ខ្មែរប៉ុស្ដិ៍ Close

ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិនបង្ហាញការគាំទ្រកិច្ចព្រមព្រៀងបទឈប់បាញ់រវាងប្រទេសកម្ពុជានិងថៃ យន្តការសង្កេតការណ៍អាស៊ានដែលដឹកនាំដោយម៉ាឡេស៊ីនិងការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT)

ដោយ៖Sreyleak | ថ្ងៃចន្ទ ទី១ ខែកញ្ញា ឆ្នាំ២០២៥ ព័ត៌មានទូទៅ 415
ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិនបង្ហាញការគាំទ្រកិច្ចព្រមព្រៀងបទឈប់បាញ់រវាងប្រទេសកម្ពុជានិងថៃ យន្តការសង្កេតការណ៍អាស៊ានដែលដឹកនាំដោយម៉ាឡេស៊ីនិងការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT) ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិនបង្ហាញការគាំទ្រកិច្ចព្រមព្រៀងបទឈប់បាញ់រវាងប្រទេសកម្ពុជានិងថៃ យន្តការសង្កេតការណ៍អាស៊ានដែលដឹកនាំដោយម៉ាឡេស៊ីនិងការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT)

 

 

ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន បានបញ្ជាក់សាជាថ្មីនូវការគាំទ្ររបស់ប្រទេសចិនចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់រវាងប្រទេសទាំងពីរកម្ពុជា-ថៃ យន្តការសង្កេតការណ៍អាស៊ានដែលដឹកនាំដោយម៉ាឡេស៊ី និងការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិស្តីពីជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង ក្នុងឱកាសកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃបូក ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥។

ក្នុងជំនួបនាឱកាសនោះ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង ក៏បានប្រកាសផងដែរថា ប្រទេសចិននឹងផ្តល់ជំនួយមនុស្សធម៌ដល់កម្ពុជា ដើម្បីគាំទ្រដល់ការកសាងឡើងវិញ និងការស្តារជីវភាពសម្រាប់សហគមន៍ដែលរងផលប៉ះពាល់ដោយជម្លោះប្រដាប់អាវុធ នាពេលថ្មីៗនេះ។ 

ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះតួនាទីដ៏សំខាន់ និងប្រកបដោយការស្ថាបនារបស់ប្រទេសចិន ក្នុងការសម្របសម្រួលកិច្ចសន្ទនារវាងកម្ពុជា និងថៃ ដើម្បីដោះស្រាយស្ថានការណ៍ព្រំដែនដោយសន្តិវិធី និងបានគូសបញ្ជាក់ថា ការគាំទ្រឥតងាករេរបស់ប្រទេសចិនសម្រាប់ការអនុវត្តពេញលេញនៃកិច្ចព្រមព្រៀងបទឈប់បាញ់ យន្តការត្រួតពិនិត្យរបស់អាស៊ានដែលដឹកនាំដោយប្រទេសម៉ាឡេស៊ី និងការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ានដំបូង(AOT) គឺមិនអាចខ្វះបានក្នុងការស្តារសន្តិភាព ស្ថិរភាពនិងប្រក្រតីភាពនៅតាមព្រំដែន។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានាធិបតីសម្រាប់ជំនួយមនុស្សធម៌ដ៏សប្បុរសដែលមានសារៈសំខាន់ក្នុងការកសាងឡើងវិញនូវសហគមន៍ដែលរងការខូចខាតដោយសារជម្លោះប្រដាប់អាវុធនិងសម្រាលទុក្ខលំបាកដែលប្រជាពលរដ្ឋ នៅតំបន់រងផលប៉ះពាល់បានប្រឈម។

ជាទីបញ្ចប់នៃជំនួបនោះដែរ ថ្នាក់ដឹកនាំទាំងពីរបានបញ្ជាក់សារជាថ្មីពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលើកកម្ពស់ទំនាក់ទំនងកម្ពុជា-ចិនឱ្យកាន់តែមានកម្រិតខ្ពស់បន្ថែមទៀត។ ថ្នាក់ដឹកនាំទាំងពីរក៏បានសន្យាបន្តធ្វើការយ៉ាងជិតស្និទ្ធដើម្បីធានាភាពជាដៃគូឱ្យទទួលបានផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជនទាំងពីរនិងរួមចំណែកយ៉ាងសំខាន់ដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់និងពិភពលោក៕

អត្ថបទទាក់ទង