អភិបាលខេត្តបន្ទាយមានជ័យស្នើសុំអភិបាលខេត្តស្រះកែវឱ្យអនុវត្តនូវគោលការណ៍៤ចំណុចដែលបានដាក់ជូនក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥
អភិបាលខេត្តបន្ទាយមានជ័យស្នើសុំអភិបាលខេត្តស្រះកែវឱ្យអនុវត្តនូវគោលការណ៍៤ចំណុចដែលបានដាក់ជូនក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥
អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី បានផ្ញើលិខិតចុះថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីគោរពជូនឯកឧត្តម អភិបាលខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃស្តីពីការស្នើសុំឱ្យអនុវត្តនូវគោលការណ៍ចំនួន៤ចំណុចដែលរដ្ឋបាលខេត្តបន្ទាយមានជ័យ បានដាក់ជូនក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្នាក់ការច្រកទ្វារអន្តរ ជាតិប៉ោយប៉ែត នៃព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងលិខិតនោះបានបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្នាក់ការច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលខេត្តបន្ទាយមានជ័យ បានស្នើសុំទៅភាគីខេត្តស្រះកែវ ចំនួន៤ចំណុចរួមមាន៖
1- ស្នើសុំរក្សាស្ថានភាពដើម ដោយគោរពឱ្យបានម៉ឺងម៉ាត់តាមកិច្ចព្រមព្រៀងបទឈប់បាញ់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញGBC កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ លទ្ធផលនៃកិច្ចប្រជុំ RBC នាពេលកន្លងមក និងលទ្ធផលនៃកិច្ចប្រជុំពិសេស GBC កាលពីថ្ងៃ ទី១០ ខែកញ្ញា ឆ្នាំ២០២៥ ហើយមិនត្រូវពង្រីកវិសាលភាពនៃបញ្ហា ឬការខ្វែងគំនិតគ្នាដោយរង់ចាំដំណោះស្រាយរបស់គណៈកម្មការចំរុះព្រំដែន(JBC) នៃប្រទេសទាំងពីរកម្ពុជា-ថៃ នាពេលខាងមុខ។
2- ដោយគោរពតាមគោលការណ៍ច្បាប់អន្តរជាតិជាពិសេស MOU ឆ្នាំ២០០០ និង TOR ឆ្នាំ២០០៣ ភាគីថៃត្រូវឱ្យប្រជាពលរដ្ឋកម្ពុជាចូលទៅរស់នៅក្នុងផ្ទះរបស់ពួកគាត់វិញ និងត្រូវដោះបន្លាលួស ស្បៃ និងកង់ឡានចេញពីទីតាំងដែលថៃបានដាក់។
3- ស្នើសុំភាគីថៃជៀសវាងការធ្វើសកម្មភាពផ្សេងៗដូចជា៖ ការដាក់បន្លាលួសបន្ថែម ការចេញបណ្ណកម្មសិទ្ធិ ការធ្វើឱ្យប៉ះពាល់ដល់ផ្ទះសម្បែង និងទ្រព្យសម្បត្តិប្រជាជនដែលនៅជាប់ក្នុងបន្លាលួស និងធ្វើសកម្មភាពផ្សេងទៀតនៅលើទីតាំង ឬតំបន់ដែល JBC នៃភាគីទាំងពីរពុំទាន់បានឯកភាពគ្នា។
4- ករណីដែលពុំមែនជាភារកិច្ច និងសមត្ថកិច្ចរបស់រដ្ឋបាលខេត្ត ត្រូវបញ្ជូនទៅ GBC ឬ JBC។
នៅក្នុងលិខិតនោះដែរ ក៏បានស្នើសុំអភិបាលខេត្តស្រះកែវ សហការចូលរួមអនុវត្តដើម្បីបញ្ជៀសការផ្សព្វផ្សាយព័ត៌មានមិនពិត ព័ត៌មានក្លែងក្លាយ ការចោទប្រកាន់ និងការប្រើប្រាស់ពាក្យសម្តីញុះញង់ ឈានដល់ការកាត់បន្ថយភាពតានតឹង និងលើកកម្ពស់បរិយាកាសអំណោយផលសម្រាប់កិច្ចចរចាដោយសន្តិវិធី៕
