរ និងរួមចំណែកធ្វើឱ្យស៊ីជម្រៅនូវចំណងមិត្តភាព និងទំនាក់ទំនងទ្វេភាគី ដែលការណ៍នេះ រួមចំណែកដល់សន្តិភាព ស្ថិរភាព និង វិបុលភាពក្នុងតំបន់ និងពិភពលោក៕




