តើវាសនាជនភៀសសឹកកម្ពុជានឹងទៅជាយ៉ាងណា?
ប្រជាពលរដ្ឋកម្ពុជារាប់សែននាក់ បានចាកចោលផ្ទះសម្បែងជាទីជម្រកសុខសាន្ត បន្ទាប់ពីយោធាថៃឈ្លានពានចូលដែនអធិបតេយ្យភាពទកម្ពុជា ដោយបានបាញ់ផ្លោងគ្រាប់កាំភ្លើងធំ ទម្លាក់គ្រាប់បែកដោយប្រើយន្តហោះចំបាំង f-16 បាញ់ផ្សែងពុល និងប្រើរថពាសដែកលុកលុយចូលក្នុងភូមិឋានរបស់ពួកគាត់។ ក្មេងៗរត់ចោលសាលារៀន លោកតាលោកយាយចាស់ៗត្រូវបង្ខំចិត្តរត់ភៀសសឹកទាំងសុខភាពមិនរឹងមាំ ប្រជាជនស៊ីវិលស្រីប្រុសទាំងនេះ ពេលនេះបាននឹងកំពុងរស់នៅផ្ញើខ្លួនក្នុងជំរុំជនភៀសសឹកទាំងមិនប្រាកដប្រជាអំពីអនាគត ថាតើពេលណាពួកគេអាចត្រឡប់ទៅផ្ទះនិងស្រុកំណើតវិញឡើយ។
ការភៀសចេញពីលំនៅឋានទាំងតក់ក្រហល់ មិនបានត្រៀមខ្លួនទុកជាមុន បាននាំមកនូវការលំបាកយ៉ាងខ្លាំងសម្រាប់ជនភៀសសឹកកម្ពុជា ដោយក្រុមគ្រួសារនីមួយៗមានជាប់មកជាមួយរបស់របរមានតម្លៃតិចតួចបំផុតតាមខ្លួន។ ដោយសារតែសង្គ្រាមឈ្លានពានរបស់ថៃ នៅតាមបន្តអូសបន្លាយ និងកាន់តែរីកធំឡើងពីតំបន់មួយទៅតំបន់មួយ បានធ្វើឱ្យចំនួនជនភៀសសឹកកម្ពុជាបានកើនឡើងយ៉ាងកំហុក បណ្តាលឱ្យប្រឈមការខ្វះទីជម្រក ខ្វះអាហារហូបចុក ខ្វះទឹកស្អាតប្រើប្រាស់ ដែលនេះគឺជាបន្ទុកដ៏ធ្ងន់សម្រាប់រាជរដ្ឋាភិបាលកម្ពុជាត្រូវដោះស្រាយជាបន្ទាន់។
វិបត្តិសង្គ្រាមដែលប្រទេសថៃបានបង្កឡើង បានធ្វើឱ្យប្រជាពលរដ្ឋកម្ពុជារាប់សែននាក់ បាត់បង់មុខរបរនិងចំណូលប្រចាំថ្ងៃ ក្មេងៗបាត់បង់ការសិក្សា ស្រ្តីមានផ្ទៃពោះប្រឈមនិងបញ្ហាសុខភាពនិងហានិភ័យខ្ពស់ ខណៈដែលចាស់ៗមានសុខភាពខ្សោយខ្លាំង ត្រូវបានបាត់បង់ជីវិតក្នុងមណ្ឌលភៀសសឹកក៏មាន។
ក្រៅពីជនភៀសសឹករាប់សែននាក់ ពលរដ្ឋស៊ីវិលកម្ពុជាជាច្រើននាក់ បានស្លាប់បាត់បង់ជីវិត និងរងរបួសដោយសារគ្រាប់ផ្លោង គ្រាប់បែក និងអាវុធជាច្រើនប្រភេទ ដែលថៃបានប្រើប្រាស់យ៉ាងកំរោល មកលើទីតាំងជនស៊ីវិលកម្ពុជា។
ការវាយប្រហារមិនរើសមុខរបស់ភាគីថៃ ជាពិសេសលើជនស៊ីវិលស្លូតត្រង់គ្មានកំហុស គឺជាឧក្រិដ្ឋកម្មដែលបង្កវិនាសសកម្មយ៉ាងធ្ងន់ធ្ងរ និងខ្លោចផ្សារបំផុតដល់ប្រជាពលរដ្ឋកម្ពុជា។ ភាពសាហាវឃោរឃោយង់ឃ្នងរបស់យោធាថៃ គឺជាទង្វើរំលោភទៅដល់សិទ្ធិរស់រានមានជីវិតរបស់មនុស្សជាតិដែលជាសិទ្ធិមូលដ្ឋានរបស់មនុស្ស ហើយជាការរំលោភច្បាប់អន្តរជាតិ ដែលគួរតែត្រូវបានថ្កោល ពីអន្តរជាតិ។
កម្ពុជាសូមអំពាវនាវដល់អន្តរជាតិ ជួយបញ្ឈប់សកម្មភាពឈ្លានពានរបស់យោធាថៃជាបន្ទាន់ ដើម្បីសង្គ្រោះអាយុជីវិតជនស៊ីវិល៕



