ខ្មែរប៉ុស្ដិ៍ Close

អ្នកនាំពាក្យក្រសួងការបរទេស៖ កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការគោរពបទឈប់បាញ់ដែលជាតម្រូវការមនុស្សធម៌និងទាមទារឱ្យភាគីថៃបញ្ឈប់ការធ្វើសកម្មភាពដែលអាចប៉ះពាល់ដល់បទឈប់បាញ់

ដោយ៖Sreyleak | ថ្ងៃអាទិត្យ ទី៣១ ខែសីហា ឆ្នាំ២០២៥ ព័ត៌មានទូទៅ 405
អ្នកនាំពាក្យក្រសួងការបរទេស៖ កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការគោរពបទឈប់បាញ់ដែលជាតម្រូវការមនុស្សធម៌និងទាមទារឱ្យភាគីថៃបញ្ឈប់ការធ្វើសកម្មភាពដែលអាចប៉ះពាល់ដល់បទឈប់បាញ់ អ្នកនាំពាក្យក្រសួងការបរទេស៖ កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការគោរពបទឈប់បាញ់ដែលជាតម្រូវការមនុស្សធម៌និងទាមទារឱ្យភាគីថៃបញ្ឈប់ការធ្វើសកម្មភាពដែលអាចប៉ះពាល់ដល់បទឈប់បាញ់

 

ថ្លែងនៅក្នុងឱកាសធ្វើសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្ដីពី«លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» ដែលធ្វើនៅទីស្តីការគណៈរដ្ឋមន្ត្រី នៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានថ្លែងថា កម្ពុជាសូមធ្វើការអះអាងជាថ្មីម្តងទៀតនូវការតាំងចិត្តដោយឥតងាករេរបស់ខ្លួនក្នុងការអនុវត្តដោយពេញលេញនិងប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងឈប់បាញ់ដែលសម្រេចបានកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅភូត្រាចាយ៉ា ដែលសម្របសម្រួលដោយប្រទេសម៉ាឡេស៊ី ជាមួយនឹងការចូលរួមដ៏សកម្មរបស់សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិនព្រមទាំងការគាំទ្រយ៉ាងខ្លាំងរបស់បណ្ដាដៃគូក្នុងតំបន់និងអន្តរជាតិ ដែលកិច្ចព្រមព្រៀងឈប់បាញ់នេះក៏ត្រូវបានអះអាងជាថ្មីម្ដងទៀត នៅក្នុងកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការកិច្ចការព្រំដែនទូទៅកម្ពុជា-ថៃ(GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

ឯកឧត្តម ជុំ សុន្ទរី បានថ្លែងបន្តថា កម្ពុជាមានការសោកស្ដាយចំពោះការរំលោភបំពានជាបន្តបន្ទាប់ដោយភាគីថៃ បានធ្វើឲ្យប៉ះពាល់ដល់កិច្ចព្រមព្រៀងឈប់បាញ់ដ៏ផុយស្រួយ និងបានបង្កជាហានិភ័យ មិនត្រឹមតែចំពោះយោធាតែប៉ុណ្ណោះទេតែក៏ចំពោះអាយុជីវិតរបស់ពលរដ្ឋស៊ីវិលរាប់ពាន់នាក់ដែលកំពុងរស់នៅតាមបណ្ដាខេត្តជាប់ព្រំដែន។ ចំពោះបញ្ហានេះកម្ពុជាបានធ្វើការជ្រើសរើសយកការអត់ធ្មត់ជាជាងការតបតដោយបានគិតគូរថាការកើនឡើងភាពតានតឹង វានឹងធ្វើឲ្យស្ថានភាពមនុស្សធម៌កាន់តែអាក្រក់ឡើង និងធ្វើឲ្យមានប្រជាជនភៀសសឹកកើតឡើងថែមទៀត។ កម្ពុជាសូមគូសបញ្ជាក់ថា បទឈប់បាញ់គ្នាគឺជាតម្រូវការផ្នែកមនុស្សធម៌ ហើយការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់វានឹងជួយការពារអ្នកភូមិពីការវាយប្រយុទ្ធគ្នាសម្រួលដល់ការវិលត្រឡប់ប្រកបដោយសុវត្ថិភាពរបស់គ្រួសារភៀសសឹក ហើយនិងអនុញ្ញាតឲ្យបណ្តាទីភ្នាក់ងារមនុស្សធម៌ដូចជាគណៈកម្មការអន្តរជាតិនៃកាកបាទក្រហម បណ្ដាទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិនិងអង្គការក្រៅរដ្ឋាភិបាល ធ្វើការផ្តល់ជំនួយសង្គ្រោះអាយុជីវិតដល់សហគមន៍ដែលរងផលប៉ះពាល់។ ចំពោះការគោរពកិច្ចព្រមព្រៀងនេះក៏បានឆ្លុះបញ្ចាំងឲ្យឃើញពីការគោរពយ៉ាងជាប់ជាប្រចាំរបស់កម្ពុជាចំពោះបណ្តាគោលការណ៍ដែលមានចែងក្នុងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិរួមទាំងការហាមឃាត់ការប្រើប្រាស់កម្លាំងយោធា និងបង្ហាញឲ្យឃើញពីការប្តេជ្ញាចិត្តរបស់កម្ពុជានៃដំណើរការកិច្ចសន្ទនានិងដោះស្រាយដោយសន្តិវិធី។ 

នាឱកាសនោះផងដែរ ឯកឧត្តម ជុំ សុន្ទរី បានថ្លែងបញ្ជាក់ថា កម្ពុជាសូមអំពាវនាវដល់ប្រទេសថៃឲ្យបង្ហាញនូវការទទួលខុសត្រូវដោយភាពស្មោះស្ម័គ្រដោយអនុវត្តយ៉ាងពេញលេញនូវកិច្ចព្រមព្រៀងឈប់បាញ់ដែលខ្លួនបានចុះហត្ថលេខាក្នុងឋានៈជារដ្ឋភាគី និងរដ្ឋសមាជិកនៃអង្គការសហប្រជាជាតិ និងអាស៊ាន ហើយប្រទេសថៃមានកាតព្វកិច្ចត្រូវប្រកាន់ខ្ជាប់នូវការតាំងចិត្តរបស់ខ្លួនដែលបានជ្រើសរើសនៅភូត្រាចាយ៉ា និងនៅគូឡាឡាំពួរ។ កម្ពុជាទាមទារឲ្យប្រទេសថៃបញ្ឈប់នូវរាល់សកម្មភាពដែលធ្វើឲ្យប៉ះពាល់ដល់បទឈប់បាញ់ ហើយទប់ស្កាត់មិនឲ្យកើតមានឡើងថែមទៀត នូវឧបទ្ទវហេតុដែលបង្កជាគ្រោះថ្នាក់ដល់ពលរដ្ឋស៊ីវិល និងធ្វើការក្នុងភាពជាដៃគូជាមួយនិងកម្ពុជា ស្របតាមយន្តការអាស៊ានដើម្បីរក្សាសន្តិភាពនិងស្ថិរភាព៕

អត្ថបទទាក់ទង