ខ្មែរប៉ុស្ដិ៍ Close

ក្រសួងទេសចរណ៍ បង្កើតឱ្យមានគ្រូចល័តជួយបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ នៅតាមមូលដ្ឋានអាជីវកម្ម និងបណ្តាខេត្តឆ្ងាយៗ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១១ ខែកក្កដា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 20
ក្រសួងទេសចរណ៍ បង្កើតឱ្យមានគ្រូចល័តជួយបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ នៅតាមមូលដ្ឋានអាជីវកម្ម និងបណ្តាខេត្តឆ្ងាយៗ ក្រសួងទេសចរណ៍ បង្កើតឱ្យមានគ្រូចល័តជួយបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ នៅតាមមូលដ្ឋានអាជីវកម្ម និងបណ្តាខេត្តឆ្ងាយៗ

មន្ត្រីជាន់ខ្ពស់នៃក្រសួងទេសចរណ៍ បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងទេសចរណ៍ជាសេនាធិការ បានបង្កើតឱ្យមានគ្រូបង្គោលចល័តចុះបណ្តុះបណ្តាលជំនាញបដិសណ្ឋារកិច្ច និងទេសចរណ៍នៅតាមមូលដ្ឋានអាជីវកម្ម និងបណ្តាខេត្តឆ្ងាយៗ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារ និងអភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈទេសចរណ៍នៅកម្ពុជាឱ្យកាន់តែល្អប្រសើរ។ នេះជាការបញ្ជាក់របស់លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងលោករដ្ឋមន្ត្រី ថោង ខុន ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រដល់សិក្ខាកាមជ័យលាភីចំនួន ១៣០០នាក់ ដែលបានឆ្លងកាត់ការបណ្តុះបណ្តាលជំនាញបដិសណ្ឋារកិច្ច និងសេវាកម្មម្ហូបអាហារ-ភេសជ្ជៈ។ ពិធីប្រគល់វិញ្ញាបនបត្រនេះ ត្រូវបានប្រារព្ធឡើងនៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨។

ក្រោមការជួយជ្រោមជ្រែងពីលោកបណ្ឌិត ឡី សុភាព នាយកវិទ្យាស្ថានទេសចរណ៍ និងបដិសណ្ឋារកិច្ចកម្ពុជា គ្រូបង្គោលចល័តចំនួន២២រូប បានស្ម័គ្រចិត្តចូលរួមជាមួយក្រសួងទេសចរណ៍ ក្នុងការចែករំលែកចំណេះដឹង និងបណ្តុះបណ្តាលយុវជនកម្ពុជា លើជំនាញបដិសណ្ឋារកិច្ច និងទេសចរណ៍ នៅតាមមូលដ្ឋានអាជីវកម្ម និងបណ្តាខេត្តឆ្ងាយៗ។ ជាមួយគ្នានោះ លោករដ្ឋលេខាធិការ ប៉ាក់ សុខុម ក៏បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះគ្រូបង្គោលចល័តស្ម័គ្រចិត្តទាំង២២រូបផងដែរ។ គ្រូបង្គោលទាំង២២រូបខាងលើ រួមមាន៖ ម្ចាស់អាជីវកម្ម ថ្នាក់គ្រប់គ្រងក្នុងមូលដ្ឋានសេវាកម្មទេសចរណ៍នៅរាជធានីភ្នំពេញ ដែលបានទទួលការបណ្តុះបណ្តាលគរុកោសល្យការបណ្តុះបណ្តាលជំនាញ បច្ចេកទេស ពីក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ តាមរយៈកិច្ចសហប្រតិបត្តិការជាមួយក្លឹបគ្រូបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍។

លោក ជួប រតនា ប្រធានការិយាល័យវាយតម្លៃស្ដង់ដាទេសចរណ៍ បានឱ្យដឹងថា ក្រសួងទេសចរណ៍ បានយកចិត្តទុកដាក់ទៅលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ ដោយបង្កើតឱ្យមានគ្រូបង្គោលចល័ត តួយ៉ាងដូចនៅព្រឹកនេះ មានគ្រូបង្គោលចល័តចំនួន ២២រូប បានស្ម័គ្រចិត្តចូលរួមជាមួយក្រសួងទេសចរណ៍ ក្នុងការចែករំលែកចំណេះដឹង និងបណ្តុះបណ្តាលយុវជនកម្ពុជាលើជំនាញបដិសណ្ឋារកិច្ច និងទេសចរណ៍ នៅតាមបណ្ដាខេត្តឆ្ងាយៗ ក៏ដូចជាតំបន់បូលទេសចរណ៍ដទៃទៀត ក្រៅពីរាជធានីភ្នំពេញ និងតំបន់ជុំវិញ។ លោកបានបញ្ជាក់ថា មូលដ្ឋានអាជីវកម្មទេសចរណ៍សេវាកម្មសណ្ឋាគារ និងសេវាកម្មធ្វើដំណើរ អាចទំនាក់ទំនងគ្រូចល័តខាងលើ ដើម្បីចែករំលែកបទពិសោធន៍ និងសម្របសម្រួលការបណ្តុះបណ្តាលជំនាញអាស៊ាន ក្នុងក្របខ័ណ្ឌនៃការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក លើអ្នកជំនាញទេសចរណ៍អាស៊ាន (MRA-TP)។

លោក ឡី សុភាព បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រមុខដឹកនាំ ក៏ដូចជាក្រសួងទេសចរណ៍ ដែលមានលោក ថោង ខុន ជារដ្ឋមន្ត្រី បាននិងកំពុងយកចិត្តទុកដាក់ចំពោះអ្នកបម្រើសេវាកម្មរត់តុការ មណ្ឌលកម្សាន្ត ភោជនីយដ្ឋាន អាហារដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារទាំងអស់ ពិសេសអ្នកគ្រប់គ្រង និងម្ចាស់មូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងអស់ ក្នុងការផ្ដល់នូវតម្លៃ និងអត្ថប្រយោជន៍នៃការបណ្ដុះបណ្ដាលធនធានមនុស្ស សំដៅឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងតម្រូវការសេវាកម្មរបស់ភ្ញៀវ។ លោកបណ្ឌិតបានបន្តថា កាលពីមុន អ្នកបម្រើសេវាកម្មរត់តុការ មណ្ឌលកម្សាន្ត ភោជនីយដ្ឋាន អាហារដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារនានា មិនដែលទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ឡើយ ជាហេតុធ្វើឱ្យសេវាកម្មទេសចរណ៍មិនទាន់មានភាពល្អប្រសើរ និងកើតមានការររិះគន់ពីសំណាក់ភ្ញៀវទេសចរជារឿយៗ ប៉ុន្តែចាប់ពីពេលនេះតទៅ អ្នកបម្រើការងារទាំងនោះនឹងទទួលបានការបណ្ដុះបណ្ដាលត្រឹមត្រូវ ហើយមកទល់ពេលនេះ មូលដ្ឋានអាជីវកម្មទេសចរណ៍មួយចំនួនបានផ្លាស់ប្ដូរ ពីការគ្មានអនាម័យមកមានអនាម័យ ពីការយឺតយ៉ាវមកលឿនទាន់ចិត្ត ពីការប្រើមនុស្សច្រើនមកប្រើមនុស្សតិចជាងមុន ពោលសេវាកម្មទេសចរណ៍នៅកម្ពុជា កំពុងមានភាពល្អប្រសើរជាបណ្ដើរៗហើយ៕

អត្ថបទទាក់ទង