ខ្មែរប៉ុស្ដិ៍ Close

កម្ពុជាកំពុងស្ថិតនៅក្នុងសមីការភូមិសាស្ត្រនយោបាយពិភពលោកថ្មី

ដោយ៖Sreyleak | 3 ម៉ោងមុន ទស្សនៈ - នយោបាយ 45
កម្ពុជាកំពុងស្ថិតនៅក្នុងសមីការភូមិសាស្ត្រនយោបាយពិភពលោកថ្មី កម្ពុជាកំពុងស្ថិតនៅក្នុងសមីការភូមិសាស្ត្រនយោបាយពិភពលោកថ្មី

 

នៅពេលសំឡេងអាវុធ និងភាពតានតឹងលើបន្ទាត់ព្រំដែនកម្ពុជា-ថៃ ហាក់មានភាពធូរស្រាល លែងលឺស្នូរប្រយុទ្ធគ្នាក្រោយពីមានបទឈប់បាញ់កាលពីចុងឆ្នាំ២០២៥ពិតមែន ប៉ុន្តែ សកម្មភាពនៃការរុករាន បំផ្លិចបំផ្លាញ និងការកាន់កាប់ទីតាំងមួយចំនួនពីសំណាក់យោធាថៃលើអធិបតេយ្យកម្ពុជា ពិតជារំខានដល់សន្តិសុខក្នុងតំបន់ ខណៈដែលកម្ពុជាកំពុងដើរលើផ្លូវស្ងប់ស្ងាត់មួយផ្សេងទៀតនៅលើវេទិកាអន្តរជាតិ ។ នេះមិនមែនជាសមរភូមិយោធោទេ ប៉ុន្តែជាសមរភូមិនយោបាយ និងការទូត ដែលប្រទេសកម្ពុជាត្រូវសម្រេចចិត្តថា តើខ្លួននឹងត្រូវឈរនៅលើទីតាំងណាក្នុងចរន្តពិភពលោកដែលកំពុងប្រកួតប្រជែងឥទ្ធិពលគ្នាយ៉ាងខ្លាំងនេះ។

ក្នុងបរិការណ៍នេះ ការសម្រេចចិត្តរបស់កម្ពុជាក្នុងការចូលជាសមាជិកក្រុមប្រឹក្សាសន្តិភាព (Board of Peace) ដែលទើបបង្កើតឡើងដោយសហរដ្ឋអាមេរិក មិនមែនជាជម្រើសធម្មតានោះទេ ប៉ុន្តែជាការគិតគូមួយប្រកបដោយយុទ្ធសាស្ត្រដែលមានន័យនយោបាយដ៏សំខាន់ជាប្រវត្តិសាស្ត្រ។

ជម្លោះព្រំដែនកម្ពុជា-ថៃ មិនមែនជាបញ្ហាទ្វេភាគីដាច់ដោយឡែកទៀតឡើយ ប៉ុន្តែកំពុងឈានជើងចូលទៅក្នុងសមីការភូមិសាស្ត្រនយោបាយថ្មី ដែលមានការប្រកួតឥទ្ធិពលរវាងអំណាចធំៗលើពិភពលោក។ ក្នុងសមីការនេះ កម្ពុជាកំពុងផ្លាស់ទី ពីការការពារដែនដីតាមព្រំដែនជាក់ស្តែង ទៅរកការកសាងអំណាចតាមវេទិកាអន្តរជាតិដោយប្រើច្បាប់អន្តរជាតិ ការទូត និងសន្តិភាព ជាឧបករណ៍យុទ្ធសាស្ត្រ ដោយប្រកាសចូលរួមជាសមាជិកក្នុងក្រុមប្រឹក្សាសន្តិសុខ ដោយមិនស្ទាក់ស្ទើរ ដែលនេះជាសញ្ញាបង្ហាញច្បាស់ពីទិសដៅនោះហើយ។

ជម្លោះព្រំដែនកម្ពុជា-ថៃ មិនមែនកើតឡើងដោយសារខ្សែបន្ទាត់ព្រំដែនលើផែនទីតែប៉ុណ្ណោះទេ ប៉ុន្តែជាលទ្ធផលនៃការប្រកួតរវាង ជាតិនិយម នយោបាយក្នុងស្រុក និងការគណនាយុទ្ធសាស្ត្រតំបន់។ ព្រំដែនកំពុងក្លាយជាឧបករណ៍នយោបាយ ដែលអាចត្រូវប្រើសម្រាប់បង្កើនការគាំទ្រនយោបាយក្នុងស្រុក ឬបញ្ជូនសារទៅកាន់អំណាចក្រៅតំបន់។

