អ្នកនាំពាក្យក្រសួងការពារជាតិធ្វើសេចក្តីសង្ខេបនូវខ្លឹមសារសំខាន់ៗរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីលទ្ធផលកិច្ចប្រជុំ (GBC) នៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥!
អ្នកនាំពាក្យក្រសួងការពារជាតិធ្វើសេចក្តីសង្ខេបនូវខ្លឹមសារសំខាន់ៗរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីលទ្ធផលកិច្ចប្រជុំ (GBC) នៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥!
លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិថ្លែងក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាវេលាម៉ោង ០៤:០០ រសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ បានមានប្រសាសន៍ថា បន្ទាប់ពីកិច្ចប្រជុំ GBC បានបញ្ចប់ប្រកបដោយផ្លែផ្កា ជោគជ័យ និងជាទីគាប់ចិត្តស្របតាមការគ្រោងទុករបស់កម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាបានធ្វើសន្និសីទសារព័ត៌មានភ្លាមដើម្បីប្រកាស និងជម្រាបជូនអំពីលទ្ធផលគន្លឹះសំខាន់ៗនៃកិច្ចប្រជុំ។
លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានគូសបញ្ជាក់ថា នៅក្នុងសន្និសីទសារព័ត៌មាននោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានលើកឡើងថា គណៈប្រតិភូកម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំដោយមានគោលដៅសំខាន់ពីរ៖
– ទីមួយ យើងមកទីនេះសម្រាប់ការរៀបចំបទឈប់បាញ់ដែលមានលក្ខណៈលម្អិតដើម្បីបញ្ឈប់ការបង្ហូរឈាម បញ្ចប់ការឈឺចាប់របស់ទាហាន និងជនស៊ីវិលនៃភាគីទាំងពីរក្នុងការរក្សាគោលបំណង និងគោលការនៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ានដោយគូសបញ្ជាក់អំពីការដោះស្រាយដោយសន្តិវិធី ការគោរពគ្នាទៅវិញទៅមក គោលការណ៍សំខាន់នៃការសន្ទនា និងបញ្ឈប់ការគំរាមកំហែង ឬក៏ការប្រើប្រាស់កម្លាំង។
– ទីពីរ យើងនៅទីនេះសម្រាប់ការបង្កើតយន្តការត្រួតពិនិត្យដែលអាចទុកចិត្តបានមិនលំអៀង និងមានប្រសិទ្ធភាពសម្រាប់បទឈប់បាញ់ ជំហានទាំងនេះគឺជាវិធានការសង្រ្គោះជីវិត និងជាមូលដ្ឋានគ្រឹះសម្រាប់ការស្តារឡើងវិញនូវទំនុកចិត្ត ការជឿទុកចិត្ត និងភាពប្រក្រតីភាពរបស់ប្រទេសយើងទាំងពីរ ហើយភាគីទាំងពីរបានយល់ព្រមគោរពតាមច្បាប់មនុស្សធម៌អន្តរជាតិក្នុងការព្យាបាលទាហានដែលត្រូវបានចាប់ខ្លួនរួមទាំងស្ថានភាពរស់នៅរបស់ពួកគេ ទីជម្រក អាហារ និងការថែទាំវេជ្ជសាស្រ្តក្នុងករណីមានរបួស ប្រសិនបើភាគីម្ខាងចង់នាំយកទាហានឬជនស៊ីវិលរបស់ខ្លួនដែលរងរបួស ដែលមិនស្ថិតក្រោមការគ្រប់គ្រងរបស់ភាគីម្ខាងទៀតមកព្យាបាល នោះភាគីទទួលអាចកំណត់ការឆ្លើយតបរបស់ខ្លួនដោយផ្អែកលើសមត្ថភាពនៃគ្រឿងបរិក្ខារពេទ្យរបស់ខ្លួន រួមទាំងសម្ភារៈបរិក្ខាដែលមានស្រាប់ បុគ្គលិកឬក្រមសីលធម៌វេជ្ជសាស្រ្តតាមករណីនីមួយៗ ទាហានដែលត្រូវបានចាប់ខ្លួននឹងត្រូវដោះលែងនិងធ្វើមាតុភូមិនិវត្តន៍ភ្លាមៗ បន្ទាប់ពីបញ្ចប់សកម្មភាពអារិភាពស្របតាមមាត្រា ១១៨នៃអនុសញ្ញាទី៣ទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ និងវិធានការ ១២៨Aនៃច្បាប់មនុស្សធម៌អន្តរជាតិ ភាគីទាំងពីរបានឯកភាពគ្នាក្នុងការផ្លាស់ប្តូរព័ត៌មាននិងសម្រួលដល់ការត្រឡប់មកវិញប្រកបដោយសេចក្តីថ្លៃថ្នូរនិងទាន់ពេលវេលានៃបុគ្គលដែលទទួលមរណៈភាពនៅទីតាំងដែលព្រមព្រៀងគ្នាដោយគោរពទាំងស្រុងនូវគោលការណ៍មនុស្សធម៌និងយុត្តាធិការដោយមិនឆ្លងព្រំដែន។
អ្នកនាំពាក្យក្រសួងការពារជាតិ ក៏បានសង្កត់ធ្ងន់ថា ក្នុងស្មារតីនេះកម្ពុជាសង្ឃឹមថា ថៃនឹងដោះលែងទាហានខ្មែរដែលចាប់ខ្លួនទាំង១៨នាក់នោះមកវិញជាបន្ទាន់ដែលនេះក៏ស្របទៅនឹងការអំពាវនាវដ៏ទទូចរបស់បណ្តាប្រទេសដៃគូ និងស្ថាប័នអន្តរជាតិជាច្រើន។ បន្ថែមពីលើនេះ ក្រសួងការពារជាតិនិងកងយោធពលខេមរភូមិន្ទព្រមទាំងសហគមន៍អន្តរជាតិនឹងបន្តទាមទាររហូតដល់ថៃបំពេញកាតព្វកិច្ចរបស់ខ្លួននៅក្រោមច្បាប់អន្តរជាតិ ហើយយើងនឹងមិនទុកសមាជិកក្រុមគ្រួសារយើងណាម្នាក់ចោល និងឯកោជាដាច់ខាត កម្ពុជាបានប្តេជ្ញាចិត្តយ៉ាងច្បាស់លាស់ ម៉ឺងម៉ាត់ក្នុងការគោរព អនុវត្តប្រកបដោយឆន្ទៈ និងភាពស្មោះត្រង់ក្នុងនាមជាសមាជិករបស់សហគមន៍អន្តរជាតិមួយដែលមានការទទួលខុសត្រូវ និងគោរពច្បាប់ដោយដើម្បីធានាអនុវត្តន៍បទឈប់បាញ់ប្រកបដោយសុវត្ថិភាព និងពេញលេញ និងដោះស្រាយរាល់វិវាទដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញអាស៊ាន៕



