ខ្មែរប៉ុស្ដិ៍ Close

នគរបាលជាតិកម្ពុជា និងនគរបាលភូមិន្ទថៃ ឯកភាព​បង្កើត​ក្រុម​ការងារ ដើម្បី​បន្ត​ពិភាក្សា​រៀប​ចំផែន​ការ​សកម្មភាព​ពាក់​ព័ន្ធ​នឹងការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន

ដោយ៖Sreyleak | ថ្ងៃពុធ ទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ព័ត៌មានទូទៅ 354
នគរបាលជាតិកម្ពុជា និងនគរបាលភូមិន្ទថៃ ឯកភាព​បង្កើត​ក្រុម​ការងារ ដើម្បី​បន្ត​ពិភាក្សា​រៀប​ចំផែន​ការ​សកម្មភាព​ពាក់​ព័ន្ធ​នឹងការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន នគរបាលជាតិកម្ពុជា និងនគរបាលភូមិន្ទថៃ ឯកភាព​បង្កើត​ក្រុម​ការងារ ដើម្បី​បន្ត​ពិភាក្សា​រៀប​ចំផែន​ការ​សកម្មភាព​ពាក់​ព័ន្ធ​នឹងការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន

 

 

(AKP) នគរបាលជាតិកម្ពុជា ដែលដឹកនាំដោយ ឯកឧត្តម​ឧត្តម​សេនីយ៍​ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិកម្ពុជា បានជួបប្រជុំជាមួយនគរបាលភូមិន្ទថៃដែលដឹកនាំដោយនាយឧត្តមសេនីយ៍ Thatchai Pitaneelaboot អគ្គាធិការ​ជាន់ខ្ពស់​នៃនគរ​បាលភូមិន្ទថៃ នៅខេត្តស្រះកែវ ប្រទេសថៃ ដើម្បីពិនិត្យ​លើការ​ពង្រឹង​កិច្ចសហការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន។ 

ចាប់ផ្តើមនៅម៉ោង ១០ព្រឹក ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ កិច្ចប្រជុំបានបញ្ចប់នៅម៉ោង ៨យប់ នាថ្ងៃដដែល ដោយភាគីទាំងពីរបានអនុម័តរបៀបវារៈនៃកិច្ចប្រជុំស្តីពីការបង្កើតផែនការសកម្មភាពសម្រាប់កិច្ចសហប្រតិបត្តិការលើការទប់ស្កាត់ និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែនរួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងជួញដូរមនុស្ស កម្ពុជា-ថៃ លើកទី១។ 

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងស្របតាមស្មារតីនៃកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅខេត្តកោះកុង កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ដែលបានជំរុញការពង្រឹងកិច្ចសហប្រតិបត្តិការនៅគ្រប់កម្រិតរវាងអាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំងពីរ ដើម្បីបង្ការនិងបង្ក្រាបបទល្មើសឆ្លងដែន និងកំណត់ថា ក្រសួងមហាផ្ទៃនិងនគរបាលជាតិនៃប្រទេសទាំងពីរនឹងជួបគ្នាក្នុងរយៈពេល ១ សបា្តហ៍ ដើម្បីបង្កើតក្រុមការងារចម្រុះដែលទទួលភារកិច្ចលើការរៀបចំផែនការសកម្មភាពពាក់ព័ន្ធនឹងការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន។ 

ភាគីទាំងពីរបានឯកភាពគ្នាបង្កើតក្រុមការងារ ដើម្បីបន្តពិភាក្សាក្នុងការរៀបចំផែនការសកម្មភាពពាក់ព័ន្ធនឹងការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន រួមទាំងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការជួញដូរមនុស្ស។  

ជាមួយគ្នានេះភាគីទាំងពីរ ត្រៀមអនុវត្តកិច្ចសហប្រតិបត្តិការនេះដោយគោរពគ្នាទៅវិញទៅមក ដោយឈរលើស្មារតីកិច្ចសហប្រតិបត្តិការល្អ គោរពតាមច្បាប់ និងអធិបតេយ្យ នៃប្រទេសរៀងៗខ្លួន។   

សូមជម្រាបជូនថា រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាប្រយុទ្ធប្រឆាំងរាល់បទល្មើសឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ជាមួយគ្នានេះ កម្ពុជាសង្ឃឹមថា រដ្ឋាភិបាលថៃនឹងធ្វើការប្តេជ្ញាចិត្តដូចកម្ពុជាផងដែរ ដើម្បីធានាសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋរៀងៗខ្លួន ខណៈពេលដែលការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បាននិងកំពុងកើនឡើងគួរឱ្យព្រួយបារម្ភនៅក្នុងតំបន់ ក៏ដូចជាសកលលោកទាំងមូល។

 

អត្ថបទទាក់ទង