ក្នុងភូមិសាស្ត្រនយោបាយថ្មី វេទិកាអន្តរជាតិ ក្លាយជាសមរភូមិសំខាន់ណាស់សម្រាប់ប្រទេសតូចដូចកម្ពុជា។ កម្ពុជាមានបទពិសោធន៍ប្រវត្តិសាស្ត្រថា ការឈ្នះដោយច្បាប់ និងការទូត អាចមានតម្លៃយូរអង្វែងជាងការឈ្នះដោយអាវុធ។

ការចូលរួមយ៉ាងសកម្មក្នុងក្រុមប្រឹក្សាសន្តិភាព និងយន្តការអន្តរជាតិ ជាវិធីសាស្ត្រដើម្បី បង្កើនភាពស្របច្បាប់ទាក់ទាញការគាំទ្រពីសហគមន៍អន្តរជាតិ និងកាត់បន្ថយហានិភ័យនៃការប្រែជម្លោះទៅជាសង្គ្រាម។

ការសម្រេចចិត្តរបស់កម្ពុជា ចូលជាសមាជិកក្រុមប្រឹក្សាសន្តិភាពដែលផ្តួចផ្តើមដោយសហរដ្ឋអាមេរិក មានន័យលើសពីការចូលរួមវេទិកាមួយទៅទៀត ដោយបង្ហាញថា កម្ពុជាចង់ដាក់ខ្លួនជាអ្នកគាំទ្រសន្តិភាព និងច្បាប់អន្តរជាតិ ចង់បម្លែងជម្លោះព្រំដែនពីបញ្ហាយោធោទៅជាបញ្ហានយោបាយ និងការទូត និងកំពុងធ្វើឲ្យមានតុល្យភាពការទូតក្នុងមហាអំណាចធំៗលើពិភពលោកដែលកំពុងប្រកួតប្រជែងឥទ្ធិពលគ្នា។ដូច្នេះការចូលរួមនេះក៏ផ្តល់ឱកាសឲ្យកម្ពុជា បញ្ជូនសារទៅកាន់ភាគីពាក់ព័ន្ធថា ការការពារអធិបតេយ្យមិនចាំបាច់ត្រូវធ្វើតាមផ្លូវអាវុធទៀតនោះឡើយ។

ភូមិសាស្ត្រនយោបាយពិភពលោកថ្មីនេះ មិនអនុញ្ញាតឲ្យប្រទេសតូចៗនៅស្ងៀមបានទៀតឡើយ។ កម្ពុជាត្រូវជ្រើសរើសយុទ្ធសាស្ត្រដែលរក្សាអធិបតេយ្យភាព ជៀសវាងការក្លាយជាទីលានប្រយុទ្ធគ្នា និងធានាសន្តិភាពសម្រាប់ការអភិវឌ្ឍជាតិ។ ក្នុងបរិបទនេះ សន្តិភាព មិនមែនជាការចុះចាញ់ទេ ប៉ុន្តែជាជម្រើសយុទ្ធសាស្ត្រដែលមានការគិតគូច្បាស់លាស់។

ចាប់ផ្តើមពីព្រំដែនជាតិទៅវេទិកាអន្តរជាតិ កម្ពុជាកំពុងធ្វើដំណើរចូលទៅក្នុងសមីការភូមិសាស្ត្រនយោបាយថ្មី ដែលតម្រូវឲ្យមានការគិតយុទ្ធសាស្ត្រលើសពីសម័យមុនៗ។ ការចូលរួមក្នុងក្រុមប្រឹក្សាសន្តិសុខនេះបង្ហាញថា កម្ពុជាកំពុងជ្រើសរើសផ្លូវសន្តិភាព ច្បាប់ និងការទូត ដើម្បីការពារអធិបតេយ្យ និងអនាគតជាតិ។ នៅក្នុងពេលដែលពិភពលោកកំពុងប្រកួតឥទ្ធិពលអំណាចគ្នា ការរក្សាសន្តិភាពដោយការគិតអំពីយុទ្ធសាស្ត្រ អាចជាជ័យជម្នះធំបំផុតរបស់ប្រទេសតូចដូចកម្ពុជាបាន៕

ដោយ៖ ពិន វិជ័យ-អ្នកសិក្សាវិទ្យាសាស្ត្រនយោបាយ

 

អត្ថបទទាក់ទង