កម្ពុជាតវ៉ាជំទាស់នឹងទស្សនកិច្ចត្រួតពិនិត្យទីតាំងដោយគ្មានការអនុញ្ញាតដឹកនាំដោយប្រធានចារកម្មកងទ័ពថៃនៅក្នុងទឹកដីកម្ពុជា
កម្ពុជាតវ៉ាជំទាស់នឹងទស្សនកិច្ចត្រួតពិនិត្យទីតាំងដោយគ្មានការអនុញ្ញាតដឹកនាំដោយប្រធានចារកម្មកងទ័ពថៃនៅក្នុងទឹកដីកម្ពុជា
ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានធ្វើការតវ៉ាយ៉ាងខ្លាំងជាផ្លូវការប្រឆាំងនឹងទស្សនកិច្ចត្រួតពិនិត្យទីតាំងដោយគ្មានការអនុញ្ញាតរបស់អនុព័ន្ធយោធាបរទេសមួយក្រុម និងមន្ត្រីអនុវត្តច្បាប់ដែលដឹកនាំដោយប្រធានចារកម្មកងទ័ពថៃ នៅសណ្ឋាគារពីរកន្លែង ស្ថិតនៅក្នុងស្រុកអូរស្មាច់ ខេត្តឧត្តរមានជ័យ នៃប្រទេសកម្ពុជា កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦។
ទស្សនកិច្ចពិនិត្យទីតាំងនេះត្រូវបានធ្វើឡើងដោយគ្មានការយល់ព្រមពីរាជរដ្ឋាភិបាលកម្ពុជា ដែលជាការរំលោភលើអធិបតេយ្យនិងបូរណភាពទឹកដីរបស់កម្ពុជា។ សណ្ឋាគារនិងទីតាំងដែលត្រូវបានធ្វើទស្សនកិច្ចត្រួតពិនិត្យនោះស្ថិតនៅចម្ងាយ៣៩៧ម៉ែត្រពីច្រកអន្តរជាតិអូរស្មាច់ ដែលស្ថិតនៅក្បែរបង្គោលព្រំដែនលេខ១៥។ តំបន់នេះត្រូវបានគ្រប់គ្រងដោយប្រើកម្លាំង និងកាន់កាប់ដោយកងកម្លាំងប្រដាប់អាវុធថៃក្នុងអំឡុង ពេលនៃការវាយលុករបស់ពួកគេមកលើកម្ពុជាចន្លោះពីថ្ងៃទី៧-២៧ ខែធ្នូ ឆ្នាំ២០២៥។
កម្ពុជាបដិសេធនិងជំទាស់យ៉ាងដាច់អហង្ការចំពោះប្រតិបត្តិការដែលធ្វើឡើងដោយកងកម្លាំងយោធាថៃរួមទាំងការអនុវត្តអធិបតេយ្យរបស់ថៃដោយខុសច្បាប់ តាមរយៈការរៀបចំទស្សនកិច្ចដូចដែលបានរៀបរាប់ខាងលើដែលជាការរំលោភលើធម្មនុញ្ញអង្គការសហ ប្រជាជាតិនិងធម្មនុញ្ញអាស៊ាននិងជាការប៉ុនប៉ងធ្វើឱ្យស្របច្បាប់នូវការកាន់កាប់របស់ខ្លួនលើទឹកដីអធិបតេយ្យរបស់កម្ពុជា។
ទន្ទឹមនឹងការបដិសេធយ៉ាងដាច់ខាតចំពោះសកម្មភាពរបស់ប្រទេសថៃ រាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តដ៏ខ្ជាប់ខ្ជួននិងឥតងាករេរបស់ខ្លួនក្នុងការ ស្វែងរកដំណោះស្រាយចំពោះជម្លោះព្រំដែនទាំងអស់ជាមួយប្រទេសថៃក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់របស់ខ្លួនតាមរយៈមធ្យោបាយសន្តិភាពស្រប តាមច្បាប់អន្តរជាតិ ហើយកម្ពុជានៅតែប្តេជ្ញាចិត្តក្នុងការរក្សាជំហរជាគោលការណ៍របស់ខ្លួនថាព្រំដែនមិនត្រូវផ្លាស់ប្តូរដោយកម្លាំងឡើយ៕

