ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ការងារបោសសម្អាតមីន មិនត្រឹមតែជាការកម្ទេចចោលគ្រាប់មីននិងសំណល់ជាតិផ្ទុះពីសង្រ្គាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការស្តារនូវភាពថ្លៃថ្នូរនិងក្តីសង្ឃឹមរបស់ប្រជាជន
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ការងារបោសសម្អាតមីន មិនត្រឹមតែជាការកម្ទេចចោលគ្រាប់មីននិងសំណល់ជាតិផ្ទុះពីសង្រ្គាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការស្តារនូវភាពថ្លៃថ្នូរនិងក្តីសង្ឃឹមរបស់ប្រជាជន
នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការអាជ្ញាធរមីន តាងនាមឱ្យ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាបោស សម្អាតមីន គាំទ្រពីគម្រោងមូលនិធិរាជរដ្ឋាភិបាលកម្ពុជា រវាងអាជ្ញាធរមីន ជាមួយបញ្ជាការដ្ឋានកងទ័ពជើងគោក មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា។ នេះបើយោងតាមការបង្ហោះផ្សាយនៅក្នុងបណ្ដាញសង្គមរបស់អាជ្ញាធរមីន។
ពិធីចុះហត្ថលេខានេះ នឹងត្រូវធ្វើការបោសសម្អាតផ្ទៃដីមានមីនចំនួន ៤១.៧៩៦.២៦៣ ម៉ែត្រការ៉េ ស្មើនឹង ៤៥៣ ចម្ការមីន ក្នុងខេត្តចំនួន ០៦ រួមមាន ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តព្រះវិហារ និងខេត្តពោធិ៍សាត់ ដោយប្រើប្រាស់ថវិកាសរុបចំនួន ៥ លានដុល្លារសហអាមេរិក។
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងថា ថ្ងៃនេះគឺជាថ្ងៃបើកទំព័រថ្មីមួយទៀតសម្រាប់វិស័យសកម្មភាពមីននៅកម្ពុជា ហើយក៏ជាតំណាងឱ្យភាពជឿជាក់រួមគ្នា ដែលថាការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម បម្រើដល់សុខសន្តិភាព និងប្រជាជនដែលងាយរងគ្រោះនិងស្របតាមអនុសាសន៍ណែនាំរបស់សម្តេចធិបតី នាយករដ្ឋមន្រ្តី ដែលបានផ្តល់នូវជំនឿទុកចិត្ត និងជាការអនុវត្តដោយមានគោលដៅច្បាស់លាស់ដើម្បីធ្វើឱ្យសហគមន៍ទទួលបាននូវស្នាមញញឹមនិងដីប្រកបដោយសុវត្ថិភាពតាមរយៈគុណតម្លៃនៃលទ្ធផលទទួលបានពីការបោសសម្អាតមីន។
ឯកឧត្តមបណ្ឌិត លី ធុជ បានគូសបញ្ជាក់ទៀតថា កម្ពុជា ស្គាល់យ៉ាងច្បាស់នូវការឈឺចាប់និងទុក្ខវេទនាដោយសារសង្រ្គាមអស់ជាច្រើនទសវត្សរ៍ ដែលបានឆក់ប្លន់អាយុជីវិត និងដៃជើងរបស់ប្រជាជនរបស់ខ្លួន ព្រមទាំងបដិសេធមិនឱ្យប្រជាជនអាចប្រើប្រាស់ដីសម្រាប់ការអភិវឌ្ឍនិងធ្វើឱ្យខ្ទេចខ្ទាំនូវក្តីសុបិន្តរបស់ប្រជាជន ទៀតផង។ ទោះបីមានភាពភាពលំបាកយ៉ាងណា ក៏ដោយ កម្ពុជា នៅតែបន្តមានក្តីសង្ឃឹម ដែលក្តីសង្ឃឹមនេះ ដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមីន រួមជាមួយប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករជាតិ-អន្តរជាតិ និងការងារពោរពេញដោយសេចក្តីក្លាហានរបស់អ្នកដោះមីន និងសាមគ្គីភាពរបស់សហគមន៍អន្តរជាតិ។
នៅក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានសម្តែងនូវការពេញចិត្តចំពោះកងទ័ពជើងគោក មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព អង្គភាពស៊ីម៉ាក់ និងប្រតិបត្តិករដទៃទៀត រួមជាមួយសហគមន៍ផ្តល់ជំនួយ ដែលបានឈរជាមួយកម្ពុជាអស់ជាង៣ទសវត្សរ៍ និងធ្វើជាដៃគូពិតប្រាកដរបស់កម្ពុជា ក៏ដូចជាបានឆ្លងកាត់និងតស៊ូជាមួយកម្ពុជា ជំនះរាល់ឧបសគ្គ និងទទួលបានជោគជ័យយ៉ាងស្ងាត់ស្ងៀមព្រមទាំងបានជួយផ្លាស់ប្តូរពីដីមីន ទៅជាដីស្រែ ដីចម្ការ ដីដាំដុះ ដីមានចំណូលខ្ពស់ ជាពិសេសប្រែក្លាយពីដីមីន ទៅជាដីមាស និងដីពោរពេញដោយក្តីសង្ឃឹម និងមានអនាគតរុងរឿង៕




