ខ្មែរប៉ុស្ដិ៍ Close

ក្រសួងការងារថ្កោលទោសអំពើព្រៃផ្សៃ ឃោឃៅ និងអមនុស្សធម៌របស់យោធាថៃ មកលើពលរដ្ឋកម្ពុជា ដែលផ្ទុយពីច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ

ដោយ៖Sreyleak | ថ្ងៃអង្គារ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ព័ត៌មានទូទៅ 217
ក្រសួងការងារថ្កោលទោសអំពើព្រៃផ្សៃ ឃោឃៅ និងអមនុស្សធម៌របស់យោធាថៃ មកលើពលរដ្ឋកម្ពុជា ដែលផ្ទុយពីច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ ក្រសួងការងារថ្កោលទោសអំពើព្រៃផ្សៃ ឃោឃៅ និងអមនុស្សធម៌របស់យោធាថៃ មកលើពលរដ្ឋកម្ពុជា ដែលផ្ទុយពីច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ

នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជជីវៈសូមសម្តែងការសោកស្តាយយ៉ាងខ្លាំងបំផុត និងសូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ ដែលក្រុមទាហានឈុតខ្មៅថៃបានធ្វើ មកលើក្រុមពលករទេសន្តរប្រវេសន៍ខ្មែរចំនួន ១៣នាក់ ដោយបានប្រើអំពើហិង្សាយ៉ាងសាហាវយង់ឃ្នងក្នុងរូបភាព ជាការវាយដំ ទាត់ធាក់ អុកស្វាយកាំភ្លើង ជំរិតទារប្រាក់ និងអំពើថោកទាបជាករណីរំលោភសេពសន្ថវៈ (រំលោភបូក) ដោយទាហានឈុតខ្មៅថៃចំនួន ៧នាក់ ទៅលើពលករខ្មែរជាស្ត្រី ១នាក់។

នៅក្នុងករណីនេះបានកើតឡើងនៅក្នុង ខេត្តចាន់បុរី នៃប្រទេសថៃ ជាប់ព្រំប្រទល់ស្រុកកំរៀង ខេត្តបាត់ដំបង នៃប្រទេសកម្ពុជានៅពេលដែលពលករខ្មែរ បានធ្វើដំណើរចេញពីប្រទេសថៃត្រឡប់មកប្រទេសកម្ពុជា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥កន្លងទៅ ខណៈពេលដែលច្រកព្រំដែនគោកកម្ពុជា-ថៃត្រូវបានបិទដោយឯកតោភាគីពីភាគីថៃ អំពើអមនុស្សធម៌ទាំងនេះ ជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសិទ្ធិមនុស្ស សិទ្ធិពលករទេសន្តរប្រវេសន៍ និងសិទ្ធិស្ត្រី ដែលមានចែងក្នុង លិខិតុបករណ៍របស់អង្គការសហប្រជាជាតិ (UN) អង្គការអន្តរជាតិខាងការងារ (ILO) អង្គការអន្តរជាតិទេសន្តរ ប្រវេសន៍ (IOM) និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN)។

ក្រសួងការងារបាននិងកំពុងសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ច ក្នុងការ ចាត់វិធានការផ្លូវច្បាប់ដើម្បីស្វែងរកយុត្តិធម៌ និងផ្ដល់ការថែទាំសុខភាពផ្លូវកាយនិងផ្លូវចិត្តជូនដល់ជនរងគ្រោះ តាមរយៈសេវាគាំទ្ររបស់មណ្ឌលធនធានពលករទេសន្តរប្រវេសន៍ (MRC) និងសូមអំពាវនាវដល់សហគមន៍អន្តរជាតិ ជាពិសេស អង្គការអន្តរជាតិខាងការងារ (ILO) អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុក សិទ្ធិមនុស្ស (OHCHR) ភ្នាក់ងារសហប្រជាជាតិលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី (UN Women) និងអង្គការអន្តរជាតិពាក់ព័ន្ធ សូមផ្តោតការយកចិត្តទុកដាក់ជាពិសេសក្នុងការតាមដាននិងជំរុញរាជរដ្ឋាភិបាលនិងអាជ្ញាធរមានសមត្ថកិច្ចថៃឱ្យធ្វើការស៊ើបអង្កេតលើករណីនេះជាបន្ទាន់ប្រកបដោយតម្លាភាព សំដៅធានាឱ្យបាននូវយុត្តិធម៌ជូនជនរងគ្រោះ ដែលជាពលករទេសន្តរប្រវេសន៍ខ្មែរ ក៏ដូចជាដើម្បីការពារសិទ្ធិពលករទេសន្តរប្រវេសន៍ទាំងអស់ដែលកំពុងធ្វើការនិងស្នាក់នៅក្នុងប្រទេសថៃពីអំពើហិង្សានានា៕