ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញបំពេញទស្សនកិច្ចនិងចូលរួមខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិវៀតណាម

ដោយ៖Sreyleak | ថ្ងៃអាទិត្យ ទី៣១ ខែសីហា ឆ្នាំ២០២៥ ព័ត៌មានទូទៅ 276
សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញបំពេញទស្សនកិច្ចនិងចូលរួមខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិវៀតណាម សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញបំពេញទស្សនកិច្ចនិងចូលរួមខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិវៀតណាម

 

តបតាមការអញ្ជើញរបស់ ឯកឧត្តម តូ ឡឹម អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បំពេញទស្សនកិច្ចនិងចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី១-២ ខែកញ្ញា ឆ្នាំ២០២៥ នៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភាចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥។

ក្នុងឱកាសបំពេញទស្សនកិច្ចនោះដែរ សម្តេចតេជោ ប្រធានព្រឹទ្ធសភា នឹងមានជំនួបពិភាក្សាការងារដាច់ដោយឡែកពីគ្នាជាមួយថ្នាក់ដឹកនាំវៀតណាម រួមមាន ឯកឧត្តម តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ឯកឧត្តម ជិន ថាញ់មិន ប្រធានរដ្ឋសភា និងឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្ត្រី។ ជាមួយនេះដែរ សម្តេចតេជោ ប្រធានព្រឹទ្ធសភា ក៏គ្រោងជួបពិភាក្សា ការងារជាមួយថ្នាក់ដឹកនាំបរទេសដទៃទៀតដែលនឹងអញ្ជើញចូលរួមពិធីរំលឹកខួបនេះផងដែរ។

គួរបញ្ជាក់ថា នេះជាទស្សនកិច្ចលើកទី៣ នៅក្នុងឆ្នាំ២០២៥ របស់សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលជាការឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់និងការប្តេជ្ញាចិត្តខ្ពស់បំផុតពីថ្នាក់ដឹកនាំកម្ពុជា ចំពោះសារៈសំខាន់នៃការកសាងភាពជឿទុកចិត្តគ្នា និងការពង្រឹងទំនាក់ទំនង មិត្តភាពដ៏ល្អប្រសើរជាមួយប្រទេសជិតខាង នៅគ្រប់កម្រិត និងគ្រប់វិស័យ ជាពិសេសរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក្នុងគោលដៅធានាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ស្របតាមស្មារតី «ភាពជាអ្នកជិតខាង់ល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង»៕

អត្ថបទទាក់ទង