សម្ដេចតេជោ ហ៊ុន សែន ពន្យល់អំពីសារបាននៃបញ្ហាព្រំដែនកម្ពុជា-ថៃទៅកាន់មេបញ្ជាការកងទ័ពភូមិន្ទព្រុយណេ និងសង្ឃឹមថាព្រុយណេបន្ដតាមដាននិងជំរុញការគោរពកិច្ចព្រមព្រៀងបទឈប់បាញ់
សម្ដេចតេជោ ហ៊ុន សែន ពន្យល់អំពីសារបាននៃបញ្ហាព្រំដែនកម្ពុជា-ថៃទៅកាន់មេបញ្ជាការកងទ័ពភូមិន្ទព្រុយណេ និងសង្ឃឹមថាព្រុយណេបន្ដតាមដាននិងជំរុញការគោរពកិច្ចព្រមព្រៀងបទឈប់បាញ់
សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ បានពន្យល់អំពីសារបាននៃបញ្ហាព្រំដែនកម្ពុជា-ថៃទៅកាន់មេបញ្ជាការកងទ័ពភូមិន្ទព្រុយណេ និងសង្ឃឹមថា ព្រុយណេបន្ដតាមដានជំរុញការគោរពបទឈប់បាញ់ឱ្យបានជាដាច់ខាត។ សម្ដេចតេជោ បានលើកឡើងដូចនេះក្នុងជំនួបជាមួយ ឧត្តមសេនីយ៍ទោ Dato Paduka Seri Haji Muhammad Haszaimi Bin Bol Hassan អគ្គមេបញ្ជាការកងទ័ពភូមិន្ទព្រុយណេ នៅវិមានព្រឹទ្ធសភា។
ក្នុងជំនួបនោះដែរ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងក្ដីរីករាយ និងការស្វាគមន៍ចំពោះលោកមេបញ្ជាការកងទ័ព និងគណៈប្រតិភូរបស់ព្រុយណេដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ហើយសម្ដេចបានចាត់ទុកវត្តមាននេះជាផ្នែកដ៏សំខាន់ក្នុងញ៉ាំងទំនាក់ទំនងរវាងកម្ពុជា និងព្រុយណេ ជាពិសេសនៅក្នុងវិស័យយោធាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។
នាឱកាសនោះ មេបញ្ជាការកងទ័ពភូមិន្ទព្រុយណេ បាននាំយកនូវសារសួរសុខទុក្ខពីព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ ព្រះមហាក្សត្រប្រទេសព្រុយណេ ចំពោះសម្ដេចតេជោ ហ៊ុន សែន ផងដែរដោយលោកទាំងពីរគឺជាមិត្ត និងជាបងប្អូនធម៌និងគ្នា និងបានជម្រាបសម្ដេចតេជោថា ក្នុងពេលបំពេញទស្សនកិច្ចនៅកម្ពុជា នឹងក្លាយជាឱកាសមួយក្នុងការបំពេញកិច្ចការងារសំខាន់ៗបន្ថែមទៀតដើម្បីញ៉ាំងទំនាក់ទំនងវិស័យយោធារវាងកម្ពុជា និងព្រុយណេឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។
នៅក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ទៅកាន់មេបញ្ជាការកងទ័ពភូមិន្ទព្រុយណេអំពីជម្លោះព្រំដែនរវាងកម្ពុជានិងថៃ ដោយសម្ដេចបានពន្យល់អំពីសារបាននៃបញ្ហាមួយនេះ ហើយសង្ឃឹមថា ព្រុយណេនឹងបន្តតាមដានក្នុងប្រទេសក្នុងឋានៈជាសមាជិកអាស៊ាន និងខិតខំប្រឹងប្រែងជំរុញឲ្យភាគីទាំងពីររក្សានូវភាពអត់ធ្មត់ និងសន្តិវិធី ជាពិសេសដោយគោរពបទឈប់បាញ់ឲ្យបានជាដាច់ខាត ហើយសម្ដេចតេជោ ហ៊ុន សែន ក៏បានអរគុណចំពោះតួនាទីរបស់ព្រុយណេ ក្នុងឋានៈជាសមាជិកអាស៊ានដែលបានបន្ថែមនូវកម្លាំងអ្នកអង្កេតការណ៍ក្នុងការអង្កេតទៅលើស្ថានភាពព្រំដែនកម្ពុជានិងថៃដែលបានកំពុងកើតមានឡើងផងដែរ៕




